ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រៀមទប់ស្កាត់គ្រោះទឹកជំនន់ ខណៈឥទ្ធិពលសម្ពាធទាប និងខ្យល់កំពុងបោកបកខ្លាំង ដែលធ្វើឱ្យកម្ពុជាធ្លាក់ភ្លៀងជាបន្តបន្ទាប់។ រដ្ឋាភិបាល ក៏បានបង្កើតក្រុមការងារសម្របសម្រួលដោះស្រាយបញ្ហាទឹកជំនន់នេះផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ប្រព័ន្ធឥទ្ធិពលសម្ពាធទាប គួបផ្សំឥទ្ធិពលព្យុះទី១៤ កាហ្សីគី និងខ្យល់មូសុងនិរតីខ្លាំង បានបង្កឱ្យភ្លៀងធ្លាក់យ៉ាងគំហុកនៅក្នុងខេត្តមួយចំនួននៃកម្ពុជា។ ជាពិសេសតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ថៃ និងឡាវ។ បើតាមក្រសួងធនធានទឹក ការធ្លាក់ភ្លៀងនេះ នឹងជំរុញឱ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់យ៉ាងលឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឱ្យមានការលិចលង់នៅតាមបណ្ដាខេត ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទទួលបានព័ត៌មាននេះ បានបញ្ជាឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ត្រៀមខ្លួនទប់ស្កាត់ និងដោះស្រាយបញ្ហាទឹកជំនន់នេះ។ លិខិតប្រមុខរដ្ឋាភិបាល ចុះថ្ងៃទី៤ កញ្ញា បានសរសេរដូច្នេះថា៖«រដ្ឋាភិបាលសូមណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា តៀមទប់ទល់នឹងគ្រោះទឹកជំនន់។ កាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ»។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ កំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនហើយ ខណៈខេត្តស្ទឹងត្រែងរងគ្រោះខ្លាំងជាងគេ ដែលអាជ្ញាធរកំពុងជម្លៀសប្រជាជន ទៅកាន់ទីទួលមានសុវត្ថិភាព។ លោក កែវ វី បានអះអាងថា៖ «ខេត្តដែលប្រកាសអាសន្នមានខេត្តស្ទឹងត្រែង និងក្រចេះ ចំពោះតំបន់ជាប់ដងទន្លេមេគង្គផ្សេងទៀតកំពុងស្ថិតក្នុងការប្រកាសឲ្យមានភាពប្រុងប្រយ័ត្ន។ ចំណែកភាគខាងជើងខេត្តព្រះវិហារ ឧត្តមានជ័យ ជាការរងនូវជំនន់ទឹកភ្លៀង។ ពលរដ្ឋប្រមាណជាង១០គ្រួសារនៅខេត្តស្ទឹងត្រែង ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ នៅថ្ងៃស្អែក អាចប្រហែលត្រូវជម្លៀសពលរដ្ឋច្រើន ដោយកម្ពស់ទឹកទន្លេកាន់តែឡើង»។
ខណៈដែលខេត្តមួយចំនួនមានស្ថានលិចទឹក ក៏មានតំបន់មួយចំនួនក្នុងខេត្តសៀមរាម បន្ទាយមានជ័យ បាត់ដំបង់ និងពោធិ៍សាត់ មានការរងរាំងស្ងួតផងដែរ។ ។ នេះជាការបញ្ជាក់របស់លោក កែវ វី ដែលបន្ថែមថា អាជ្ញាធរកំពុងដោះស្រាយបញ្ហាទាំងនេះ។
ពាក់ព័ន្ធនឹងករណីគ្រោះមហន្តរាយនេះ សម្តេច ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារពីរក្រុម ដើម្បីបង្កើនប្រសិទ្ធភាពការងារសម្របសម្រួល អន្តរាគមន៍ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ។ក្រុមការងារសង្គ្រោះនៅពេលគ្រោះមហន្តរាយនេះ មានលោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាប្រធាន។នេះបើតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន ថ្ងៃទី២៦សីហា ឆ្នាំ២០១៩។
ក្រុមការងារសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយមានភារៈកិច្ចសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនក្នុងការរៀបចំនិងដាក់ចេញនូវវិធានការសង្គ្រោះគ្រោះមហន្តរាយ និងស្តារឡើងវិញ។ ក្រុមការងារមានតួនាទី កៀរគរ សម្ភារបរិក្ខារ មធ្យោបាយ ធនធានមនុស្ស និងហរិញ្ញវត្ថុ និងទទួលយកមូលនិធិ ជាវិភាគទានស្ម័គ្រចិត្ត ឬអំណោយស្ម័គ្រចិត្តពីអង្គការជាតិ អន្តរជាតិនិងសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេស សម្រាប់ការឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយ និងស្តារឡើងវិញ។ ក្រៅពីនេះ ក្រុមការងារមានភាពកិច្ចប្រមូលព័ត៌មាន និងទិន្នន័យផលប៉ះពាល់និងការខូចខាតបង្កដោយគ្រោះមហន្តរាយ ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីស្នើសុំរាជរដ្ឋាភិបាលផ្តល់អន្តរាគមន៍បន្ទាន់ និងអំពាវនាវដល់ក្រសួង ស្ថាប័ន ផ្នែកសាធារណៈ និងសង្គមស៊ីវិលឱ្យជួយក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់នៃគ្រោះមហន្តរាយ។
រីឯក្រុមការងារអន្តរាគមន៍ ប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយមានតួនាទី ចូលរួមធ្វើប្រតិបត្តិការរុករក និង សង្គ្រោះគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ។ សមាជិកនៃក្រុមការងារ ត្រូវរៀបចំនិងធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុង សម្រាប់ការឆ្លើយតបនិងការសង្គ្រោះគ្រោះមហន្តរាយតាមអង្គភាពនិងស្ថាប័នរៀងខ្លួនៗ ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមអង្គភាព។ លើសពីនេះ ក្រុមការងារត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារបិរក្ខារ ដើម្បីចូលរួមធ្វើអន្តរាគមន៍ រុករក និងសង្គ្រោះ ពេលមានគ្រោះមហន្តរាយកើតឡើង៕