អន្តរជាតិ
លោក លី សៀន​ឡុង ទទួល «​ពាន់រង្វាន់​បុរស​រដ្ឋ​ពិភពលោក​» ពី​អង្គការ​អាមេរិក​
24, Sep 2019 , 8:39 pm        
រូបភាព
លោក លី សៀនឡុង ឈរអមដោយភរិយា លោកស្រី Ho Ching អំឡុងពេលទទួលពាន់រង្វាន់  ថ្ងៃ ២៣ កញ្ញា ២០១៩ ប្រភពរូប៖ សារព័ត៌មាន TodayOnline
លោក លី សៀនឡុង ឈរអមដោយភរិយា លោកស្រី Ho Ching អំឡុងពេលទទួលពាន់រង្វាន់ ថ្ងៃ ២៣ កញ្ញា ២០១៩ ប្រភពរូប៖ សារព័ត៌មាន TodayOnline
ដោយ:
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បានទទួល​ពាន់រង្វាន់​បុរស​រដ្ឋ​ពិភពលោក (World Statesman Award) នៅ​ថ្ងៃទី​២៣ ខែកញ្ញា សម្រាប់​ដឹកនាំ​របស់លោក​ក្នុងការ​លើកស្ទួយ​សង្គម​មួយ ដោយ​ផ្អែកលើ​ពហុវប្បធម៌​និយម ។ នេះ​គឺ​សំដៅលើ សហគមន៍​ដែល​លាយឡំ​គ្រប់​ជនជាតិ​ទាំងអស់​ក្នុងប្រទេស​នេះ អាច​រក្សាបាន​នូវ​របៀបរបប​ជីវិត​ខុសប្លែក​ពីគ្នា ខណៈ​រស់នៅ​ប្រកបដោយ​សុខដុម​។



​ថ្លែង​នៅ​ពិធី​ប្រគល់​ពាន់រង្វាន់​ប្រចាំឆ្នាំ​របស់​មូលនិធិ Appeal of Conscience Foundation ក្នុង​ទីក្រុង ញូវយ៉ក លោក លី សៀន​ឡុង លើកឡើងថា គោលនយោបាយ និង​ការអនុវត្ត​របស់​សិង្ហ​បុរី បាន​បម្រើ​ប្រទេស​យ៉ាង​ល្អ​បំផុត​ក្នុងការ​បង្រួប​ប្រួម​ប្រជាជន និង​ពង្រឹង​អត្តសញ្ញាណ​ខ្លួន​ក្នុងពេល​ច្រើន​ទសវត្សរ៍​មកនេះ​។ យ៉ាងណាមិញ លោក កត់សម្គាល់ថា បញ្ហា​ប្រឈម​នៅតែ​កើតមាន ហើយ​ពួកគេ អាច​ជះឥទ្ធិពល​មកលើ​កិច្ចប្រឹងប្រែង​របស់​សិង្ហ​បុរី​ក្នុងការ​លើកកម្ពស់​សុខ​ដុម​ផ្នែក​សាសនា និង​ជាតិ​សាសន៍​។

​ពាន់រង្វាន់​ដែល​ប្រគល់​ឲ្យ​ដោយ​មូលនិធិ Appeal of Conscience Foundation ទទួលស្គាល់​បុគ្គល ដែល​គាំទ្រ​សន្តិភាព សេរីភាព និង​វឌ្ឍនភាព ព្រមទាំង​លើកកម្ពស់​សិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូ និង​ការយោគយល់​គ្នា ទាំង​ក្នុងប្រទេស​ខ្លួនឯង​ផ្ទាល់ និង​អន្តរជាតិ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​មេដឹកនាំ​ដទៃ​។

​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia  លោក Rabbi Arthur Schneier ប្រធាន​មូលនិធិ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក នេះ បាន​លើកឡើងថា លោក លី សៀន​ឡុង ត្រូវបាន​ទទួលស្គាល់​ស​ម្រា​ប់​ការគាំទ្រ​សេដ្ឋកិច្ច​ដែល​អាស្រ័យ​លើ​ចំណេះដឹង​, ប្រព័ន្ធ​អប់រំ​ដែល​ផ្តល់​ពលរដ្ឋ​សិង្ហ​បុរី​នូវ​ជំនាញ​ចាំបាច់​ដើម្បី​រស់រាន​ក្នុង​ពិភពលោក​ប្រកបដោយ​ភាព​ប្រកួតប្រជែង ក៏ដូចជា ការអនុវត្ត​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​លំដាប់​ពិភពលោក​ផងដែរ​។​

​សូមបញ្ជាក់ថា មូលនិធិ Appeal of Conscience Foundation ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៦៥ ដោយមាន​គោលដៅ​លើកកម្ពស់​សន្តិភាព ការយោគយល់ និង​ដំណោះស្រាយ​បញ្ហា​ជម្លោះជាតិសាសន៍​៕

Tag:
 សហរដ្ឋអាមេរិក​
  លី​សៀន​ឡុង​
  ពាន់រង្វាន់​បុរស​រដ្ឋ​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com