អន្តរជាតិ
គ្រួសារ​អ្នកស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ Boeing 737 បាន​ថ្លៃ​សំណង​ជាង​១៤​ម៉ឺន​ដុល្លារ​ម្នាក់​
24, Sep 2019 , 9:39 pm        
រូបភាព
ប្រភពរូប៖ Reuters
ប្រភពរូប៖ Reuters
ដោយ:
​មូលនិធិ​ជំនួយ​ហិរញ្ញវត្ថុ ៥០​លាន​ដុល្លារ​បស់​ក្រុមហ៊ុន Boeing Co នឹងត្រូវ​បង់​ដល់​ក្រុមគ្រួសារ​អ្នកស្លាប់​ទាំង​៣៤៦​នាក់ ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ប្រភេទ 737 MAX ចំនួន​២​លើក ដោយ​ម្នាក់ៗ​ទទួលបាន ១៤៤ ៥០០ ដុល្លារ​។



​មូលនិធិ ដែល​ចាត់ចែង​ដោយផ្ទាល់​ពី​សំណាក់​មេធាវី​អាមេរិក Ken Feingberg និង Camille S.Biros នឹង​ចាប់ផ្តើម​បើកប្រាក់​ដល់​សមាជិកគ្រួសា​រ​អ្នកស្លាប់​ភ្លាមៗ ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា​។ សមាជិកគ្រួសារ​រងគ្រោះ​ទាំងនោះ នឹងមិន​តម្រូវ​ឲ្យ​លះបង់​សិទ្ធិ​ក្នុង​ការប្តឹង ដែលជា​លក្ខខណ្ឌ​នៃ​ការចូលរួម​នោះទេ​។​

​ការបើកប្រាក់​នេះ ត្រូវធ្វើឡើង​មិន​ឲ្យ​ហួស​ពីថ្ងៃ​៣០ វិច្ឆិកា​ឡើយ ហើយ​លក្ខខណ្ឌ​នៃ​ការបើកប្រាក់ គឺថា ក្រុមគ្រួសារ​ជនរងគ្រោះ អាច​បើកប្រាក់​សំណង់​បាន​ក្នុងពេល ១០ ថ្ងៃ ក្រោយ​ពួកគេ​ដាក់​ពាក្យសុំ​រួចរាល់ ហើយ​ឯកសារ​ត្រូវបាន​ពិនិត្យ​ត្រឹមត្រូវ​។​

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Boeing លោក Dennis Muilenburg បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖«​យើង​បន្ត​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិកគ្រួសារ និង​មនុស្ស​ជា​ស្រលាញ់​ទាំងអស់​លើ​យន្តហោះ [​ធ្លាក់​] នោះ​។ ការបើក​មូលនិធិ​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​កិច្ចប្រឹងប្រែង​យើង​ដើម្បី​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​»​។ បន្ថែម​ពីនេះ ក្នុង​ខែកក្កដា ក្រុមហ៊ុន Boeing ក៏បាន​ប្រកាសថា ខ្លួន​មាន​ផែនការ​ចំណាយលុយ​បន្ថែម ៥០​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ការពង្រឹង​សេដ្ឋកិច្ច និង​ការអប់រំ ក្នុង​សហគមន៍​ដែល​ប៉ះពាល់​។

​សូម​បញ្ជាក់ដែរថា យន្តហោះ Boeing 737 MAX ត្រូវបាន​ផ្អាក​ការហោះហើរ ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៩​នេះ​មកម្ល៉េះ ក្រោយពី​កើតហេតុ​ការណ៍​ធ្លាក់​យន្តហោះ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី និង​អេ​ត្យូ​ពី​។ យ៉ាងណាមិញ ក្រុមហ៊ុន Boeing បានប្រកាសថា ខ្លួន​មាន​គោលដៅ​យកឈ្នះ​លើ​បណ្ដឹង​ដើម្បី​បន្ត​ការហោះហើរ​ឡើងវិញ នា​ដើម​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២០១៩​នេះ​។​

​ពាក្យបណ្តឹង​ជិត ១០០ ត្រូវបាន​ប្តឹង​ប្រឆាំង​ក្រុមហ៊ុន Boeing ដោយ​ក្រុមហ៊ុន​ច្បាប់​តំណាង​ឲ្យ​សមាជិកគ្រួសារ​អ្នកស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី ។ ជនរងគ្រោះ​ទាំងនោះ គឺ​មកពី​បណ្តា​ប្រទេស​៣៦ ផ្សេងគ្នា ដោយ​ក្នុងនោះ មាន​ប្រជាជន​អាមេរិក ៩ នាក់ និង​កាណាដា ១៩​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com