អន្តរជាតិ
ប៉ូលិស​ឥណ្ឌូណេស៊ី បំបែកហ្វូង​បាតុករ​ដែល​ប្រឆាំង​ច្បាប់​ពុករលួយ​និង​ហាម​រួមភេទ​មុន​រៀបការ​
25, Sep 2019 , 5:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ថ្មីៗ
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ប៉ូលីស​ឥណ្ឌូណេស៊ី បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បាញ់​ទឹក​ដើម្បី​បំបែក​ក្រុមអ្នកតវ៉ា នៅ​ថ្ងៃទី​២៤ កញ្ញា ខណៈ​និស្សិត​រាប់ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅតាម​ទីក្រុង​នានា​ទូទាំងប្រទេស​ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ពាក់ព័ន្ធ​អំពើពុករលួយ និង​ការហាម​ប្រាម​ការរួម​ភេទ​មុន​រៀបការ​។



​សភា​ឥណ្ឌូណេស៊ី​កាលពី​សប្តាហ៍​មុន បានអនុម័ត​ការកែប្រែ​ដ៏​ចម្រូងចម្រាស​ពាក់ព័ន្ធ​ច្បាប់​គ្រប់គ្រង​គណៈកម្មការ​លុបបំបាត់​អំពើពុករលួយ​។ នៅ​ថ្ងៃទី​២៤ ខែកញ្ញា មនុស្ស​រាប់ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅខាងមុខ និង​ខាងក្រោយ​ច្រកចូល​អគារ​សភា​ក្នុង​ទី​រដ្ឋធានី​ហ្សា​ការ​តា ដើម្បី​ទាមទារ​ជួប​ប្រធានសភា​លោក Bambang Soesatyo​។

​ប៉ូលីស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ទឹក​ដើម្បី​បំបែក​ពួកគេ​។ នៅ​ក្រៅពី​រដ្ឋធានី ការតវ៉ា​ក៏​កើត​មាននៅ​ទីក្រុង​ឯទៀត​។ ឧស្ម័ន​បង្ហូរទឹកភ្នែក​ក៏ត្រូវ​បាន​បាញ់​ទៅលើ​ក្រុមអ្នកតវ៉ា​គប់​ដុំថ្ម​នៅ Bandung ភាគ​ខាងលិច​កោះ​ជ្វា ក៏ដូចជា​នៅ Makassar នៅលើ​កោះ​ស៊ូ​ឡា​វេ​ស៊ី ខណៈដែល​ក្រុមបាតុករ​បាន​បំបែក​របាំង​នៅ​ខាងក្រៅ​ការិយាល័យ​អភិបាលខេត្ត​នៅ Semarang​។​

​ជារឿយៗ និស្សិត​ពាក់អាវ​ធំ​មាន​ពណ៌​ចម្រុះ​របស់​ពួកគេ ប្រមូលផ្តុំ​គ្នា​នៅតាម​ទីក្រុង​នានា​ទូទាំងប្រទេស​។ បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel NewAsia  អ្នក​តវ៉ា​ឈ្មោះ Fuad Wahyudin អាយុ ២១ ឆ្នាំ​និយាយថា យើង​នឹង​ទៅ​សភា​ដើម្បី​ប្រឆាំងនឹង​ច្បាប់​ថ្មី​សម្រាប់​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ដែល​មិនមែន​គាំទ្រ​ប្រជាជន​ទេ ប៉ុន្តែ​គាំទ្រ​អ្នកប្រព្រឹត្ត​អំពើពុករលួយ​។ បើ​តា​របាយការណ៍​នានា បុគ្គលិក​ប៉ូលិស​ជាង​ប្រាំ​ពាន់​នាក់ ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ​នៅ​ហ្សា​ការ​តា​។​

​អ្វី​ធ្វើ​ឲ្យ​មាន​ការតវ៉ា​នោះ គឺ​ការបង្កើត​គណៈកម្មការ​មួយទៀត​ដើម្បី​គ្រប់គ្រង​លើ​គណៈ​កម្ម​ប្រឆាំង​អំពើ​ពុល​រលួយ​។ ក្រុម​អ្នកប្រឆាំង​បារម្ភ​ថា ការណ៍​នេះ នឹងធ្វើ​ឲ្យ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​គ្មាន​ប្រសិទ្ធភាព ហើយ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ លែង​ឯករាជ្យ​ដូច​មុន​។

​ក្រៅពី​ច្បាប់​ទាក់ទង​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ បាតុករ​ក៏​ប្រឆាំង​វិ​សោធ​កម្ម​ក្រមព្រហ្មទណ្ឌ​​ដែលមាន​គោលដៅ​ដាក់ពិន័យ​ចំពោះ​ការរួម​ភេទ​មុន​រៀប​អាពាហ៍ពិពាហ៍ ការប្រមាថ​សេចក្តីថ្លៃថ្នូរ​របស់​ប្រធានាធិបតី និង​បញ្ញត្តិ​ដែល​ចែង​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ​ចំពោះ​ការ​រំលូតកូន​ក្នុងករណី​គ្មាន​ការសង្គ្រោះ​បន្ទាន់ ឬ​ការរំលោភ​សេពសន្ថវៈ​ជាដើម​។ គេ​បារម្ភ​ថា សំណើ​ច្បាប់​នេះ នឹង​ប៉ះពាល់​ខ្លាំង​ដល់​សេរីភាព​របស់​ប្រជាជន​ឥណ្ឌូណេស៊ី​។​

​យ៉ាងណាមិញ ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បានចេញ​បញ្ជា​ឲ្យ​ផ្អាក​សំណើ​វិសោធន​កម្មនេះ​សិន​៕


© រក្សាសិទ្ធិដោយ thmeythmey.com