កីឡាអន្តរជាតិ
អន្តរជាតិ
Yokohama ទិញ​ផ្តាច់​យក​ខ្សែការពារ​ថៃ Theerathon ក្នុងតម្លៃ​១,១៦​លាន​ដុល្លារ​
25, Dec 2019 , 5:07 pm        
រូបភាព
​ក្រុម Yokohama F. Marino ដែល​ទើប​ឈ្នះ​ជើងឯក​លី​គ​កីឡាបាល់ទាត់​កំពូល​ជប៉ុន J.League រដូវ​កាល​២០១៩​នេះ បានសម្រេច​ទិញ​ផ្តាច់​យក​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​ថៃ Theerathon Bunmathan ក្រោយ​ផុត​កិច្ចសន្យា​ខ្វី​ជើង​ពី​ក្រុម SCG Muang Thong United​។ Theerathon នឹងចូលរួម​ជាមួយ​ក្លិប​នៅ​ជប៉ុន​រយៈពេល​៣​ឆ្នាំ ជាមួយ​តម្លៃ​ផ្ទេរ ៣៥​លាន​បាត (១,១៦​លាន​ដុល្លារ​អាមេរិក​)​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​


 
Theerathon វ័យ​២៩​ឆ្នាំ ដែលជា​អតីត​កីឡាករ​ក្រុម​ជើងឯក​លី​គ​កំពូល​ថៃ SCG Muang Thong United ត្រូវបាន​គេ​ជឿជាក់ថា​នឹង​ទទួលបាន​ថ្លៃឈ្នួល​ចំនួន ១,២​លាន​បាត (៤​ម៉ឺន​ដុល្លារ​) ក្នុង​មួយខែ​ពី​ក្រុម Yokohama F Marinos ដែល​ខ្លួន​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាលនោះ​។​
 
​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​ថៃ​រូបនេះ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ Yokohama ឈ្នះ​ជើងឯក J.League ជា​លើកដំបូង​នៅ​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ​។ នេះ​ក៏​មានន័យថា Theerathon ជា​កីឡាករ​ថៃទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ឈ្នះ​ពាន​លី​គ​កីឡាបាល់ទាត់​កំពូល​ជប៉ុន​ផងដែរ​។​


 
«Muang Thong United បាន​យល់ព្រម​តាម​ការផ្តល់ជូន​របស់ Yokohama F Marinos ដោយ​អនុញ្ញាត​ខ្សែការពារ Theerathon Bunmathan ទៅកាន់​ទឹកដី​ជប៉ុន​ជា​អចិន្ត្រៃយ៍​តែម្តង​។ គាត់​គឺជា​កីឡាករ​សំខាន់​ម្នាក់​ដែល​ជួយ Yokohama ឈ្នះ​ពាន J-League»​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រភព​គួរ​ឲ្យ​ទុកចិត្ត​។​
 
​ដោយ​សារភាព​អស្ចារ្យ​នេះ​ក៏បាន​ធ្វើ​ឲ្យ Theerathon ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ FA Thailand Awards ប្រចាំឆ្នាំ​២០១៩​នេះ​ផងដែរ​។​
 
​បច្ចុប្បន្ននេះ​ក្រៅពី Theerathon មាន​កីឡាករ​ថៃ​ពី​រូប​ផ្សេងទៀត​កំពុង​ប្រកប​អាជីព​នៅ J.League ផងដែរ​។ ខ្សែបម្រើ Chanathip Songkrasin កំពុង​លេង​ឲ្យ​ក្លិន Consadole Sapporo ហើយ Thitipan Puangchan លេង​ឲ្យ​ក្រុម Oita Trinita ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទាំង​ពីររូប​៕

Tag:
 Yokohama F. Marino
  J.League
  Theerathon Bunmathan
© រក្សាសិទ្ធិដោយ thmeythmey.com