អន្តរជាតិ
​លោកស្រី​មឺ​ហ្គែ​ល​៖ កំណើន​កម្តៅ​ផែនដី គឺជា​ការគំរាមកំហែង​ដល់​មនុស្ស​ជំនាន់​ក្រោយ​
31, Dec 2019 , 7:39 pm        
រូបភាព
លោកស្រីអធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល ថ្លែងសុន្ទរកថា ក្នុងឱកាសចូលឆ្នាំថ្មី។ រូបភាព៖Reuters
លោកស្រីអធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល ថ្លែងសុន្ទរកថា ក្នុងឱកាសចូលឆ្នាំថ្មី។ រូបភាព៖Reuters
​លោកស្រី​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល នៅ​ថ្ងៃទី​៣០ ខែធ្នូ បានទទួល​ស្គាល់​បម្រែបម្រួល​អាកាស​ធាតុពិត​ជាមាន​មែន ហើយ​អ្នកនយោបាយ​ទាំងអស់ ត្រូវតែ​ខ្វាយខ្វល់​ពី​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ប្រឈម​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ។ ទន្ទឹមគ្នានេះ អធិការបតី​អាល្លឺម៉ង់​បាន​បន្តថា លោកស្រី​នឹង​ប្រើ​កម្លាំង​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​អាក្រក់​មួយ​នេះ​។


 
​តាមរយៈ​កម្មវិធី​ថត​ទុក​សម្រាប់​ចាក់ផ្សាយ​នា​ថ្ងៃទី​៣១ ខែធ្នូ ពេល​ល្ងាច​ដើម្បី​អបអរ​ចូលឆ្នាំថ្មី លោកស្រី​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល បានទទួល​ស្គាល់​ពី​ផលវិបាក​នៃ​កំណើន​កម្ដៅ​ផែនដី ដែល​ប៉ះពាល់​ទាំង​មនុស្ស​សម័យ​បច្ចុប្បន្ន ហើយ​កំពុង​គំរាមកំហែង​អ្នកជំនាន់ក្រោយ​។ ក្នុងនេះ​ន័យ លោកស្រី​អធិការបតី បាន​លើកឡើងថា ការកើនឡើង​កម្តៅ​ភពផែនដី និង​បញ្ហា​ជាច្រើន​ទៀត ដែល​កើតចេញពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ គឺ​សុទ្ធតែ​បង្កើតឡើង​ដោយ​មនុស្ស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បើតាម​លោកស្រី មឺ​ហ្គែ​ល មនុស្ស​គ្រប់ៗ​រូប ត្រូវតែ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​នេះ និង​ធ្វើ​អ្វី​តាម​ដែល​មនុស្ស​គ្រប់រូប អាចធ្វើ​ទៅបាន​។ ដោយ​អះអាងថា លោកស្រី​មិន​ធ្លាប់មាន​បទពិសោធ​ពី​ការ​ទទួលរង​ផលវិបាក​ពី​ការ​បម្រែបម្រួល​អាកាសធាតុ លោកស្រី​អធិការបតី បាន​ទទូច​ឲ្យ​អ្នកនយោបាយ​ទាំងអស់​ត្រូវតែ​ខ្វល់ និង​ចាត់វិធានការ ដោះស្រាយ​បញ្ហា​មួយ​នេះ ព្រោះ​នៅពេល​អនាគត ផលវិបាក​ដែល​កើតចេញពី​បញ្ហា​នេះ នឹង​កើតឡើង​ជាមិនខាន​។​
 
​ជាមួយគ្នានេះ លោកស្រី​អធិការបតី​អាល្លឺម៉ង់​មាន​វ័យ ៦៥​ឆ្នាំ លើកឡើង​ដែរ​ថា បើ​មនុស្ស​ទាំងឡាយ​នៅតែ​មិន​អើពើ​ពី​បម្រែបម្រួល​អាកាសធាតុ មនុស្ស​ជំនាន់​ក្រោយ នឹង​រស់នៅក្នុង​ស្ថានភាព​លំបាក ដែល​កើតចេញពី​បម្រែបម្រួល​អាកាសធាតុ​។ ដោយនិយាយ​មិន​ត្រឹមតែ​ជំរុញ​មនុស្ស​គ្រប់រូប​ចូលរួម​ទេ លោកស្រី មឺ​ហ្គែ​ល​ថា លោកស្រី នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធានាថា អាល្លឺម៉ង់ នឹង​បរិចាគ​ធនធាន​របស់ខ្លួន​។​ពោលគឺ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ស្ថិតក្រោម​ការគ្រប់គ្រង​បាន​។ 
 
​បញ្ហា​បម្រែបម្រួល​អាកាស នៅតែ​មិនមាន​ជា​ប្រធានបទ​អាទិភាព​ឡើយ សម្រាប់​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក ទោះជា​ផល​វិ​បាល​របស់​វា​ស្ដែងចេញ​រាល់ថ្ងៃ​ក៏ដោយ​។ ក្នុង​សន្និសីទ​លើក​ទី​២៥ ស្តីពី​ការដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ (COP25)  ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២ ដល់ ១៦ ខែធ្នូ នាទី​ក្រុង​ម៉ា​ឌ្រី​ដ អេ​ស្ប៉ា​ញ គឺ​ទទួលបាន​លទ្ធផល​តែ​បន្តិច​ប​ន្ទួ​ច​តែប៉ុណ្ណោះ ព្រោះ ក្រុម​ប្រទេស​ធំៗ​ដូចជា​ប្រេ​ស៊ី​ល ឥណ្ឌា​ជាដើម បាន​ច្រានចោល​គម្រោង​ធំៗ ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​កាបូ​និក​។ ចំណែក​បញ្ហាសំខាន់ៗ​ជាច្រើន នៅតែ​មិនទាន់បាន​ដោះស្រាយ​ដដែល ៕ 

Tag:
 អាល្លឺម៉ង់​
  អែន​ជែ​ឡា មឺ​ហ្គែ​ល
© រក្សាសិទ្ធិដោយ thmeythmey.com