កីឡាជាតិ
ជាតិ
លោក ថោង ខុន​៖ កម្ពុជា​និង​ចិន ជា​មិត្ត​ដែកថែប ដែល​គ្មាន​ថ្ងៃ​ប្រេះស្រាំ​
25, Jan 2020 , 12:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនកន្លងទៅ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនកន្លងទៅ
ដោយ:
​ភ្នំពេញ​៖ ចិន​គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ ក្នុង​ការជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន បាន​ឈានដល់​ចំណុចកំពូល​យុទ្ធសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​។

 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បានចាត់ទុក​ចិន គឺជា​ដៃគូ​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា ទាំង​ផ្នែក​អចលនទ្រព្យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​។ លើសពីនេះ លោក បាន​ប្រៀបធៀប​ទំនាក់ទំនងរ​វាង​ប្រទេស​ទាំងពីរ​ទៅនឹង​ដែកថែប ដែល​តំណាង​ឲ្យ​ភាពរឹងមាំ និង​ស្ថិតស្ថេរ​គ្មាន​ថ្ងៃ​ប្រេះស្រាំ​។  
 
​ការលើកឡើង​ខាងលើ​ធ្វើឡើង​ពេល លោក ដឹកនាំ​ប្រតិភូ​អន្តរក្រសួង​ផ្នែក​បច្ចេកទេស​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​ទស្សនកិច្ច​ការដ្ឋាន​សាងសង់​ទីលាន​បាល់ទាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន កាលពីពេល​កន្លងទៅ​។ 
 
«​ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​ចិន​បាន​ឈានដល់​ចំណុចកំពូល​យុទ្ធសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ​។ ប៉ុន្តែ​បច្ចុប្បន្ន​ចិន​គេ​ប្រើពាក្យ​មួយ​ថា កម្ពុជា​ជា​មិត្ត​ដែកថែប ដែល​គ្មាន​ថ្ងៃ​ប្រេះស្រាំ និង​រឹងមាំ​ជា​រៀងរហូត​»​។ លោក ថោង ខុន លើកឡើង​ដូច្នេះ​ក្រោយ​មានការ​ចោទសួរ​ពី​អ្នកសារព័ត៌មាន ពាក់ព័ន្ធ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​នាពេល​បច្ចុប្បន្ន​។ 
 
​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ ជឿជាក់ថា ចំណងមិត្តភាព​កម្ពុជា​-​ចិន នឹង​អាច​ឈានដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។ លោក ក៏​ជឿជាក់​ផងដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​រក្សា​ភាពរឹងមាំ ស្ថិតស្ថេរ​គង់វង្ស យូរអង្វែង និង​មាន​និរន្តរ​ភាពជា​រៀងរហូត​។   
 
«​ចិន​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​សម្រាប់​កម្ពុជា​ទាំង​ការវិនិយោគ សំណង់ សេដ្ឋកិច្ច ទេសចរណ៍ និង​ពាណិជ្ជកម្ម​ផ្សេងៗ​។ ហើយ​ចិន​នឹង​នៅ​ជាមួយ​កម្ពុជា ដើម្បី​ជួយ​ឲ្យ​ប្រជាជនមាន​ជីវភាព​រីកចម្រើន និង​កម្ពុជា​មានការ​អភិវឌ្ឍ ដែល​នេះ​ជា​គោលដៅ​ដ៏​មហិមា និង​មោទកភាព​បំផុត​សម្រាប់​យើង​»​។ នេះ​ជាការ​បន្ថែម​របស់លោក ថោង ខុន​។ 
 
​បច្ចុប្បន្ន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សាងសង់​បាន​៨០​ភាគរយ​ហើយ ដោយ​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២០​។ កីឡដ្ឋាន​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជាង​១៥៧​លាន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។ កីឡដ្ឋាន​នេះ​សាងសង់​លើ​ផ្ទៃ​ទំហំ​ជាង​១៦​ហិកតា ដែល​អាច​ផ្ទុក​អ្នកគាំទ្រ​បាន​ប្រមាណ​៦​ម៉ឺន​នាក់ និង​អាច​ជម្លៀស​អ្នកគាំទ្រ​ក្នុង​រយៈពេល​៧​នាទី ពេល​មាន​ហេតុ​ការមិន​ប្រក្រតី​កើតឡើង​។  
 
​កីឡដ្ឋាន​នេះ ជា​សមិទ្ធផល​ដំណាក់កាល​ទី​២ ខណៈ​សមិទ្ធផល​ដំណាក់កាល​ទី​១​រួមមាន​អាង​ហែល​ទឹក អគារ​កីឡា​ក្នុង​សាល និង​ក្រៅ​សាល​មួយចំនួន ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។ ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ សាង់សង់ឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕

Tag:
 ថោង ខុន​
  ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com