អន្តរជាតិ
ថៃ៖ ខ្មាន់កាំភ្លើងត្រូវប៉ូលិសបាញ់ស្លាប់ ក្រោយបាញ់រះសម្លាប់មនុស្ស ២១នាក់
09, Feb 2020 , 9:34 am        
រូបភាព
 រូបភាពពីគណនីហ្វេសប៊ុករបស់ជនជាខ្មាន់កាំភ្លើង Jakrapanth Thomma
រូបភាពពីគណនីហ្វេសប៊ុករបស់ជនជាខ្មាន់កាំភ្លើង Jakrapanth Thomma
ដោយ: ថ្មីៗ
ខ្មាន់កាំភ្លើងដែលជាទាហាន វ័យ៣២ឆ្នាំ ដែលបើកការបាញ់ប្រហារធ្វើឲ្យមនុស្សស្លាប់អស់រហូតដល់ ២១ នាក់នៅខេត្ត នគរាជសីមា នោះត្រូវបានប៉ូលិសបាញ់ស្លាប់ហើយនៅព្រឹកថ្ងៃអាទិត្យទី ៩ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍។ 


ក្រោយហ៊ុមព័ទ្ធទីតាំផ្សារទំនើបមួយកន្លែងនៅក្រុង Korat នាខេត្តនគរាជសីមា អស់ប្រហែល ១២ម៉ោង កងកម្លាំងសន្តិសុខ​បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួនដោយបានបាញ់សម្លាប់ ជនជាខ្មាន់កាំភ្លើងដែលជាទាហានមានឈ្មោះថា Jakraphanth Thomma នៅព្រឹកថ្ងៃអាទិត្យនេះ។

បើតាមការបញ្ជាក់ពីសំណាក់អាជ្ញាធរក្នុងតំបន់ ទិន្ន័យអ្នកស្លាប់បឋមគឺមានរហូតដល់ ២១ នាក់ ហើយមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ យ៉ាងណាក៏ដោយ អាជ្ញាធរនៅតែមិនទាន់អាចសន្និដ្ឋានបានច្បាស់ពីមូលហេតុដែលបណ្តាលឲ្យជននេះធ្វើសកម្មភាពបាញ់ប្រហារយ៉ាងព្រៃផ្សៃដូច្នេះនៅឡើយទេ។  

តាមពិតទៅ ហេតុការណ៍នៃការបាញ់ប្រហារនេះកើតឡើងនៅរសៀលថ្ងៃសៅរ៍ទី ៨ខែកុម្ភៈ ដោយជនជាខ្មាន់កាំភ្លើង Jakraphanth​ បានបាញ់សម្លាប់មេបញ្ជាការខ្លួន មុនបន្តលួចអាវុធពីបន្ទាយដើម្បីធ្វើសកម្មភាពបាញ់ប្រហារនៅក្នុងទីតាំងផ្សារទំនើបខាងលើនេះ។ 

ក្នុងពេលតតាំងគ្នាដោយអាវុធក្នុងពេលហ៊ុមព័ទ្ធរយៈពេល ១២​ ម៉ោងនេះដែរ​ មន្ត្រីសន្តិសុខម្នាក់បានបាត់បង់ជីវិត និងពីរនាក់ផ្សេងទៀតបានរងរបួសដែរ។ 

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលមានអ្នករាយការណ៍ព័ត៌មានខ្លួននៅកន្លែងកើតហេតុនោះ ពេលធ្វើសកម្មភាព Jakraphanth​ បានបន្តបង្ហោះរូបភាពរបស់ខ្លួនភ្ជាប់ជាមួយសំណេរជាច្រើនបន្តគ្នា​នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ រូបភាពត្រូវបានគេបន្តចែកចាយ ប៉ុន្តែក្រោយមករូបភាព រួមជាមួយគណនីហ្វេសប៊ុករបស់ជនបង្កត្រូវបានលុបចោលដោយក្រុមហ៊ុនហ្វេសប៊ុក។
 

© រក្សាសិទ្ធិដោយ thmeythmey.com