ភ្នំពេញ៖ ជានារីមានពិការភាពភ្នែក ដែលមានកំណើតក្នុងគ្រួសារក្រីក្រមួយ ក្នុងខេត្តសៀមរាប កញ្ញា សៀម ណាវី ខំប្រឹងប្រែងរៀនរហូតមានសមត្ថភាព ធ្វើជាគ្រូមុខវិជ្ជាសីលធម៌ពលរដ្ឋ នៅ វិទ្យាល័យអប់រំពិសេសឯខេត្តសៀមរាម ដោយបង្រៀនសិស្សពិការភ្នែក។ ណាវី ចង់ឱ្យមនុស្សទូទៅ ឱ្យតម្លៃជនពិការលើសមត្ថភាព ជាជាងមើលទៅលើពិការភាព។
តទៅនេះ សូមលោកអ្នកនាងស្ដាប់ជីវព័ត៌មាន ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ដោយមេត្រីភាព៖
មានស្រុកកំណើតនៅភូមិក្រឡាញ់ ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កញ្ញា សៀម ណាវី បានតាំងចិត្តខិតខំរៀនឱ្យមានចំណេះ ដើម្បីអាចជួយគ្រួសារ ជាពិសេសជួយម្ដាយមេម៉ាយ ក្រោយពីឪពុកបានលាចាកលោកទៅ។ ក្លាយជាគ្រូបង្រៀនអក្សរស្ទាប ឬអក្សរប្រេល សម្រាប់សិស្សពិការភ្នែកអស់រយៈពេល៣ឆ្នាំមកហើយ កញ្ញា សៀម ណាវី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាលើជំនាញទស្សនវិជ្ជា ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អង្គុយក្នុងហាងបាយមួយក្បែរវិទ្យាស្ថានជាតិអប់រំពិសេស អតីតអង្គការគ្រួសារថ្មី ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កញ្ញា សៀម ណាវី ប្រាប់ពីស្ថានភាពគ្រួសារ និងមូលហេតុដែលជាប្រភពជំរុញទឹកចិត្តកញ្ញាឱ្យខំរៀន៖«គ្រួសាររបស់ខ្ញុំពិបាកណាស់ សូម្បីតែឥឡូវក៏មិនទាន់ធូរធាដែរ គ្រាន់តែវាស្រួលជាងមុនបានមួយផ្នែក។ ខ្ញុំមិនមានឪពុក ដូច្នេះអស់ជំហរមួយ ហើយបងប្អូនសុទ្ធតែស្រី។ ដោយសារតែមានអង្គការ គេចុះទៅតាមភូមិ ហើយគេសួរថាចង់រៀនឬអត់ ខ្ញុំឆ្លើយថាចង់ដូច្នេះគេក៏យកមករៀន។ ឃើញគ្រួសារលំបាក ខ្ញុំចង់រៀន ចង់ជួយម៉ែ។ បងប្អូនរៀបការហើយ នៅសល់តែខ្ញុំហើយនឹងប្អូនពៅ ហើយប្អូនពៅមិនមានអ្វីធ្វើទេ ដូច្នេះប្រសិនបើខ្ញុំទំនេរដែរវាពិបាក»។
ជាគ្រូបង្រៀនសិស្សនៅថ្នាក់ទី៤និងទី៥ ដោយក្នុងមួយថ្នាក់មានសិស្សច្រើនបំផុតប្រមាណ៦នាក់ កញ្ញា ណាវី ត្រូវមករៀនគរុកោសល្យនៅវិទ្យាស្ថានជាតិអប់រំពិសេស នៅរាជធានីភ្នំពេញ។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ ណាវី នឹងត្រឡប់ទៅបង្រៀនសិស្សនៅស្រុកកំណើតរបស់ខ្លួនវិញ ពីថ្នាក់ទី៧ដល់ទី៩។ អ្នកគ្រូសម្បុរសដែលមានបបូរមាត់ញញឹមមានប្រជាប្រិយជានិច្ចរូបនេះពន្យល់ខ្លះៗ ពីរបៀបបង្រៀនសិស្សក្នុងបន្ទប់ពិការភាព៖«យើងមានសៀវភៅជាអក្សរប្រេល(អក្សរស្ទាប់) ម្នាក់មួយ យើងស្ទាប់បង្រៀន ប៉ុន្តែមិនមានសរសេរលើក្ដារខៀនទេ។ កម្មវិធីសិក្សាដូចក្រសួងអប់រំដែរ»។
![](https://image.thmeythmey.com/pictures/2020/02/09/thumb2/cr3.jpg)
អ្នកគ្រូ សៀម ណាវី
អង្គុយស្ងៀមមិនហ៊ានកម្រើកខ្លួនសូម្បីតែបន្តិច អ្នកគ្រូអាយុ៣០ឆ្នាំ ណាវី មានបំណងចង់ក្លាយជាគ្រូបង្រៀនតាំងតែពីតូច ក៏មានក្ដីប្រាថ្នាអប់រំក្មេងៗដែលមានពិការភាព ឱ្យយល់ពីតម្លៃនៃការសិក្សាផងដែរ៖«ខ្ញុំស្រឡាញ់មុខវិជ្ជាសីលធម៌ពលរដ្ឋតាំងពីនៅវិទ្យាល័យ ដូច្នេះខ្ញុំក៏សួរគេថាគួរតែរៀនមុខវិជ្ជាឱ្យដូចអ្វីដែលខ្ញុំស្រឡាញ់។ ហើយខ្ញុំក៏ចង់អប់រំក្មេងៗដែលមានពិការភាពដូចខ្ញុំ ឱ្យដឹងថាការសិក្សាវាមានប្រយោជន៍យ៉ាងណាខ្លះ។ អ្នកខ្លះគាត់គិតថារៀនទៅមិនដឹងថាធ្វើអ្វី ដូច្នេះខ្ញុំព្យាយាមរៀនឱ្យបានធ្វើគ្រូ ដើម្បីឱ្យគាត់មើលឃើញថា អ្វីដែលយើងខំប្រឹងវាមិនមែនសុទ្ធតែបរាជ័យទាំងអស់ទេ»។
ដ្បិតតែពិការភ្នែកក៏ពិតមែន ប៉ុន្តែកញ្ញា ណាវី អាចទីពឹងខ្លួនឯងបានច្រើន ប្រហែលនឹងអ្នកមិនពិការដែរ ដូចជាកញ្ញាអាចដើរទៅសាលាបង្រៀនដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នកនាំផ្លូវ។ អ្នកគ្រូរូបនេះពន្យល់ពីស្ថានភាពផ្លូវដើរពីផ្ទះជួលទៅសាលារៀន ដោយប្រើម្រាមដៃគូរប្លង់លើតុអាហារបង្ហាញដល់ខ្ញុំផង៖«សាលានៅជិតផ្ទះជួល អាចដើរទៅម្នាក់ឯងបាន តែពេលខ្លះដើរជាមួយគេដែរ។ វាមានផ្លូវលំ សាលានៅខាងណេះ ហើយផ្ទះរបស់ខ្ញុំនៅខាងនេះអ៊ីចឹងណា ប៉ុន្តែសាលាបែរមុខទៅផ្លូវ ខាងនេះរបងសាលា ដើរមកកាច់បែបនេះ ដើរលើខឿនសាលា»។
មិនត្រឹមតែប៉ុណ្ណោះកញ្ញាថែមទាំងអាចចំអិនអាហារដោយខ្លួនឯងបានថែមទៀតផង៖«ចេះដាំបាយធ្វើម្ហូបបានខ្លួនឯង ដាំហ្គាសក៏បាន ដោតភ្លើងក៏បាន ធ្វើដូចអ្នកភ្លឺធម្មតាដែរ ប៉ុន្តែជៀនមួយខ្ញុំមិនហ៊ានទេ ដោយសារតែខ្លាចវាផ្ទុះខ្លាញ់ត្រូវ ដៃស្នាមនេះដោយសារការផ្ទុះខ្លាញ់»។
មុនមានសមត្ថភាពដូចសព្វថ្ងៃនេះ កាលពីអតីតកាលគ្រួសាររបស់នារីកូនទី២ ក្នុងចំណោមបងប្អូន៤នាក់រូបនេះ មិនអាចស្រមៃបានឡើយថាកូនស្រីពិការភ្នែកតែម្នាក់អាចមានថ្ងៃនេះ៖«គ្រួសារគាត់មិនសូវយល់ដឹង យើងរៀនក៏រៀនទៅ យើងមិនរៀនក៏ហីទៅ គាត់គិតថាយើងមើលមិនឃើញ មិនដឹងថាធ្វើអ្វី។ អ្នកដទៃក៏គេថាដែរ តែខ្ញុំមិនបាននិយាយអ្វីទៅកាន់គេទេ ខ្ញុំគិតតែខំរៀនឱ្យបានពូកែបានការងារធ្វើ។ អ្នកធ្លាប់ថាពីមុន ឥឡូវគេនិយាយថាភ្នែកងងឹតចេះធ្វើការបានប្រាក់»។
![](https://image.thmeythmey.com/pictures/2020/02/09/thumb2/cr3.jpg)
អ្នកគ្រូ សៀម ណាវី
ទោះជាយ៉ាងណាការសិក្សាជាមួយសិស្សដែលមានកាយសម្បទាគ្រប់គ្រាន់ គឺជារឿងដែលធ្វើឱ្យអ្នកពិការត្រូវមានចិត្តអត់ធ្មត់ខ្ពស់ ហើយកញ្ញា ណាវី លើកយកតែចំណុចខ្លះចេញពីចំណុចដ៏ច្រើន ដែលនាងធ្លាប់បានជួបនៅថ្នាក់បឋមសិក្សា និងវិទ្យាល័យ៖«យើងមិនដែលចូលសាលា ចូលដំបូងវាយ៉ាប់ យើងមិនដូចគេអ្នកធម្មតា។ ថ្នាក់ទី១និងទី២ ខ្ញុំរៀនតែនៅសាលាពិការភ្នែកទេ តែនៅថ្នាក់ទី៣ឡើង ខ្ញុំត្រូវទៅរៀននៅសាលារដ្ឋជាមួយសិស្សធម្មតា។ វាលំបាកខ្ញុំមិនស្គាល់គេទេ ហើយពេលពឹងគេជួយអានមេរៀនឱ្យ ជួនកាលគេមិននិយាយជាមួយខ្ញុំ បើទោះតែនិយាយជាមួយក៏វាយូរ។ គ្រូក៏គាត់មិនសូវដឹងច្រើនពីពិការភាពរបស់យើងដែរ ហើយគាត់ក៏មិនដឹងថាជួយខ្ញុំ យ៉ាងម៉េច»។
បញ្ហាស្រដៀងគ្នានេះនៅតែបន្តកើតមានចំពោះកញ្ញា ណាវី នៅពេលដែលនាងដាក់ពាក្យស្វែងរកការងារធ្វើដំបូង ហើយនេះជាអ្វីដែលអ្នកគ្រូរូបស្រស់ មានកិរិយាស្ងប់ស្ងៀមរូបនេះ ថាជាទង្វើរើសអើងជនមានពិការភាព៖«សូមឱ្យមើលឃើញសមត្ថភាព គ្រាន់បើជាងមើលឃើញពិការភាពរបស់ពួកខ្ញុំ។ បើពួកខ្ញុំអាចធ្វើអ្វីបានគឺបាន តែបើមិនអាចធ្វើបានទេ ឱ្យដឹងថាមិនបាន សូមកុំវាយតម្លៃមុនឱ្យសាកល្បង។ មួយទៀតសម្ភាសន៍ ពេលដល់ថ្ងៃសន្យាហើយ ក៏មិនផ្ដល់ចម្លើយឱ្យគ្នាថាបានឬមិនបាន ឱ្យគ្នារង់ចាំ នេះគេហៅថាការរើសអើងដែរ»។
យ៉ាងណាក៏ដោយនារីកំព្រាឪពុករូបនេះ មានក្ដីប្រាថ្នា២ទៅថ្ងៃអនាគត៖«ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានផ្ទះឱ្យម្ដាយខ្ញុំស្រួល ហើយក៏សង្ឃឹមថាខ្ញុំនឹងមានផ្ទះខ្លួនឯងនៅខេត្ត»៕