ជាតិ
ស្ពៃក្តោបជាង៥០តោន នឹងរលួយចោលក្នុងចម្ការ បើគ្មានអ្នកទិញ
× ភ្នំពេញ៖ ស្ពៃក្តោបដែលមាននៅសល់ប្រមាណ៥០តោននៅលើផ្ទៃដីជិត៣ហិកតា កំពុងប្រឈមនឹងការរលួយចោលនៅក្នុងចម្ការ ប្រសិនបើគ្មានឈ្មួញមកទិញ។ នេះជាក្តីព្រួយបារម្ភរបស់លោក លោក ទៀង សុវណ្ណា ដែលជាម្ចាស់ចម្ការស្ពៃក្តោប ដោយបានអះអាងថា បច្ចុប្បន្នស្ពៃក្តោបរបស់លោក មានតម្លៃត្រឹមតែចន្លោះ៣០០ទៅ៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដោយតម្លៃនេះថោកខ្លាំង តែបែរជាគ្មានអ្នកទិញ។
ម្ចាស់ចម្ការស្ពៃក្តោបដែលស្ថិតនៅក្នុងភូមិរហាលសួង ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងរយៈពេលជិត១០ឆ្នាំនៃការដាំបន្លែមកនេះ លោកមិនដែលជួបបញ្ហាទីផ្សារដូចដាំស្ពៃក្តោបលើកនេះឡើយ។ កសិករវ័យ៤១ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖« ខ្ញុំ ធ្វើបន្លែកន្លងមកនេះ ទោះបីជាតម្លៃនៅលើទីផ្សារពេលខ្លះថោកក៏ដោយ ក៏នៅមានឈ្មួញចុះមកទិញជាប្រចាំ...ប៉ុន្តែដាំស្ពៃក្តោបលើកឡើងនេះ គឺថាតម្លៃថោកត្រឹម៣០០រៀលហើយ ថែមទាំងគ្មានអ្នកចុះមកទិញទៀត។ ខ្ញុំដាំស្ពៃក្តោបលើដីជិត៣ហិកតានេះ ខាតយ៉ាងតិចពាក់កណ្តាល ឬលើសពីនេះទៀត»។
លោក សុវណ្ណា បានជួបនឹងបញ្ហាតម្លៃស្ពៃក្តោបនៅលើទីផ្សារ តាំងចុងខែមករា ឆ្នាំ២០២០មកម្ល៉េះ គ្រាន់តែឈ្មួញមួយចំនួនជួយទិញពី៨ទៅ១០តោន ប៉ុន្តែរហូតដល់ដើមខែកុម្ភៈនេះ ស្ពៃក្តោបក្នុងចម្ការរបស់លោក គឺមិនសូវមានឈ្មួញចុះទៅទិញឡើយ។ លោក បន្តថា គិតត្រឹមត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ទិន្នផលស្ពៃក្តោបដែលមានជិត១០០តោនក្នុងចម្ការ៣ហិកតារបស់លោកផ្ទាល់នោះ គឺមាននៅសល់ប្រហែល៥០តោន កំពុងទុកចោលក្នុងចម្ការ ព្រោះតែគ្មានអ្នកទិញ។
លោក បន្ថែមថា ជាធម្មតាបន្លែដែលទុកលើសអាយុ គឺរសជាតិលែងឆ្ងាញ់ (រឹង) និង រោល ឬ រលួយខូចពីការរំខានរបស់ពពួកសត្វល្អិតចង្រៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com