COVID-19
ជាតិ
លោក ហេង សួរ ហួស​ចិត្តនឹង​កម្មករ​សុខចិត្ត​បាត់បង់​ការងារ ព្រោះ​ប្រឆាំង​បម្រាម ខណៈ​ប្រទេស​ខ្លះ កាត់បន្ថយ​បុគ្គលិក
22, Apr 2020 , 2:13 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ប្រទេស​ខ្លះ កាត់បន្ថយ​បុគ្គលិក ដោយសារ​បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​កម្មករ​រោងចក្រ​នៅ​កម្ពុជា​វិញ បែរជា​សុខចិត្ត​បាត់បង់​ការងារ ដោយ​ប្រឆាំង​បម្រាម​រដ្ឋាភិបាល ដែល​មិន​អនុញ្ញាតឱ្យ​ឈប់សម្រាក​ទៅ​ស្រុកកំណើត នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។ នេះ​ជាការ​លើកឡើង​របស់លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​


 
​លោក ហេង សួរ ចាត់ទុក​ការសម្រេចចិត្ត​របស់​ក​ម្មករ​នេះ គឺជា​រឿង​ខុស ព្រោះ​បម្រាម​របស់​រដ្ឋាភិបាល មិនមែនជា​ការដាក់​ពិន័យ​ដល់​ពួកគេ​ទេ ប៉ុន្តែ​វា​ជាការ​ធានា​សុវត្ថិភាព​​បស់​ពួកគេ​។ បើតាម​លោក ហេង សួរ កម្មករ​ទាំងអស់​ ត្រូវ​យល់​កាលៈទេសៈ ​នៃ​វិបត្តិ​កូ​វីដ-​១៩​នេះ ដើម្បី​រក្សា​ការងារ និង​បញ្ចៀស​ផលប៉ះពាល់​ដល់​ខ្លួន​ផងដែរ​។​
 
​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅក្នុង​ដំណាក់កាល​កូ​វីដ​នេះ សេដ្ឋកិច្ចពិភពលោក​គឺថា​ជួប​បញ្ហា​។ អ៊ីចឹង​នៅពេលដែល​យើង​មានការ​ងារ​ហើយ ត្រូវខិតខំ​សន្សំ​ការងារ​ហ្នឹង …​។​យើង​ត្រូវ​យល់​កាលៈទេសៈ​ទាំងអស់គ្នា ពេលនេះ​សេដ្ឋកិច្ចពិភពលោក​កំពុង​ធ្លាក់ចុះ​គ្រប់​ទីកន្លែង នៅ​គ្រប់​ប្រទេស​គេ​មានតែ​កាត់បន្ថយ​បុគ្គលិក​»​។​

​សូម​ទស្សនា​កិច្ច​សម្ភាស​ខាងក្រោម​៖

 
 
​ឆ្លើយតប​នឹង​សារព័ត៌មាន​ថ្មីៗ លោក ហេង សួរ បាន​បញ្ជាក់ថា រដ្ឋាភិបាល និង​ក្រសួង មិន​ទទួលខុសត្រូវ និង​ដោះស្រាយ​លើ​បញ្ហា​បាត់​ការងារ​ធ្វើ​របស់​កម្មករ ដែល​ទៅ​ស្រុកកំណើត​នៅក្នុង​អំឡុងពេល​ចូលឆ្នាំ​ ប្រឆាំង​បម្រាម​រដ្ឋាភិបាល​ទេ លើកលែងតែ​កម្មករ​ដែល​ទទួលបាន​អនុញ្ញាត​ ឱ្យទៅ​ស្រុកកំណើត​ពី​និយោជក ឬ​ថៅកែ​រោងចក្រ​។ បើតាម​លោក ហេង សួរ កម្មករ​ដែល​ថៅកែ​រោងចក្រ​ អនុញ្ញាតឱ្យ​ឈប់សម្រាក​នៅ​ថ្ងៃ​ចូលឆ្នាំ ស្របតាម​ច្បាប់​ត្រឹមត្រូវ​នោះ ពួកគេ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ធ្វើការ​៧​ថ្ងៃ​។ ប៉ុន្តែ​ពួកគេ​ទាំងនោះ ក៏ត្រូវ​ដាក់​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ដូច​កម្មករ​ដែល​ឈប់​អត់​ច្បាប់​ដែរ​៕

Tag:
 COVID-19
  កម្មករ​រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com