ជាតិ
គណៈសង្ឃ​នាយក អំពាវនាវ​ដល់​គ្រប់​វត្ត​អារាម ចូលរួម​ទប់ស្កាត់​កូ​វីដ​-១៩ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​
31, Aug 2020 , 9:59 pm        
រូបភាព
សម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត
សម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត
​ភ្នំពេញ​៖ ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី ៣-១៧ កញ្ញា​ខាងមុខ គណៈសង្ឃ​នាយក អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​វត្ត​អារាម និង​ពុទ្ធបរិស័ទ​ទាំងអស់ ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩​។ បើតាម​ព្រះរាជសារ​របស់​គណៈសង្ឃ​នាយក នៅ​គ្រប់​វត្ត​អារាម ត្រូវមាន​កន្លែង​ពិនិត្យ​សុខភាព មុនពេល​ចូល​ទីធ្លា​វត្ត​អារាម ព្រះវិហារ ឬ​សាលាឆាន់ ដោយ​ត្រូវមាន​ឧបករណ៍​វាស់​កម្ដៅ សាប៊ូ និង​ទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ​។​



​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ប្រជាពលរដ្ឋ​កម្ពុជា ដែល​កាន់សាសនា​ព្រះពុទ្ធ នឹង​រៀបចំ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅ​ទី​អារាម​នានា​ក្នុងប្រទេស​កម្ពុជា​។ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គណៈសង្ឃ​នាយក អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ ត្រូវ​រៀបចំ​វត្ត​អារាម ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​មាន​អនាម័យ​បរិស្ថាន​ល្អ​។ ព្រះរាជសារ​របស់​គណៈ​សង្ឃនាយក បញ្ជាក់ថា ចៅអធិការ​វត្ត​ទូទាំងប្រទេស ត្រូវ​សូធ្យ​ព្រះធម៌​មាន រតន​សុ​ត្តា​រ​ម្ភៈ និង​រតន​សូត្រ ឲ្យ​បាន​កងរំពង​គ្រប់​វត្ត​អារាម​។​
 
​គណៈសង្ឃ​នាយក លើកឡើងថា គ្រប់​វត្ត​អារាម មិនត្រូវ​មានការ​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើនពេក​នោះ ពិសេស​ហាមឃាត់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជា​អ្នក​ឆ្លង​កូ​វីដ​-១៩​។ ជាមួយគ្នានេះ គ្រប់​វត្ត​អារាម ត្រូវ​រៀបចំ​កន្លែង​ពិនិត្យ​សុខភាព មុនពេល​ចូល​ទីធ្លា​វត្ត​អារាម ព្រះវិហារ ឬ​សាលាឆាន់ ដោយ​ត្រូវមាន​ឧបករណ៍​វាស់​កម្ដៅ សាប៊ូ និង​ទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ នេះ​បើតាម​ព្រះរាជសារ​របស់​គណៈសង្ឃ​នាយក​ចេញផ្សាយ​ថ្ងៃទី​២៦ សីហា​៕ 
 

Tag:
 ភ្ជុំបិណ្ឌ​
  គណៈសង្ឃ​នាយក​
© រក្សាសិទ្ធិដោយ thmeythmey.com