អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក ក្រោយ​ឈ្នះ​អាសនៈ​ទាំង​២​របស់​រដ្ឋ Georgia
07, Jan 2021 , 2:04 pm        
រូបភាព
អាគារសភាតំណាង និងព្រឹទ្ធសភាអាមេរិក។ រូបភាព៖AFP
អាគារសភាតំណាង និងព្រឹទ្ធសភាអាមេរិក។ រូបភាព៖AFP
ដោយ:
​បក្ស​ប្រជាធិបតេយ្យ ទទួលបាន​អាសនៈ​ពីរ​បន្ថែមទៀត​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Georgia ។ ពីរ​អាសនៈ​បន្ថែម​នេះ នាំ​ឲ្យ​បក្ស​នេះ​ទទួលបាន​អាសនៈ​ចំនួន​៥០​ស្មើ​បក្ស​សាធារណរដ្ឋ ហើយក៏​បញ្ចប់​ការគ្រប់គ្រង​ព្រឹទ្ធសភា​ដោយ​បក្ស​សាធារណរដ្ឋ​ចាប់ពី​ឆ្នាំ​២០១០​មក​។ ជ័យជម្នះ ក៏​ជា​រឿង​ល្អ​សម្រាប់​លោក ចូ បៃ​ឌិន ដែរ​។​

 
​បន្ថែម​ពី​ការបន្ត​គ្រប់គ្រង​សភា​តំណាង ហើយ​មាន​បេក្ខជន​ជាប់ឆ្នោត​ដឹកនាំ​សេត​វិមាន​ទៀត បក្ស​ប្រជាធិបតេយ្យ រឹតតែ​រីកមុខ​រីក​មាត់ ក្រោយ​អាច​កាន់កាប់​ព្រឹទ្ធសភា​ឡើងវិញ​ដែរ​។ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Georgia ជុំ​ទី​ពីរ បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​២​នាក់ យកឈ្នះ​បេក្ខជន​បក្ស​សាធារណរដ្ឋ​។​
 
 
 
​លោក Raphael Warnock បេក្ខជន​បក្ស​ប្រជាធិបតេយ្យ បានឈ្នះ​លោកស្រី​សមាជិក​ព្រឹទ្ធសភា Kelly Loeffler នៃ​បក្ស​សាធារណរដ្ឋ​។ ជ័យជម្នះ​របស់លោក Warnock វ័យ​៥១​ឆ្នាំ នាំ​ឲ្យ​លោក​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ស្បែក​ខ្មៅ​ដំបូងបង្អស់​មកពី​រដ្ឋ Georgia ។ ឯ​លោក Jon Ossoff ទទួល​ជ័យជម្នះ​លើ​លោក David Perdue ដែលជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​នេះ​ចាប់ពី​ឆ្នាំ​២០១៥​មក​។ លោក Ossoff វ័យ​៣៣​ឆ្នាំ នឹង​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ក្មេង​បំផុត​រាប់​ចាប់តាំងពី​ឆ្នាំ​១៩៧៣​មក​។ 
 
​សរុប​អាសនៈ​ទាំងពីរ បក្ស​ប្រជាធិបតេយ្យ​មាន​អាសនៈ​៥០ ស្មើ​បក្ស​សាធារណរដ្ឋ​ដែរ​។ ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ ជា​អ្នកគ្រប់គ្រង​ព្រឹទ្ធសភា បើ​គិត​អនុ​ប្រធានាធិបតី​អាមេរិក កា​ម៉ា​ឡា ហារី​ស មួយ​បន្ថែមទៀត​។ បើ​ការអនុម័ត​ច្បាប់ ឬ​ផ្តល់​សេចក្តីទុកចិត្ត​ដល់​បេក្ខភាព​រដ្ឋមន្ត្រី ឬ​មន្ត្រី​សហព័ន្ធ​ជាន់ខ្ពស់​មាន​សំឡេង​ស្មើគ្នា លោកស្រី ហារី​ស នឹង​បោះឆ្នោត​កាត់សេចក្ដី​។ 
 
​ស្របពេល​ជាមួយគ្នានេះ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​លោក Charles Schumer បានប្រកាសថា រូបលោក​នឹង​ទទួល​តំណែង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​អាមេរិក​។ ពី​ឆ្នាំ​២០១៧ មក លោក​Schumer មាន​តំណែង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច ឯ​ប្រធាន​ក្រុម​សំឡេង​ភាគច្រើន គឺ​លោក Mitch McConnell​។​
 
​ជ័យជម្នះ​ពេលនេះ នាំ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​ទាំង​សេត​វិមាន ទាំង​សភាតំណាងរាស្ត្រ ទាំង​ព្រឹទ្ធសភា​ផ្ទាល់​។ ប​ក្យ​ប្រជាធិបតេយ្យ​របូត​ការគ្រប់គ្រង​ព្រឹទ្ធសភា និង​សភាតំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០១០ និង​សេត​វិមាន​ក្នុង​ឆ្នាំ​២០១៦​។​
 
​បើទោះបីជា​បក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​ព្រឹទ្ធសភា​ក៏ពិតមែន នេះ​ពុំ​បានន័យថា រដ្ឋបាល បៃ​ឌិន អាច​អនុម័ត​ច្បាប់​ដោយ​ស្រួល​នោះឡើយ​។ នីតិវិធី​ព្រឹទ្ធសភា​អាមេរិក តម្រូវ​ឲ្យ​មាន​សំឡេង​ចំនួន​៦០​ភាគរយ​បោះឆ្នោត​យល់ព្រម​ក្នុងការ​បញ្ចប់​ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ណាមួយ​(filibuster) បើទោះបីជា​សេចក្តីព្រាងច្បាប់​នោះ ត្រូវអនុម័ត​ក្នុង​សំឡេង​លើស​៥០​ភាគរយ​ក្ដី​។ បក្ស​ប្រជាធិបតេយ្យ ត្រូវ​ធ្វើការ​ធ្ងន់​បន្តិច​ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​យ៉ាងហោចណាស់​១០​រូប​ទៀត​នៅពេល​អនុម័ត​ច្បាប់​ណាមួយ​។​
 
​បក្ស​ប្រជាធិបតេយ្យ នឹង​គ្រប់គ្រង​ព្រឹទ្ធសភា​ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​ខែមករា ឆ្នាំ​២០២៣ ដោយសារតែ​នៅ​ចុងឆ្នាំ​២០២២ អាមេរិក​នឹងមាន​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ដែល​ក្នុងនោះ​អាសនៈ​សមាជិក​ព្រឹទ្ធសភា​ចំនួន​៣៤​រូប​នឹងត្រូវ​ប្រកួតប្រជែង​សម្រាប់​អាណត្តិ​៦​ឆ្នាំ​។ បក្ស​ប្រជាធិបតេយ្យ មាន​សមាជិក​ព្រឹទ្ធសភា​១៤​រូប ឯ​បក្ស​សាធារណរដ្ឋ​មាន​២០​រូប ដែល​ត្រូវ​បោះឆ្នោត​ឡើងវិញ​៕

Tag:
 បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com