COVID-19
ជាតិ
រដ្ឋាភិបាល ស្នើឱ្យ​ពលករ​ខ្មែរ​នៅ​ថៃ រក្សា​ភាពនឹងន និង​ជឿជាក់​លើ​ម្ចាស់ផ្ទះ
15, Jan 2021 , 3:43 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបពីហ្វេសប៊ុក្រសួងការងារ)
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបពីហ្វេសប៊ុក្រសួងការងារ)
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា ស្នើឱ្យ​ពលករ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ កុំ​មាន​ភាព​ជ្រួលច្របល់ ហើយ​ត្រូវ​ជឿជាក់​លើ​អាជ្ញាធរ​ថៃ ដើម្បី​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ របាយការណ៍​ចុងក្រោយ របស់​ក្រសួងសុខាភិបាល​ថៃ កាលពី​ថ្ងៃទី​១២ មករា បង្ហាញថា ពលករ​ខ្មែរ​១៥៧​នាក់ មាន​ជំងឺ​កូ​វីដ​-១៩​។​



​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​កត់សម្គាល់ថា ការវិលត្រឡប់​របស់​ពលករ​ខ្មែរ មក​កម្ពុជា​ដោយ​លួចលាក់​នេះ គឺ​ខុសពី​បម្រាម​របស់​អាជ្ញាធរ​ថៃ ហើយ​អាច​ប្រឈម​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ថែម​ទៀតផង​។ លោក អ៊ិត សំហេង ស្នើឱ្យ​ពលករ​ខ្មែរ​ទាំងអស់ បន្ត​ស្នាក់នៅ​ប្រទេស​ថៃ ដោយ​មិនត្រូវ​ចល័ត​ទីតាំង​ឡើយ​។​
 
​រដ្ឋមន្ត្រី​ការងារ និង​ជា​ប្រធាន​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​នេះ បានចេញ​សារ​អំពាវនាវ នៅ​ថ្ងៃទី​១៥ មករា ដូច្នេះ​៖«​ក្នុងអំឡុងពេល​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នេះ អាជ្ញាធរ​ថៃ​នឹង​មិនមាន​វិធានការ​ច្បាប់​ប្រឆាំងនឹង​និ​យោជន និង​ពលករ​បរទេស ដែល​បាន​នឹង​កំពុងធ្វើការ និង​ស្នាក់នៅ​មួយកន្លែង​នោះទេ ។ ផ្ទុយទៅវិញ​បងប្អូន​ពលករ ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឬ​មានបំណង​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ការឃាត់ខ្លួន​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ និង​ប្រឈម​នឹង​លទ្ធភាព​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ខ្ពស់ នៅក្នុង​អំឡុងពេល​ធ្វើដំណើ​រ​ត្រឡប់មកវិញ​»​។​
 
​ដោយសារ​ឃើញ​បញ្ហា​នេះ ទើប​លោក អ៊ិត សំហេង ស្នើឱ្យ​ពលករ​ខ្មែរ​រក្សា​ភាពនឹងន និង​កុំ​ទាន់​ត្រឡប់មក​កម្ពុជា​វិញ បើសិនជា​គ្មាន​ភាពចាំបាច់​។ «​សូម​បងប្អូន​ពលករ​ជឿទុកចិត្ត​លើ​សមត្ថភាព និង​លទ្ធភាព​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ របស់​អាជ្ញាធរ​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ការងារ​។​
 
​របាយការណ៍​ចុងក្រោយ របស់​ក្រសួងសុខាភិបាល​ថៃ កាលពី​ថ្ងៃទី​១២ មករា បង្ហាញថា ពលករ​ខ្មែរ​១៥៧​នាក់ មាន​ជំងឺ​កូ​វីដ​-១៩​។ ក្រៅពីនោះ ក៏មាន​ពលករ​មី​យ៉ាន់​ម៉ា ជាង​១​ពាន់​នាក់ ឥណ្ឌា​ជិត​១០០​នាក់ ថៃ​ជាង​៨​ពាន់ និង​សញ្ជាតិ​ផ្សេងទៀត​ជាង​១​ពាន់​នាក់​។ របាយការណ៍​ក្រសួងសុខាភិបាល​ថៃ ក៏​មិនបាន​បញ្ជាក់ថា ពលករ​ខ្មែរ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​តំបន់​ណា​ដែរ​។​
 
​ចំពោះ​ពលករ​ខ្មែរ ដែលមាន​ជំងឺ​កូ​វីដ​-១៩ ហើយ​សម្រាក​ព្យាបាល​នៅ​ថៃ គឺ​មិន​អស់ថ្លៃ​ព្យាបាល​ឡើយ ពោលគឺ​រដ្ឋាភិបាល​ថៃ ជា​អ្នករ៉ាប់រង​ទាំងអស់​។ នេះ​បើតាម​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​
 
​ជិត​១​ខែ​នេះ មាន​ពលករ​ខ្មែរ​នៅ​ថៃ សម្រុក​មកវិញ ៦,៣៩៦​នាក់​ហើយ ក្នុងនោះ​ស្រី ២,៦៥១​នាក់ គិត​ត្រឹម​ថ្ងៃទី​១៥ មករា​។ ក្រៅពីនេះ ក៏មាន​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ ហើយ​ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​មកវិញ ជាង​៣០០​នាក់​ដែរ​។ នេះ​បើតាម​លោក កែវ វណ្ណ​ថន អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​បាន​បន្ថែមថា ភាគី​កម្ពុជា​-​ថៃ កំពុង​ពង្រឹង​ច្រកព្រំដែន ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ និង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។​
 
​គិត​ត្រឹម​ថ្ងៃនេះ ពលករ​ខ្មែរ​មក​ថៃ ៥៦​នាក់​ហើយ ត្រូវបាន​រកឃើញថា មាន​ជំងឺ​កូ​វីដ​-១៩ ។ ពួកគេ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ក្នុង​ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន​ជាដើម​។ បច្ចុប្បន្ន​កម្ពុជា មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤២៦​នាក់ ដោយ​ជាសះស្បើយ​៣៨១​នាក់ ខណៈ​ថៃ​មាន​អ្នកជំងឺ ជាង​១,១​ម៉ឹ​ន​នាក់ ជាសះស្បើយ​ជាង​៨​ពាន់​នាក់ និង​ស្លាប់​៦៩​នាក់​៕
 
 
 

Tag:
 COVID-19
  ពលករ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com