COVID-19
ជាតិ
សង្គមជាតិ
លោក ហេង សួរ ៖ ពលករ​ខ្មែរ​នៅ​ថៃ ដែល​ឆ្លង​កូ​វីដ​-១៩ គឺ​មិន​ចំណាយ​ថ្លៃ​ព្យាបាល​ឡើយ​
09, Jan 2021 , 4:04 pm        
រូបភាព
 លោក ហេង សួរ អ្នកនពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបពីហ្វេសប៊ុកគាត់)
លោក ហេង សួរ អ្នកនពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបពីហ្វេសប៊ុកគាត់)
​ភ្នំពេញ​៖ ពលករ​ខ្មែរ​នៅ​ថៃ កើន​ដល់​១៥៤​នាក់​ហើយ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ គិត​ត្រឹម​ថ្ងៃទី​៩ មករា​។ ចំពោះ​ពលករ​ខ្មែរ ដែលមាន​ជំងឺ​កូ​វីដ​-១៩ ហើយ​សម្រាក​ព្យាបាល​នៅ​ថៃ គឺ​មិន​អស់ថ្លៃ​ព្យាបាល​ឡើយ​។ នេះ​បើតាម​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​


 
​លោក ហេង សួរ បាន​បញ្ជាក់ថា ស្ថានទូត​ខ្មែរ កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នេះហើយ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្ដាញ​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​៩ មករា អ្នកនាំពាក្យ​ក្រសួង​ការងារ បានបញ្ជាក់​យ៉ាងខ្លី​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​ថៃ​ទទួលបន្ទុក​ចំណាយ​(​លើ​ពលករ​ខ្មែរ​ឆ្លង​កូ​វីដ​-១៩)»​។​
 
​លោក ហេង សួរ ក៏បាន​អះអាងថា គ្មាន​ពលករ​ខ្មែរ​ណា​ម្នាក់​ស្លាប់​ដោយសារ​កូ​វីដ​-១៩ នៅ​ថៃ​ដែរ​។​
 
​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ថៃ បានបង្ហាញ​តួលេខ​ថា ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​១​ម៉ឹ​ន​នាក់ មាន​ពលករ​ខ្មែរ​១៥៤​នាក់ ។ ក្រៅពីនោះ ក៏មាន​ពលករ​មី​យ៉ាន់​ម៉ា ជាង​១​ពាន់​នាក់ ឥណ្ឌា​៨៦​នាក់ ថៃ​ជាង​៦​ពាន់ និង​សញ្ជាតិ​ផ្សេងទៀត​ជាង​១​ពាន់​នាក់​។ របាយការណ៍​ក្រសួងសុខាភិបាល​ថៃ ក៏​មិនបាន​បញ្ជាក់ថា ពលករ​ខ្មែរ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​តំបន់​ណា​ដែរ​។​
 
​ជុំវិញ​ករណី​ផ្ទុះ​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ​នេះ នាំ​ឲ្យ​ពលករ​ខ្មែរ​នៅ​ទីនោះ សម្រុក​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​។ បើតាម​របាយការណ៍​លោក កែវ វណ្ណ​ថន អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ពលករ​ខ្មែរ​៤,៤១៥​នាក់​ហើយ បាន​ត្រឡប់មក​កម្ពុជា​វិញ គិត​ត្រឹម​ថ្ងៃទី​៦ មករា​។ ក្រៅពី​ពលករ​ខ្មែរ​សម្រុក​មកវិញ ក៏មាន​ពលរដ្ឋ​ខ្មែរ​ជិត​២៤០​នាក់ លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ដែរ​។ នេះ​បើតាម​របាយការណ៍​ពី​លោក កែវ វណ្ណ​ថន ដដែល​។​
 
​គិត​ត្រឹម​ថ្ងៃទី​៩​មករា ក្រសួងសុខាភិបាល រកឃើញ​ពលករ​ខ្មែរ​ចំនួន​២២​នាក់​ហើយ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ មាន​ជំងឺ​កូ​វីដ​-១៩​។ ពួកគេ​ទាំងនោះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព​នានា ក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយមានជ័យ​។ បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ៣៨៧​នាក់ ដោយ​ក្នុងនោះ មាន​៣៦៥​នាក់​បានជា​សះស្បើយ​៕
 

Tag:
 ហេង សួរ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com