ជាតិ
របៀបទទួលភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ នឹងផ្លាស់ប្ដូរក្រោយចប់កូវីដ-១៩
18, Oct 2021 , 8:59 am        
រូបភាព
ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្តអំឡុងបុណ្យចូលឆ្នាំចិន ឆ្នាំ២០២០។
ភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្តអំឡុងបុណ្យចូលឆ្នាំចិន ឆ្នាំ២០២០។
សៀមរាប៖ បច្ចុប្បន្ន រមណីយដ្ឋានអង្គរមានការផ្លាស់ប្ដូរច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន។ អំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរជាតិអប្សរា មានឱកាសច្រើនក្នុងការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងរមណីយដ្ឋានអង្គរ និងបានរៀនពីបទពិសោធន៍ ពេលស្ងាត់ភ្ញៀវ។ ថ្នាក់ដឹកនាំស្ថាប័ននេះប្រាប់ថា រមណីយដ្ឋានអង្គរ នឹងផ្លាស់ប្ដូរការទទួលភ្ញៀវទេសចរ ក្រោយចប់វិបត្តិជំងឺកូវីដ-១៩។

 
ជំងឺកូវីដ-១៩ បានក្លាយជាឱកាសល្អមួយ សម្រាប់ការសិក្សាពីលំហូរភ្ញៀវទេសចរ និងការរៀបចំពីរបៀប ដើរនៅតាមប្រាសាទ។ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំលំហូរភ្ញៀវដើរតាមប្រាសាទសារជាថ្មី ដោយមិនឱ្យទេសចរទាំងនោះ ដើរស្រេចតែចិត្តចង់ពួកគេនោះទេ។
 
ក្នុងពិធីដាំកូនឈើ និងជិះកង់ របស់មន្រ្តីស្ថានទូតអាស៊ានប្រចាំកម្ពុជា ដើម្បីអបអរសាទរទីក្រុងសៀមរាប ត្រូវបានជ្រើសរើស ជាទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២០-២០២១ លោក ហង់ ពៅ ថ្លែងថា មុនមានជំងឺកូវីដ គឺនៅឆ្នាំ២០១៨ រមណីយដ្ឋានអង្គរ ទទួលបានទេសចរច្រើនលើសលប់ គឺមានជាង៤លាននាក់ សរុបទាំងបរទេស និងទេសចរក្នុងស្រុក។ លោកបន្តថា ភ្ញៀវទេសចរភាគច្រើន សម្រុកចូលទស្សនាតែប្រាសាទធំៗ តែ២ ទៅ៣ប៉ុណ្ណោះ មានអង្គរវត្ត បាយ័ន្ត និងតាព្រហ្ម។ ដោយឡែកប្រាសាទផ្សេងៗទៀត ត្រូវបានរំលង។
 
តាមការពន្យល់របស់លោក ហង់ ពៅ ការសម្រុកចូលទស្សនាតែប្រាសាទមួយៗដូច្នេះ ធ្វើឱ្យបរិវេណប្រាសាទតូចចង្អៀត និងការទស្សនាមិនបានគ្រប់ជ្រុងជ្រោយ ព្រមទាំងមិនយល់ពីអត្ថន័យនៃសិល្បៈ និងវប្បធម៌ ក្នុងប្រាសាទនោះទេ។ លោកបន្ថែមថា៖«មានមនុស្សពាន់នាក់ ចូលទស្សនាអង្គរ ឃើញវាចង្អៀត ធ្វើឱ្យប្រាសាទតូច ធ្វើឱ្យប្រាសាទខ្លះតូចៗ មិនសូវមានភ្ញៀវ... សួរថាតើយើងរៀបចំយ៉ាងម៉េច ឱ្យទេសចរមកលេងប្រាសាទ បានស្វែងយល់វប្បធម៌? ជាឱកាសល្អដែរ ខ្ញុំប្រៀបធៀបពីមុនមនុស្សច្រើន យើងមិនសូវចាប់អារម្មណ៍ពីភាពលម្អិតរបស់ប្រាសាទ ប្រាសាទមួយៗ គឺមិនដូចគ្នាទេ»។ 
 
លោក ហង់ ពៅ បន្តទៀតថា៖« ការពិតបើយកចិត្តទុកដាក់ មិនមានការរំខានពីអ្នកដទៃ យើងអាចយល់ពីវប្បធម៌ពិតរបស់ខ្មែរ ហើយមានពេលវេលាឱ្យខ្លួនយើងរីករាយជាមួយស្នាដៃទាំងនោះ មានន័យថា យើងបានផ្តល់គម្លាត និងភាពស្ងាត់ស្ងៀមដែលយើងកំពុងរៀបចំ ...ករណីដែលមានភ្ញៀវច្រើនដូចឆ្នាំ២០១៨ ឬលើស យើងមានផែនការក្នុងការអនុញ្ញាតតាមប្រាសាទ ធ្វើការរាយភ្ញៀវ មិនអនុញ្ញាតឱ្យគាត់ទៅមួយកន្លែងទេ កន្លងមកគាត់មកតាមអ្វីដែលគាត់ចង់មក តែអនាគតយើងមិនអាចអនុញ្ញាតទេ យើងនឹងមានផែនការច្បាស់លាស់ មានន័យថា ក្រុមហ៊ុនឯកជន ឬមគ្គុទ្ទេសក៍ គាត់ត្រូវដឹងថា ផែនការភ្ញៀវគាត់ត្រូវយកទៅណា យើងអាចប្រាប់គាត់ថា ម៉ោងនេះ មិនគួរនាំភ្ញៀវមកអង្គរទេ គួរតែទៅប្រាសាទប្រិយ៍ ឧទាហរណ៍ យើងខំធ្វើម៉េច បរិបទក្នុងរមណីយដ្ឋានអង្គរមានប្រាសាទច្រើន ឱ្យភ្ញៀវមានបទពិសោធន៍ពិតប្រាកដ មិនសម្រុកទៅតែមួយកន្លែង ការពិតមានអ្វីផ្សេងដែលត្រូវមើលល្អជាងហ្នឹងទៀត»។ នេះជាការឆ្លើយតបរបស់អគ្គនាយកអាជ្ញាធរជាតិអប្សរា ទៅនឹងសំណួរអ្នកសារព័ត៌មាន ដែលសួរពីការត្រៀមខ្លួនក្នុងការស្វាគមន៍ភ្ញៀវទេសចរ ក្រោយចប់កូវីដ។
 
បន្ថែមពីនេះ ក្នុងផែនការគ្រប់គ្រងភ្ញៀវទេសចររបស់អាជ្ញាធរជាតិអប្សរា ដែលបានគិតគូរតាំងពីឆ្នាំ ២០១០ មកហើយនោះ គឺចង់ឱ្យភ្ញៀវទេសចរមានបទពិសោធន៍ ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ របស់អ្នកស្រុកអង្គរផងដែរ។ លោក ហង់ ពៅ ប្រាប់ថាគោលបំណងសំខាន់នៃការកិច្ចការនេះ គឺចង់ឱ្យទេសចរទាំងនោះ ដឹងពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ផ្សេងៗ របស់អ្នកស្រុកអង្គរ និងដូចម្ដេចទើបគេហៅថា បេតិកភណ្ឌមានជីវិត។ តាមពិត ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ប្រជាជនទាំងនោះហើយ ដែលធ្វើឱ្យអង្គរក្លាយជាបេតិកភណ្ឌមួយដែលមានជីវិត និងត្រូវការថែរក្សាជានិរន្តតទៅ៕
 
 
 

Tag:
 អង្គរ
  ហង់ ពៅ
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com