កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ក្រុងសៀមរាប ត្រូវរ៉ាប់រងប្រកួតកីឡាម៉ារ៉ាតុន កង់គួក កង់ភ្នំ និងដើរ២០គីឡូម៉ែត្រ
01, Apr 2023 , 9:19 am        
រូបភាព
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នឹងចាប់ផ្តើមប្រកូតផ្លូវការពីថ្ងៃទី៥ ខែឧសភា ដល់១៧ ខែឧសភា។ ម្ចាស់ផ្ទះកម្ពុជាបានជ្រើសក្រុងចំនួន៥ រួមមាន ភ្នំពេញ សៀមរាប ព្រះសីហនុ កំពត និងកែប ដើម្បីដឹកនាំរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ។



ក្រុងសៀមរាប ត្រូវរ៉ាប់រងរៀបចំការប្រកួត៤ប្រភេទកីឡា ដែលរួមមានកីឡារត់ម៉ារ៉ាតុង កង់គួក កង់ភ្នំ និងដើរ២០គីឡូម៉ែត្រ។ ក្នុងចំណោម៤ប្រភេទកីឡានេះ កីឡារត់ម៉ារ៉ាតុង កង់គួក និងដើរ២០គីឡូម៉ែត្រ ត្រូវធ្វើនៅតំបន់អង្គរវត្ត រីឯកង់ភ្នំ ត្រូវរៀបចំនៅភ្នំគូលែន។
 
តាមកាលវិភាគរបស់ CAMSOC កីឡារត់ម៉ារ៉ាតុង និងដើរ២០គីឡូម៉ែត្រ នឹងធ្វើនៅថ្ងៃទី៦ ខែឧសភា តែមួយថ្ងៃប៉ុណ្ណោះ។ កង់ភ្នំ នឹងចាប់ផ្តើមពីថ្ងៃទី៦ ខែឧសភា និងកង់គួកត្រូវចាប់ផ្តើមប្រកួតនៅថ្ងៃទី១១ ខែឧសភា។
 
ក្រុងព្រះសីហនុ នឹងទទួលរៀបចំ៣ប្រភេទកីឡា រួមមានកីឡាទូកក្តោង ម៉ូតូទឹក និងបាល់ទះឆ្នេរខ្សាច់។ កីឡាទូកក្តោង និងម៉ូតូទឹក ត្រូវធ្វើនៅតាមមាត់សមុទ្រ របតាមមហាវិថីព្រះសីហនុ ជាប់សណ្ឋាគារសុខា និងកីឡាបាល់ទះឆ្នេរខ្សាច់ ធ្វើនៅឆ្នេរអូត្រេស។ តាមការគ្រោងទុក ការប្រកួតម៉ូតូទឹក និងទូកក្តោង នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១ ខែឧសភា ដូចគ្នា ឯបាល់ទះឆ្នេរខ្សាច់ចាប់ផ្តើមថ្ងៃទី១១ ខែឧសភា។
 
ក្រុងកំពត ត្រូវអនុញ្ញាតឱ្យទទួលរៀបចំកីឡាប្រណាំងទូកនាគតែមួយប៉ុណ្ណោះ ដែលនឹងត្រូវធ្វើនៅព្រែកកំពត ខេត្តកំពតតែម្តង។ កីឡាប្រណាំងទូកនាគ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១០ ខែឧសភា។
 
ដោយឡែក កីឡាទ្រីយ៉ាត្លុង នឹងធ្វើនៅក្នុងក្រុងកែប ខេត្តកែប។ កីឡាទ្រីយ៉ាត្លុងដែលមាន៣វិញ្ញាសា នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី៦ ខែឧសភា។
សម្រាប់រាជធានីភ្នំពេញ នឹងត្រូវទទួលរ៉ាប់រង២៦ប្រភេទកីឡា បូករួមជាមួយកីឡាបាល់ទាត់លើតុ (Teqball) ផង៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com