សារ៉ា ធ្លាយដំណឹងថា បណ្តើរប្រុសចូលសណ្ឋាគារ
×
ភ្នំពេញ៖ តារាសម្តែងស្រី ដែលជាតួម្ចាស់ហាងកោសជប់ នៅក្នុងរឿង “កូនឥតខាន់ស្លា” ឈ្មោះពិតរបស់នាងគឺ សារ៉ា ។ កាលពីពេលថ្មីៗនេះ ធ្លាយដំណឹងថា នាងបានបណ្តើរតារាប្រុសវ័យក្មេងម្នាក់ ដែលគេសង្ស័យថា ជាប្រុសស្នេហ៍របស់នាង ចូលសណ្ឋាគារទាំងកណ្តាលថ្ងៃត្រង់។
ទោះបីជាខ្សែវីដេភាគ រឿង “កូនឥតខាន់ស្លា” បានចាក់បញ្ចាំងចប់ទៅហើយក្តី ប៉ុន្តែមហាជនមួយចំនួនប្រហែលជានៅមិនទាន់ភ្លេចតួអង្គម៉ែយ៉ែម ម្ចាស់ហាងកោសជប់ ដែលមានឈ្មោះថា ប្រិមប្រិយ នោះទេ។ តួអង្គនាង ប្រិមប្រិយ ដែលភ្ញៀវប្រុសៗហៅថា ចែៗ មានឈ្មោះពិតប្រាកដថា សារ៉ា នោះ ថ្មីៗនេះបានបែកធ្លាយព័ត៌មានថ្មីថា នាងកំពុងសាងស្នេហ៍យ៉ាងស្និទ្ធស្នាលជាមួយតារាសម្តែងប្រុសវ័យក្មេងម្នាក់ ហើយថែមទាំងត្រូវគេប្រមាញ់បានរូបរបស់នាង និងបុរសវ័យក្មេងនោះ បណ្តើរគ្នាចូលសណ្ឋាគារទាំងកណ្តាលថ្ងៃត្រង់ទៀតផង។
ទាក់ទិននឹងព័ត៌មានដ៏រសើបនេះ “ថ្មី” បានទាក់ទងសុំការបំភ្លឺពីកញ្ញា សារ៉ា កាលពីពេលកន្លងទៅ ដោយនាងបានសារភាពថា ពិតជាបានបណ្តើរបុរសវ័យក្មេងម្នាក់ ដែលជាតារាសម្តែងដូចគ្នាចូលសណ្ឋាគារពិតមែន។ នាង សារ៉ា បញ្ជាក់ឲ្យដឹងថា នាងបានឲ្យមិត្តភក្តិប្រុសម្នាក់ដែលមានឈ្មោះថា ឡុង ប៊ុនហេង ជាតារាសម្តែងដូចគ្នា ជូននាងទៅថតកម្មវិធីសិល្បៈមួយ នៅសណ្ឋាគារ vila boring នៅម្តុំក្រោយហាងកែសម្ផស្ស គ្រីស្ទីណា តាមបណ្តោយផ្លូវក្រោយព្រះបរមរាជវាំង។
សារ៉ា បន្តឲ្យដឹងថា តាមពិតទៅ នាងមិនដឹងថា មានគេប្រមាញ់រូបរបស់នាងដែលបណ្តើរគ្នាជាមួយ ឡុង ប៊ុនហេង នោះទេ ខណៈដែលនាង និង ឡុង ប៊ុនហេង ទៅណាមកណា តែងអាស្រ័យដោយរថយន្តជាមួយនាង នៅពេលចុះពីឡាន មិនដឹងថា មានគេលួចថតរូបនាង និង ឡុង ប៊ុនហេង នោះទេ។
ម្ចាស់ក្រុមម៉ូដែលរូបនេះ បានអះអាងថា តាមពិតទៅ នាង និង ប៊ុនហេង មិនមានទំនាក់ទំនងអ្វីក្រៅពីមិត្តភក្តិស្និទ្ធស្នាលនោះទេ ម្យ៉ាង ប៊ុនហេង មានអាយុក្មេងជាងនាងច្រើន ដែលពួកនាងបានស្គាល់គ្នាក្នុងពេលដែលទៅសម្តែងរឿងកុនជួបគ្នាជាច្រើនរឿងកន្លងមកនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com