ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូរទស្សន៍ព្រះអាទិត្យ៖ CNRP ប្រមូលវិភាគទានបាន ៣៥ម៉ឺនដុល្លារហើយ គិតត្រឹមថ្ងៃទី១៥ កក្កដា
18, Jul 2015 , 4:35 pm        
រូបភាព
គិតត្រឹមថ្ងៃទី១៥ កក្កដា គណបក្សសង្គ្រោះជាតិ ទទួលវិភាគទាន និងទុនវិនិយោគចំនួន ប្រមាណជា ៣៥ម៉ឺន ដុល្លារអាមេរិកហើយ ក្រោយពីគណបក្សបានប្រមូលវិភាគទាន និងទុនវិនិយោគ ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ សំរាប់គំរោងទូរទស្សន៍ព្រះអាទិត្យ ។



លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបង្ហោះនៅលើហ្វេសបុកបានឲ្យដឹងថា ថវិការសរុបដែលគណបក្សសង្គ្រោះជាតិប្រមូលបានត្រឹមថ្ងៃទី១៥ កក្កដា មានចំនួនជាង ៣១១,៧៨៦ ដុល្លារ និងប្រាក់រៀលប្រមាណ ១៥៦,០៤២,១០០ រៀល ។

កន្លងមកលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សលោកនឹងប្រមូលវិភាគទាន និងទុនវិនិយោគឲ្យបានគ្រប់៣លានដុល្លារ ដើម្បីសម្រេចគោលដៅដែលបានកំណត់ថាបុស្តិ៍ទូរទស្សន៍ថ្មីនេះ នឹងដំណើរការនៅចុងឆ្នាំ២០១៥ ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា ទូរទស្សន៍ព្រះអាទិត្យ នឹងផ្តល់ព័ត៌មានដែលមានវិជ្ជាជីវៈ បង្ហាញពីតថភាពពិតរបស់សង្គម ផ្តល់ការអប់រំដល់ប្រជាពលរដ្ឋ និងបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ  មិនមែនបង្កើតឡើងដើម្បីបម្រើប្រយោជន៍គណបក្សនោះទេ។ នៅក្នុងកម្មវិធីទទួលវិភាគទានកាលពីថ្ងៃទី២៧មិថុនា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែង ថា៖«ទូរទស្សន៍ព្រះអាទិត្យ គឺជាទូរទស្សន៍ដែលនិយាយការពិត ឥតលម្អៀង»៕


© រក្សាសិទ្ធិដោយ thmeythmey.com