ជាតិ
សង្គមជាតិ
អាជ្ញាធរ​បិទ​ទីតាំង​ផលិត​ស្រា​ទូទាំង​ខេត្តក្រចេះ ខណៈ​អ្នកស្លាប់​បន្ត​កើនឡើង​
15, Dec 2015 , 10:28 am        
រូបភាព
​ទីតាំង​ផលិត​ស្រា​នៅ​ទូទាំង​ខេត្តក្រចេះ ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​មាន​ករណី​ពុល​ស្រា ស ស្រាថ្នាំ និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​។



លោក ស ចំរុង អភិបាលខេត្ត​ក្រចេះ បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗតាមរយៈ​ខ្សែ​ទូរ​សព្ទ​ថា​៖«​យើង​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ផ្អាក​អាជីវកម្ម​បិទស្រា​នៅតាម​ភូមិ ឃុំ ជា​បណ្តោះអាសន្ន​នៅ​ទូទាំង​ខេត្តក្រចេះ​នេះ​។ ហើយ​បើ​ពួកគាត់​ចង់​បន្ត​បិទស្រា​វិញ ត្រូវសុំ​ច្បាប់​អនុញាត​ជាមុនសិន​»​។ លោក​បន្តថា ប្រសិនបើ​ប្រជាពលរដ្ឋ​ទាំងនោះ​នៅតែ​ល្មើស​បន្ត​អាជីវកម្ម​ទៀត អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៥​ខែធ្នូ​នេះ មាន​ពលរដ្ឋ​ចំនួន​១៦​នាក់​ហើយ បាន​ស្លាប់ និង​១៥៣​នាក់​ទៀត​កំពុង​សម្រាក​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​។ ​នេះ​ជាការ​បញ្ជាក់​របស់លោក ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​។ ទាក់ទង​នឹង​ករណី​ស្រា​ដែល​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពុល លោក ឈ្នាង សុ​វុត្ថា បាន​បន្ត​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  ព្រោះ​នៅក្នុង​ស្រា​នោះ មាន​កម្រិត​មេ​តា​ណុល​លើសពី​កម្រិត​ធម្មតា​គឺ​០.១៥​ភាគរយ ដែល​អាច​បណ្តាល​ឲ្យ​ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម និង​អាច​ធ្ងន់ធ្ងរ​រហូតដល់​ស្លាប់​។ បើតាម លោក ឈ្នាង សុ​វុត្ថា លទ្ធផល​វិភាគ​សំណាក​ស្រាស ដែល​ទទួលបាន​ពី​កន្លែងកើតហេតុ បង្ហាញថា​ស្រាស និង​ស្រាថ្នាំ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ពិសារ​ក្នុង​តំបន់​ដែល​កើត​ហេតុនេះ មាន​សារជាតិ​មេ​តា​ណុល​កម្រិត​ខ្ពស់​រហូតដល់​ទៅ​១២​ភាគរយ​។ 
 
​ក្រោយ​មាន​ករណីនេះ​ផ្ទុះឡើង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​បរិភោគ​ស្រាស ឬ​ស្រាថ្នាំ ដែល​ផលិត​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ និង​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការបរិភោគ​សាច់សត្វ​ដែល​ឈឺ ឬ​ងាប់​៕
 

Tag:
 ស្រាស​
 ​ស្រាថ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com