បទយកការណ៍ / បទសម្ភាសន៍
កម្ពុជា​អាច​ចំណេញ​កន្លះ​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ថ្ងៃ បើ​ចេះ​ផលិត​ចំណី​សត្វ​ខ្លួនឯង​
28, Feb 2016 , 3:19 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អ្នកជំនាញ​ផលិត​ចំណី​គ្រប់​ប្រភេទ បាន​និយាយថា បើសិនជា​កសិករ​ខ្មែរ​អាច​ផលិត​ចំណី​សត្វ​ចិញ្ចឹម ពិសេស​គឺ​ចំណី​សម្រាប់​សត្វ​ជ្រូក​ដោយ​ខ្លួនឯង  កម្ពុជា​អាច​ចំណេញ​ថវិកា​កន្លះ​លាន​ដុល្លារ​អាមេរិក ក្នុង​មួយថ្ងៃ​។ លោក ចាន់ សុភ​ក្ត្រ អ្នកជំនាញ​ផលិត​ចំណី​សត្វ​បាន​បន្តថា កសិករ​អាច​ផលិត​ចំណី​ធម្មជាតិ​ដែលមាន​គុណភាព​មិន​ចាញ់​ចំណី​លើ​ទីផ្សារ​ឡើយ ហើយ​ចំណាយ​តិច តែ​ចំណេញ​ពី ៣០ ទៅ ៤០​ភាគរយ​។ លោក​ថា កសិករ​ចំណាយ​ជាង ៧០០​ដុល្លារ​សម្រាប់​ទិញ និង​ដំឡើង​ឧបករណ៍​ផលិត​ផ្ទាល់ខ្លួន ហើយ​លទ្ធភាព​ផលិត​ចំណី​សត្វ​បាន​ពី ៦០០ ទៅ ៨០០​គីឡូក្រាម ក្នុង​មួយថ្ងៃ​។ ហើយ​ថា តាមរយៈ​នេះ កម្ពុជា​អាច​កាត់បន្ថយ​ការនាំ​ចំណី និង​សាច់សត្វ​ពី​ប្រទេស​ច្រើន​។​



«​បើ​យើង​នាំគ្នា​អត់​ទិញ​ផលិតផល​ចំណី​សត្វ​ដែល​គេ​នាំចូល ពី​ក្រុមហ៊ុន​បរទេស​មក​ផលិត​ក្នុងស្រុក ប៉ុន្តែ​ខ្មែរ​យើង​អាច​ធ្វើបាន​ខ្លួនឯង គុណភាព​ដូចគ្នា យើង​ជួយ​ទិញ​ហើយ ឲ្យ​លុយ​ហ្នឹង នៅក្នុង​ប្រទេស​របស់​យើង គឺ​លុយ​អត់​ចេញទៅ​ក្រៅ​ទេ​»​។ នេះ​ជាការ​ពន្យល់​របស់លោក សុភ​ក្ត្រ​។​
 
​លោក ចាន់ សុភ​ក្ត្រ និយាយ​យោងតាម​របាយការណ៍​ស្រាវ​ជ្រា​ពី​តម្រូវការ និង​ការផ្គត់ផ្គង់​ចំណី​សត្វ​នៅ​កម្ពុជា​របស់​អង្គការ DAI ក្រោម​ជំនួយ​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ក្នុង​ឆ្នាំ ២០១២ ថា កសិករ​កម្ពុជា​ត្រូវការ​ចំណី​សត្វ ២​ពាន់​តោន​ថ្ងៃមួយ ប្រមាណ ៧​សែន​តោន​ក្នុង​មួយឆ្នាំ ហើយ​បើ ចំណី ១​តោន តម្លៃ​ជាង ៥០០​លាន​ដុល្លារ​នោះ លោក​ថា កម្ពុជា​ត្រូវ​ចំណាយ​ជាង ១​លាន​ដុល្លារ សម្រាប់​ទិញ​ចំណី​សត្វ​ពី​បរទេស ក្នុង​មួយថ្ងៃ  មានន័យថា លុយ​ជាង ១​លាន​ដុល្លារ​ត្រូវបាន​ធ្លាក់​ចូលក្នុង​ហោប៉ៅ​បរទេស​ក្នុង​មួយថ្ងៃ​។ លោក​ថា ចំណី​សត្វ ៦០​ភាគរយ នាំចូល​ពី​បរទេស និង ៤០​ភាគរយ ជា​ចំណី​សត្វ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បរទេស​ក្នុងស្រុក ប៉ុន្តែ​លោក​ថា បើ​ខ្មែរ​អាច​ផលិត​បាន ៥០​ភាគរយ​នោះ ខ្មែរ​ន​នឹង​សល់​ថវិកា កន្លះ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​។ លោក​ថា លោក​នឹង​បង្រៀន​ពលរដ្ឋ​ពី​រូបមន្ត​ផលិត​ចំណី​សត្វ​ដោយ​ឥតគិតថ្លៃ​។ 
 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ចាន់ សុភ​ក្ត្រ ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន Angkor Green Investment and Development (AGID) ដូចតទៅ​៖






Tag:
 ចំណី​សត្វ​
  ជ្រូក​
  AGID
© រក្សាសិទ្ធិដោយ thmeythmey.com