ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បើ​គ្មាន​មួកសុវត្ថិភាព កូនស្រី​ខ្ញុំ​របួស​ក្បាល​ធ្ងន់ធ្ងរ​
25, Jun 2016 , 11:12 am        
រូបភាព
​បើទោះជា​រដ្ឋាភិបាល​ចាប់ផ្តើម​អនុវត្តន៍​ច្បាប់​ថ្មី ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែលមាន​ការពិន័យ​ធ្ងន់ធ្ងរ​ក៏ដោយ ច្បាប់​នេះ​ហាក់​នៅ​មិនទាន់មាន​ឥទ្ធិពល​លឿន និង​ខ្លាំងក្លា​ដែល​ជំរុញ​ឲ្យ​អ្នករួមដំណើរ​លើ​ទោចក្រយាន ពាក់មួក​សុវត្ថិភាព​ឡើយ​។ យោងតាម​ការវាយតម្លៃ​បឋម​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP) កំណើន​នៃ​ការពាក់​មួកសុវត្ថិភាព​ក្នុងចំណោម​អ្នករួមដំណើរ​លើ​ម៉ូតូ នៅ​ទាប​នៅឡើយ​។ តំណាង​អង្គការ AIP អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការអប់រំ និង​បន្តឹង​ការអនុវត្ត​ច្បាប់ ដើម្បី​បង្កើន​កំណើន​ពាក់មួក​សុវត្ថិភាព ដែល​អាចជួយ​បង្ការ​ជីវិត​អ្នកធ្វើដំណើរ​តាម​ទោចក្រយាន​។​



​កាលពី​ខែមីនា​ឆ្នាំ​២០១៦​នេះ លោក ប្រាក់ សុខ​ឃឿន និង​ភរិយា ព្រមទាំង​កុមារី អួន ចាន់​ធាវីន ជា​កូនស្រី ត្រូវធ្វើ​ដំណើរ​រួមគ្នា​តាម​ម៉ូតូ ពី​ក្រុង​ច្បារមន នៃ​ខេត្តកំពង់ស្ពឺ ទៅ​ចូលរួម​ពិធីមង្គលការ​សាច់ញាតិ​នៅ​ស្រុក​ក្រូចឆ្មារ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ កុមារី ធា​វីន បាន​អង្គុយ​នៅ​ចន្លោះ​ឪពុក​ដែលជា​អ្នកបើកបរ និង​ម្តាយ​ដែល​អង្គុយ​ពីក្រោយ​។ លោក សុខ​ឃឿន ដែល​កំពុង​បើកបរ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​នៅលើ​ថ្នល់ជាតិ បានគេច​ពី​ជង្ហុក​មួយ ហើយ​បានធ្វើ​ឲ្យ​កូនស្រី និង​ភរិយា​របស់លោក​ខ្ទាត​ពីលើ​ម៉ូតូ ហើយ​បោក​ទៅនឹង​ថ្នល់​។ នេះ​ជាការ​រៀបរាប់​របស់លោក ប្រាក់ សុខ​ឃឿន ដែល​កំពុង​រំ​ឮ​ក​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ប្រាប់​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ​។ និយាយ​នៅក្នុង​បរិវេណ​នៃ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន អង្គ​សិរី លោក សុខ​ឃឿន បាន​បន្ត​រំ​ឮ​ក​ហេតុការណ៍​នោះ​ទៀតថា កូនស្រី ធា​វីន របស់លោក​ដែលមាន​អាយុ​៧​ឆ្នាំ បាន​ស្រែកយំ​ឮ​ខ្លាំង​ដោយ​ការ​ភ័យ​ស្លន់​នឹង​ហេតុការណ៍​។ សម្រែក​ទ្រ​ហ៊ោ​យំ​របស់​កូនស្រី​នោះ បានធ្វើ​ឲ្យ​ឪពុក និង​ម្តាយ​ដែលមាន​របួស​រលា​ត់ដៃ និង​ជើង​ដែរនោះ ភ្លេច​ពី​ការឈឺចាប់ ហើយ​ស្ទុះ​ទៅ​លើក​ត្រកង​កូនស្រី​ពី​ថ្នល់​មកវិញ​។​



​លោក សុខ​ឃឿន ជា​ឪពុក​បាន​រៀបរាប់​បន្ត​យ៉ាង​ដូច្នេះ​៖«​កូន​យំ​ខ្លាំង ខ្ញុំ​ក៏​ភ័យ​ខ្លាំង​។ ខ្ញុំ​ស្ទុះ​ទៅលើ​កកូន​មក​មើល ខ្ញុំ​ឃើញ​គាត់​មាន​របួស​ជើង និង​ចង្កេះ​។ ហើយ​មួកសុវត្ថិភាព​ដែល​កូន​ពាក់​ទៅ​សាលារៀន​រាល់ថ្ងៃ​នោះ បាន​បែក​រយះ​ខាងក្រោយ​ប្រហែល​៥​សង់ទីម៉ែត្រ​»​។ លោកឪពុក ប្រាក់ សុខ​ឃឿន បាន​យល់​ភ្លាម​ថា បើសិនជា​កូនស្រី​របស់លោក​មិនបាន​ពាក់មួក​សុវត្ថិភាព​ដែល​អ្នកគ្រូ​របស់គេ​ណែនាំ​ឲ្យ​ពាក់​នោះទេ កូនស្រី​របស់លោក​ច្បាស់​ជាមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៅត្រង់​ក្បាល​ផ្នែក​ខាងក្រោយ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។​

​ដោយសារតែ​ការចាប់ផ្តើម​អនុវត្តន៍​ច្បាប់​ថ្មី​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​២០១៦ ដែល​តម្រូវ​ឲ្យ​អ្នកជិះ​ទោចក្រយាន​ផ្នែក​ខាងក្រោយ​ពាក់មួក​សុវត្ថិភាព​ដូច​អ្នកបើកបរ​ដែរនោះ ក្រុមគ្រួសារ​លោក ប្រាក់ សុខ​ឃឿន មិនបាន​បំពាន​ច្បាប់​នេះឡើយ​។ នៅពេល​ដែលមាន​ឧបទ្ទវហេតុ​ដួល​ម៉ូតូ​នោះ ទាំង​ឪពុក និង​ទាំង​ម្តាយ និង​កូនស្រី ធា​វីន សុទ្ធតែ​ពាក់មួក​សុវត្ថិភាព​។​

​បន្ទាប់ពី​បានដឹងថា ពួកគេ​បាន​រួច​ផុតពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ ជាពិសេស​សម្រាប់​កូនស្រី​ខ្លួន ឪពុកម្តាយ​ទាំងពីរ​រឹតតែ​បានដឹង​ពី​គុណប្រយោជន៍​នៃ​មួកសុវត្ថិភាព​។ «​មួកសុវត្ថិភាព​មាន​សារៈសំខាន់​ខ្លាំងណាស់ ពីព្រោះថា គ្រោះថ្នាក់​យើង​មើលមិនឃើញ​។ ដូច​ថ្ងៃ​ខ្ញុំ​ដួល​អ៊ីចឹង បើ​កុំ​តែ​បាន​មួកសុវត្ថិភាព កូន​ខ្ញុំ​បែកក្បាល​បាត់​ហើយ​។ តែ​បាន​មួក​ជួយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប្រាក់ សុខ​ឃឿន មុននឹង​លោក​បន្ថែ​មយ៉ាង​ដូច្នេះ​៖«​អរគុណ​មួកសុវត្ថិភាព​ហើយ​។ បើ​មិន​អ៊ីចឹង យើង​មិនបាន​ទៅ​ចូលរួម​ពិធីមង្គលការ​ក្មួយ​ទេ ហើយ​ត្រូវ​រក​ពេទ្យ អស់​លុយ​ថែមទៀត​»​។​



​ទម្លាប់​នៃ​ការប្រើប្រាស់​មួកសុវត្ថិភាព​ក៏​អាច​ទទួល​ឥទ្ធិពល​បន្ថែម​ពី​កូនស្រី​ដែលជា​សិស្សសាលា​បឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន អង្គ​សិរី​។ សាលាបឋមសិក្សា​នៃ​ក្រុង​ច្បារមន​ក្នុង​ខេត្តកំពង់ស្ពឺ​មួយ​នេះ គឺជា​គោលដៅ​មួយ​នៃ​គម្រោង​ដែលមាន​ឈ្មោះថា «​មួកសុវត្ថិភាព​មួយ ជួយ​ជីវិត​បាន​ម្នាក់​»  របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ហៅ​កាត់​ថា AIP ។ គម្រោង​នេះ មាន​រយៈពេល​២​ឆ្នាំ ដោយបាន​ចាប់ផ្តើម​ពី​ខែមិថុនា ឆ្នាំ​២០១៤ ដល់​ខែឧសភា ឆ្នាំ​២០១៦ ។ គម្រោង​នេះ​គ្របដណ្តប់​ខេត្ត​គោលដៅ​ចំនួន​៣ គឺ​ខេត្តកណ្តាល និង​កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​។ សិស្សានុសិស្ស​ចំនួន ១៨​សាលាបឋមសិក្សា ដែល​ស្មើនឹង​ប្រមាណ ២​ម៉ឺន​នាក់ បានទទួល​មួកសុវត្ថិភាព​ម្នាក់​មួយ​ពី​គម្រោង​នេះ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​របស់​គ្រួសារ​កុមារី អួន ចាន់​ធា​វីន បាន​ក្លាយជា​ឧទាហរណ៍​ជាក់ស្តែង​មួយ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ថ្នាក់ដឹកនាំ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន អង្គ​សិរី ក្នុងការ​អប់រំ​សិស្ស និង​ជំរុញ​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​ពាក់មួក​សុវត្ថិភាព​។ ទន្ទឹមគ្នានេះ ករណីនេះ​ក៏បាន​ឆ្លុះបញ្ចាំង​អំពី​សារៈសំខាន់​នៃ​យុទ្ធនាការ «​មួកសុវត្ថិភាព​មួយ ជួយ​ជីវិត​បាន​ម្នាក់​» របស់​អង្គការ AIP ដែរ​។​

​គម្រោង​«​មួកសុវត្ថិភាព​មួយ​ជួយ​ជីវិត​បាន​ម្នាក់​» ត្រូវបាន​បង្កើតឡើង​ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​ការពាក់​មួកសុវត្ថិភាព ក្នុងចំណោម​អ្នករួមដំណើរ ឲ្យ​បាន​៨០​ភាគរយ នៅក្នុង​ឆ្នាំ​២០១៦ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គឹម បញ្ញា ដែលជា​នាយក​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP)​។ លោក គឹម បញ្ញា បាន​អះអាង​ឲ្យ​ដឹងថា តាមរយៈ​នៃ​ការអនុវត្ត​គម្រោង​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ កំណើន​នៃ​ការពាក់​មួកសុវត្ថិភាព​នៃ​ក្រុម​អ្នករួមដំណើរ នៅក្នុង​តំបន់​គោលដៅ​នៃ​គម្រោង បាន​កើនឡើង​ជាង​៩០​ភាគរយ ហើយ​ថា អាណាព្យាបាល​ក៏បាន​យកចិត្តទុកដាក់​ពី​សុវត្ថិភាព​របស់​កូនៗ​ពួកគេ ច្រើនជាង​មុន​ដែរ​។​

​គ្រប់កន្លែង​ត្រូវ​ជំរុញ​ការពាក់​មួកសុវត្ថិភាព ពិសេស​សម្រាប់​អ្នករួមដំណើរ​ជាមួយ​
​បើទោះជា​មាន​យុទ្ធនាការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​យ៉ាងសកម្ម​យ៉ាងណាក៏ដោយ គេ​នៅតែ​សង្កេតឃើញ​មាន​ពលរដ្ឋ​មួយចំនួនធំ​នៅតែ​មិន​ផ្តល់​តម្លៃ​ដល់​ការពាក់​មួកសុវត្ថិភាព ទាំង​អ្នកបើកបរ និង​ទាំង​អ្នករួមដំណើរ​ជាមួយ ជាពិសេស​គឺ​កុមារ​ដែល​រួម​ដំណើរ​ជាមួយ​។​



​គ្មាន​មូលហេតុ​ថ្មី​ឡើយ​សម្រាប់​អ្នក​ដែល​មិន​ព្រម​ពាក់មួក​សុវត្ថិភាព ពោលគឺ កត្តា​ជីវភាព ពលរដ្ឋ​មួយចំនួន នៅតែ​គ្មាន​ស្មារតី​ចូលរួម​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ការអនុវត្ត​ច្បាប់​មិន​ម៉ឺងម៉ាត់ និង​មិនទាន់​ទូលំទូលាយ​ជាដើម​។ នេះ​បើតាម​ការវាយតម្លៃ​រប​ស់លោក គឹម បញ្ញា​។ នាយក​នៃ​អង្គការ AIP បាន​ពន្យល់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​អ្នកខ្លះ​គិតថា គាត់​ធ្វើដំណើរ​ជិតៗ​។ អ្នក​ខ្លះទៀត​គិតថា ពួកគេ​អាច​ជិះ​ផ្លូវ​វាង ឬ​គេច​ពី​នគរបាល​បាន​។ លើសពីនេះ ការដាក់​គោលដៅ ពិន័យ នៅមាន​ដោយ​អន្លើ និង​មិន​គ្រប់គ្រាន់​។ នេះ​ជាការ​ខ្វះខាត​មួយ​»​។​

​នៅ​ប្រទេស​វៀតណាម គ្រាន់តែ​រយៈពេល​មួយ​យប់​នៃ​ការ​រឹតបន្តឹង​ការពាក់​មួកសុវត្ថិភាព អត្រា​នៃ​ការ​ពាក់មួក​បាន​កើន​ពីក្រោម​១០​ភាគរយ រហូតដល់​លើ​៩០​ភាគរយ​។ ចំណែក​នៅ​កម្ពុជា​វិញ AIP​បានកត់សម្គាល់​ឃើញថា រយៈពេល​៣​សប្តាហ៍​ដំបូង​នៃ​ការអនុវត្ត​ច្បាប់ ការ​ពាក់មួក​បាន​កើនឡើង​ប្រហែល​៣០​ភាគរយ​ប៉ុណ្ណោះ​។ តួលេខ​នេះ បានធ្វើ​ឲ្យ​អង្គការ​AIP បារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ​។​

​តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​បង្កើន​ចំនួន​អ្នក​ពាក់មួក​សុវត្ថិភាព ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​? នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី លោក គឹម បញ្ញា បាន​ថ្លែងថា​៖«​មានតែ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ស្តីពី​ការពាក់​មួកសុវត្ថិភាព​ទៅតាម​សហគមន៍ ទន្ទឹមគ្នា​នឹង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ប៉ុណ្ណោះ ដែលជា​យន្តការ​ចម្បង​ក្នុងការ​ជំរុញ​ការពាក់​មួកសុវត្ថិភាព​របស់​ពលរដ្ឋ​»​។ ក្រៅពីនេះ បើតាម​ការបញ្ជា​ក់រប​ស់លោក គឹម បញ្ញា ដដែល គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដែល​អាច​ផ្តួចផ្តើម​ឲ្យ​មាន​បទបញ្ជាផ្ទៃក្នុង ឬ​ការកំណត់​ការពាក់​មួកសុវត្ថិភាព​នៅតាម​ស្ថាប័ន​ផ្ទាល់​តែម្តង ដើម្បី​ជំរុញ និង​ធានាថា មានការ​ពាក់មួក​សុវត្ថិភាព​ក្នុងចំណោម​អ្នកធ្វើដំណើរ​តាម​ទោចក្រយាន​។​

​សម្រាប់​លោក គឹម បញ្ញា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​រឿង​របស់​មនុស្ស​ទាំងអស់​គ្នា​។ លោក​បន្តថា រដ្ឋាភិបាល មន្ត្រីនគរបាល វិស័យ​រដ្ឋ និង​ឯកជន គឺជា​អ្នក​ដែលមាន​កាតព្វកិច្ច​រួមចំណែក ក្នុងការ​កាត់បន្ថយ​ក​រ​ណី​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការចូលរួម​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស គឺ​ប្រជាពលរដ្ឋ ដែលជា​អ្នកធ្វើដំណើរ​ទាំងអស់​តែម្តង​។



​ម្យ៉ាងវិញទៀត ការមិន​មានចែង​អំពី​ការពិន័យ​កុមារ​ដែល​រួម​ដំណើរ​ជាមួយ និង​មិន​ពាក់មួក​សុវត្ថិភាព នៅក្នុង​អនុក្រឹត្យ​ស្តីពី​ការពិន័យ​ក៏​ជា​កត្តា​ដែល​រារាំង​កំណើន​នៃ​ការពាក់​មួកសុវត្ថិភាព​ដែរ​។ នេះ​ជាការ​បន្ថែម​របស់ លោក គឹម បញ្ញា ដែល​បន្តថា រដ្ឋាភិបាល​វៀតណាម បាន​រាប់បញ្ចូល​កុមារ នៅក្នុង​ការពិន័យ នៅពេលដែល​ពួកគេ​ប្រព្រឹត្តិ​ល្មើសច្បាប់ ដូច​មនុស្ស​ទូទៅ​ដែរ​។ នាយក​អង្គារ AIP បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការ​មិនបាន​បង្ខំ​ឲ្យ​កុមារ ពាក់មួក​សុវត្ថិភាព នោះ​កុមារ​ក៏​ក្លាយជា​ជនរងគ្រោះ​កាន់តែច្រើន​ដែរ​។ រដ្ឋាភិបាល ត្រូវ​គិតគូរ​ពី​ចំណុច​នេះ ព្រោះ​មាន​កុមារ​ច្រើនណាស់ ដែល​ធ្វើដំណើរ​ជាមួយ​ឪពុកម្តាយ​ដោយ​ធ្វេសប្រហែស​។ ដូច្នេះ យើង​ត្រូវ​គិតគូរ​ពី​ទំពាំង​ស្នង​ឫស្សី​របស់​យើង​»​។​

​ទាក់ទង​នឹង​ការពិន័យ​ណាមួយ​ចំពោះ​កុមារ​ដែល​មិន​ពាក់មួក​សុវត្ថិភាព វា​ហាក់​មិនទាន់​អាច​អនុវត្តន៍​បានឡើយ នៅពេលនេះ​នៅ​កម្ពុជា​។ នេះ​បើតាម​ការអះអាង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍ ទី ឡុង អនុប្រធាននាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ លោក ទី ឡុង ពន្យល់ថា​៖«​នៅពេលនេះ យើង​មិន​ចង់​មានការ​ពិន័យ​ចំពោះ​កុមារ​ទេ ពីព្រោះ​កុមារ​មិនទាន់មាន​ស្មារតី​ក្នុងការ​បើកបរ ឬ​ការទទួលខុសត្រូវ គ្មាន​ប្រាក់កាស​សម្រាប់​បង់ ពេល​ពិន័យ​»​។ ទោះ​យ៉ាងនេះ​ក្តី បើតាម​ប្រសាសន៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ដដែល រដ្ឋាភិបាល​មិន​ទុកចោល​ទាំងស្រុង នូវ​ការពិចារណា​អំពី​លទ្ធភាព​នៃ​ការផាកពិន័យ​កុមារ នៅពេល​ខាងមុខ ប្រសិនបើ​ពួកគេ​នៅតែ​មិន​ព្រម​ពាក់មួក​សុវត្ថិភាព​។​

​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ចំពោះ​ការពាក់​មួកសុវត្ថិភាព អាចជួយ​ជីវិត​៥៦១​នាក់​ក្នុង​មួយឆ្នាំ​
​យោងតាម​ការសិក្សា​រប​ស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ការពាក់​មួកសុវត្ថិភាព​អាច​កាត់បន្ថយ​អត្រា​ស្លាប់​រហូតដល់​៤២​ភាគរយ និង​ការរង​របួស​ធ្ងន់ធ្ងរ​ដល់​ទៅ​៦៩​ភាគរយ ក្នុងករណី​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​។ របាយការណ៍​ដែល​បង្ហាញថា ប្រសិនបើ​មានការ​អនុវត្ត​ច្បាប់​ចំពោះ​ការពាក់​មួកសុវត្ថិភាព សម្រាប់​អ្នករួមដំណើរ តាម​ម៉ូតូ ព្រមទាំង​កុមារ ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព ប្រការនេះ​នឹង​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​អ្នករួមដំណើរ​តាម​ម៉ូតូ ព្រមទាំង​កុមារ​បាន​យ៉ាងតិចណាស់ ៥៦១​នាក់ និង​ការពារ​ការរង​របួស​ក្បាល​រហូតដល់​១០,៥៧៤​នាក់ គិត​ត្រឹម​ឆ្នាំ​២០២០ ព្រមទាំង​កាត់បន្ថយ​ការខាតបង់​ថវិកា​បាន​ជាង​៩៨​លាន​ដុល្លារ​។​

​តួលេខ​គ្រោះថ្នាក់​ថយចុះ ក្នុង​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ​
​របាយការណ៍​ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បង្ហាញថា រយៈពេល​មួយ​ឆមាស​ឆ្នាំ​២០១៦​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​២២៧៨​លើក​។ តួលេខ​នេះ បានបង្ហាញ​ពី​ការថយចុះ​ចំនួន​២៣៦​លើក ដែល​ស្មើនឹង​៩​ភាគរយ ដោយ​ធៀប​នឹង​រយៈពេល​មួយ​ឆមាស​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៥​។ ហើយ​ក្នុងចំណោម​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំនេះ ចំនួន​អ្នក​ស្លាប់មាន​ចំនួន​១១០៨​នាក់ ថយចុះ ១២១​នាក់ ស្មើនឹង ១០​ភាគរយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទី ឡុង អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នរគ​បាល​ជាតិ បានចាត់ទុក​ការថយចុះ​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ អត្រា​ស្លាប់ និង​អត្រា​របួស​នេះ គឺជា​ជោគជ័យ​មួយ​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​។ សម្រាប់​លោក​ឧ​ត្ត​ម​សេនីយ៍ បើទោះជា​ការថយចុះ​នៃ​ចំនួន​គ្រោះថ្នាក់​មិន​ច្រើនក្តី ប៉ុន្តែ​វា​បានបង្ហាញ​អំពី​ការប្រែប្រួល​ជា​វិជ្ជមាន​មួយ​។ លោក​បាន​អះអាងថា នគរបាល​ចរាចរណ៍​នឹង​បន្ត​អនុវត្តន៍​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ទៀត​។​

​គ្រោះថ្នាក់​ចរាចរណ៍​បាន​ក្លាយជា​ឃាតករ​លាក់​មុខ​ទីមួយ​ដែល​បានសម្លាប់​ពលរដ្ឋ​កម្ពុជា​ច្រើនជាងគេ បំផ្លាញ​សេដ្ឋកិច្ចជាតិ និង​បង្ក​ផលប៉ះពាល់​សង្គម​យ៉ាង​ធំធេង​ក្នុង​មួយឆ្នាំៗ ។ រដ្ឋាភិបាល​បាន​ខិតខំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ឲ្យ​ច្បាប់​ចាស់​មាន​លក្ខណៈ​តឹងតែង នគរបាល​បាន​ព្យាយាម​អនុវត្តន៍​ច្បាប់ អង្គការក្រៅរដ្ឋាភិបាល​ពាក់ព័ន្ធ​ដូចជា អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP) ក៏បាន​ចូលរួមចំណែក​តាម​លទ្ធ​ភាព​របស់ខ្លួន​ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅឡើយ​តែ​ពលរដ្ឋ​ខ្លួនឯង​ត្រូវ​ប្តេជ្ញា​អនុវត្តន៍​ច្បាប់ ដើម្បី​ជីវិត​ខ្លួន ជីវិត​អ្នក​នៅ​ជុំវិញខ្លួន និង​ដើម្បី​កម្ពុជា​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក ទី ឡុង អនុប្រធាននាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បានលើកឡើង​ពី​សារសំខាន់​នៃ គម្រោង​«​មួកសុវត្ថិភាព​មួយ ជួយ​ជីវិត​បាន​ម្នាក់​»​របស់​អង្គការ AIP ក្នុង​ការងារ​ជំរុញ​ការពាក់​មួកសុវត្ថិភាព​ក្នុងចំណោម​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។ លោក​សង្ឃឹមថា AIP នឹង​បន្ត​គម្រោង​នេះ ព្រមទាំង​ពង្រីក​តំបន់​គោលដៅ​បន្ថែមទៀត ដើម្បី​ចូលរួមចំណែក​កាន់តែ​ខ្លាំងក្លា ក្នុងការ​កាត់បន្ថយ​អត្រា​ស្លាប់ និង​របួល​ក្បាល​ធ្ងន់ធ្ងរ​ពេល​គ្រោះថ្នាក់​កើតឡើង​៕


Tag:
 AIP
  ​មួកសុវត្ថិភាព​
 ​ ច្បាប់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com