អន្តរជាតិ
ប្រធាន​គណៈកម្មការ​អឺរ៉ុប​៖ គ្មាន​ការចរចា​សម្ងាត់ ជាមួយ​ចក្រភព​អង់គ្លេស​ទេ​
29, Jun 2016 , 3:30 pm        
រូបភាព
​ប្រធាន​គណៈកម្មការ​អឺរ៉ុប បានចេញ​បម្រាម មិន​ឲ្យ​មានការ​ចរចា​ណាមួយ ជាមួយ​ចក្រភព​អង់គ្លេស​នោះទេ ប្រសិនបើ​អង់គ្លេស មិន​ព្រម​អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ទេនោះ​។ ទន្ទឹមនឹងនេះ សភា​អឺរ៉ុប ក៏បាន​អនុម័ត​លើ​សេចក្ដីសម្រេច​មួយ​ស្នើ​ឲ្យ​អង់គ្លេស ចាប់ផ្ដើម​ដំណើការ​ចាកចេញ​ឲ្យ​បាន​លឿន​ផងដែរ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បន្ទាប់​សភា​អឺរ៉ុប លោក ហ្ស​ង់​-​ក្លូដ ចាំង​កឺ ប្រធាន​គណៈកម្មការ​អឺរ៉ុប និយាយថា ចក្រភព​អង់គ្លេស​មិនមាន​ពេល​រាប់​ខែ ក្នុងការ​ធ្វើតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ដើម្បី​ឈានដល់​ការចរចា​នោះទេ​។ ជាមួយគ្នានេះ លោក ចាំង​កឺ ក៏បាន​ហាមប្រាម ការចរចា​សម្ងាត់​លើ​បញ្ហា​ណាមួយ ជាមួយ​ចក្រភព​អង់គ្លេស​ដែរ លុះត្រាតែ​អង់គ្លេស ប្រកាស​ចាកចេញ​ជា​ផ្លូវការ​សិន​។​

​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក ដេវីដ ខេ​មេ​រ៉ូ​ន ដែល​ប្រកាស​លាលែង​ពី​តំណែង​នោះ បាន​និយាយ​ហើយ​ថា លោក​នឹង​ទុក​បញ្ហា​នេះ ឲ្យ​អ្នក​ស្នង​តំណែង​របស់លោក ជា​អ្នកសម្រេចចិត្ត​លើ​ដំណើការ​ចាកចេញ​ពី​អឺរ៉ុប​។ ចំពោះ​រឿងនេះ លោក ចាំង​កឺ បញ្ជាក់ថា ប្រសិនបើ​អ្នក​ដែល​គាំទ្រ​ការបន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប ធ្វើជា​នាយករដ្ឋមន្ត្រី ដំណើការ​នេះ ត្រូវធ្វើ​ក្នុងពេល​ពីរ​សប្ដាហ៍ ប៉ុន្តែ​បើ​អ្នកគាំទ្រ​ការចាកចេញ ជា​អ្នក​ស្នង​តំណែង​លោក ខេ​មេ​រ៉ូ​ន នោះ​ការ​អនុវត្តតាម​មាត្រា​៥០ ត្រូវតែ​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ចូលកាន់​តំណែង​។  
 
​ប្រធាន​គណៈកម្មាការ​រូបនេះ ក៏បាន​ប្រាប់​អង់គ្លេស​ថា មិនត្រូវ​ខ្ជះខ្ជាយ​ពេលវេលា​ទៀតឡើយ​។ លោក​បន្ថែមថា បើ​មិន​ធ្វើតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ទេ ក៏​គ្មាន​ការចរចា​អ្វី​ដែរ​។ ការលើកឡើង​បែបនេះ ជាការ​បន្ថែម​ទម្ងន់​ដល់​សំដី​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel ដែល​និយាយថា គ្មាន​ការចរចា ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​ជាមួយ​ចក្រភព​អង់គ្លេស​ទេ បើ​គ្មាន​ការដាក់​ពាក្យសុំ​ចេញពី​អឺរ៉ុប​ជា​ផ្លូវការ​នោះ​។

​សារព័ត៌មាន BBC បាន​ផ្សាយ​ថា លោកនាយក​រដ្ឋមន្ត្រី ខេ​មេ​រ៉ូ​ន ដែល​ទៅដល់​ទីក្រុង​ព្រុ​ច​សែ​ល នៅ​ថ្ងៃទី​២៨ ខែមិថុនា បាន​ពន្យល់​ពី​លទ្ធផល​នៃ​ប្រជាមតិ ទៅកាន់​មេដឹកនាំ​អឺរ៉ុប​ទាំង​២៧ ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​។ លោក បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ទៀតថា លទ្ធផល​នៃ​ការសម្រេចចិត្ត​នេះ ត្រូវបាន​គោរព បើទោះជា​មានការ​សោកស្ដាយ​ចំពោះ​លទ្ធផល​ក៏ដោយ​។

​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ក៏បាន​ឆ្លើយតប នឹង​ការទាមទារ​របស់​សហ​ភាព​អឺរ៉ុប ដែល​ចង់​ឲ្យ​អង់គ្លេស ចាកចេញ​ឲ្យ​បាន​ឆាប់​។ លោក​បកស្រាយ​ថា ការងារ​នេះ ត្រូវការ​រយៈពេល​យូរ ហើយ​វា​គ្មានអ្វី ដែល​ត្រូវ​ចាប់ផ្ដើម​ការចរចា​ភ្លាមៗ​ដែរ​។ លោក ខេ​មេ​រ៉ូ​ន បានលើកឡើង​ពី​ការ​សេរីភាព​នៃ​ការធ្វើដំណើរ ដែលជា​ចំណុច​សំខាន់ ក្នុង​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ព្រោះ​លោក​ចង់​ឲ្យ​សហភាព​អឺរ៉ុប កែទម្រង់​លើ​បញ្ហា​នេះ​៕


Tag:
 អឺរ៉ុប​
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com