អត្ថបទពាណិជ្ជកម្ម
អ្នកស្រី ពាន់ ភួង​បុប្ផា ចូលរួម​ជាមួយ​ថោ​ន ផលិតភាព​យន្ត​ខ្មែរ​
29, Jun 2016 , 6:33 pm        
រូបភាព
អ្នកស្រី ពាន់ ភួង​បុប្ផា កវីនិពន្ធ និង​អ្នកដឹកនាំ​ភាពយន្ត​ដ៏​ល្បី​មួយរូប​នៅក្នុង​ប្រទេស​កម្ពុជា បានសម្រេច​ចិត្ត​ចូលរួម​ជាមួយ​ផលិតកម្ម​ទីក្រុង​ភាពយន្ត របស់​ក្រុមហ៊ុន​ថោ​ន​គ្រុប ដើម្បី​ផលិតភាព​យន្ត​ខ្មែរ​។

​នៅក្នុង​សន្និសីទកាសែត​នា​រសៀល​នេះ ស្តីពី​ការចូលរួម​ក្នុង​ផលិតកម្ម​ថោ​ន អ្នកស្រី ពាន់ ភួង​បុប្ផា បាន​បញ្ជាក់ថា វត្តមាន​របស់​អ្នកស្រី​នៅពេលនេះ គឺ​គ្រាន់តែ​ជាការ​ពង្រឹង​បន្ថែមទៀត ទៅលើ​ធនធាន​ដែល​ផលិតកម្ម​មាន​។ អ្នកស្រី​សង្ឃឹមថា ការរួម​គ្នា​រវាង​ថោ​ន និង​អ្នកស្រី គឺជា​រួមចំណែក​មួយ​ក្នុងការ​លើកស្ទួយ​វិស័យ​ភាពយន្ត​របស់​ខ្មែរ តាមរយៈ​ការផលិត​ភាពយន្ត​ដែលមាន​គុណភាព​ល្អ​ជាង​មុន ហើយ​មាន​ស្តង់ដារ​ដែល​អាច​ប្រកួតប្រជែង​នៅ​អន្តរជាតិ​ដែរ​។​


​ជា​ជំ​ហ៊ាន​ដំបូង  អ្នកស្រី ពាន់ ភួង​បុប្ផា នឹង​ផ្តើម​ថត​ភាពយន្ត​ខ្នាត​វែង មួយ​ដែលមាន​ចំណងជើង​ថា​«​ទឹកចិត្ត​ម្តាយ​សម័យថ្មី​» ។ «​ទឹកចិត្ត​ម្តាយ​សម័យថ្មី​» ដែល​បើតាម​ការអះអាង​របស់ អ្នកដឹកនាំ​រឿង​រូបនេះ គឺមាន​ចូលរួម​សម្តែង ពី​តារាភាពយន្ត​ដែលមាន​ឈ្មោះ​បោះ​សំឡេង ៤ ជំនាន់ រួមគ្នា ដែល​រួមមាន​អ្នកស្រី ឌី សា​វ៉េ​ត អ្នកស្រី អម្ពរ ទេវី លោក ទេព រិ​ន​ដា​រ៉ូ អ្នកស្រី      ស៊ឹម សូលី​កា អ្នកស្រី ស្វែង សុជាតា អ្នកស្រី សុខ សុ​ម៉ា​វ​ត្តី កញ្ញា ឌុ​ច លីដា និង​លោក យិន មាស​ឧស្សាហ៍ និង​តារា​ជាច្រើនរូប​ទៀត​។ ផលិតករ រូបនេះ បាន​បញ្ជាក់ថា​៖​«​តួ​ដែល​មក​សម្តែង ក្នុង​ភាពយន្ត​នេះ ខ្ញុំ​គិតថា​ជា​ប្រវត្តិសាស្ត្រ​របស់​ភាពយន្ត​ខ្មែរ ដែល​យើង​បាន​គៀងករ តារាភាពយន្ត​៤​ជំនាន់ មក​សម្តែង​រួមគ្នា​»​។​

​លោក ប៊ុន រតនា នាយក​គ្រប់គ្រង​ផ្នែក​ភាពយន្ត និង​ផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ថោ​ន គ្រុប បាន​មានប្រសាសន៍ថា សក្តានុពល និង​តម្រូវ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស គឺជា​មូល​ហេតុដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ថោ​ន គ្រុប រៀបចំ​ផលិត​ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ភាគ​។
​លោក ប៊ុន រតនា  ជឿជាក់ថា គុណភាព​ផលិតភាព​យន្ត​នៅក្នុង​ប្រទេស​កម្ពុជា  នឹង​កាន់តែ​ប្រសើរ អាច​ប្រជែង​មិន​ត្រឹមតែ​ទីផ្សារ​ក្នុងស្រុក​នោះទេ ប៉ុន្តែ​ក៏​អាច​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​ផងដែរ ដោយសារតែ​ការចូលរួម​របស់ កវីនិពន្ធ និង​អ្នកដឹកនាំ​រឿង អ្នកស្រី ពាន់ ភួង​បុប្ផា ដែល​ផលិតកម្ម​ទីក្រុង​ភាពយន្ត​ចាត់ទុកជា​ធនធាន​ដ៏​ពិសេស​មួយទៀត បូកផ្សំ​នឹង​ធនធាន​បច្ចេកទេស និង​ឧបករណ៍​ទំនើបៗ​ដែល​ផលិតកម្ម​ទីក្រុង​ភាពយន្ត​មាន​ស្រាប់​៕



Tag:
 ពាន់ ភួង​បុប្ផា​
 ​ថោ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com