ជាតិ
សង្គមជាតិ
ករណីលោក កែម ឡី ៖ក្រសួងការបរទេសអាមេរិក ស្នើឲ្យមានការស៊ើបអង្កេតម៉ត់ចត់
× ក្រសួងការបរទេសអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញការសោកស្ដាយចំពោះឃាតកម្មលើលោក កែម ឡី ដែលជាអ្នកស្រារជ្រាវ និងជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ។ ជាមួយគ្នានេះ ក្រសួងការបរទេស ក៏បានស្នើឲ្យមានការស៊ើបអង្កេតហ្មត់ចត់ ចំពោះករណីនេះផងដែរ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១០ ខែកក្កដា ក្រសួងការបរទេសអាមេរិក បានបង្ហាញការព្រួយបារម្ភ និងសោកស្ដាយ ចំពោះព័ត៌មាននៃករណីឃាតកម្មលើលោក កែម ឡី ដែលជាអ្នកវិភាគល្បីល្បាញមួយរូប។ ក្រសួងការបរទេសអាមេរិក ក៏បានចូលរួមរំលែកទុក្ខចំពោះគ្រួសារ និងសហការី នៃសព លោក កែម ឡី ផងដែរ។
ទន្ទឹមនឹងនេះ សេចក្តីប្រកាសដដែលក៏បន្តថា អាមេរិក កំពុងតែតាមដានយ៉ាងយកចិត្តទុកដោយបានកត់សម្គាល់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបើកការស៊ើបអង្កេតចំពោះករណីឃាតកម្មនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kirby ក៏ទទូចឲ្យអាជ្ញាធរធានាថា ដំណើការស៊ើបអង្កេតនេះ ធ្វើឡើងដោយម៉ត់ចត់ និងមិនលំអៀង។
សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា នៅឯម៉ាត ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ។ ចំណែកឯ ជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភា្លមផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com