ជាតិ
​មកដល់ពេលនេះ​ឯកឧត្តម សម រង្ស៊ី រួបរឹត​ដោយ​បណ្តឹង​ផ្សេងៗ​គ្នា​ចំនួន ៤ ហើយ​
25, Jul 2016 , 9:19 pm        
រូបភាព
ដោយ:
​គិត​មកដល់​ត្រឹម​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៦ នេះ  ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី កំពុងតែ​រួបរឹត​ដោយ​បណ្តឹង និង​បទចោទប្រកាន់​ជាច្រើន​ករណី​។ ពាក្យបណ្តឹង​លើ​ឯក សម រង្ស៊ី បានចេញ​មកជា​បន្តបន្ទាប់ ក្នុងអំឡុង​ពេលដែល​ឯកឧត្តម​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​អស់​រយៈពេល​ជិត ១ ឆ្នាំ​មកនេះ​។



​បច្ចុប្បន្ននេះ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រួបរឹត​ដោយ​បណ្តឹង​ជាច្រើន ដែល​ប្តឹង​ដោយ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​រដ្ឋសភា​។ បណ្តឹង​ទី ១ មកលើ​ឯកឧត្តម សម រង្ស៊ី គឺ​ចេញពី​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ដែល​ប្តឹង​ឯកឧត្តម សម រង្ស៊ី​ពីបទ​បរិហាកេរ្តិ៍ និង​បទ​ញុះញង់​ឲ្យ​មានការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ដោយសារ​កាលពី​ឆ្នាំ ២០០៨ ឯកឧត្តម សម រង្ស៊ី ចោទ​លោក ហោ ណាំហុង ថា បាន​ឃុបឃិត​ជាមួយ​ក្រុមខ្មែរក្រហម ពេលដែល​លោក ហោ ណាំហុង នៅជាប់​ក្នុង​ពន្ធនាគារ​បឹងត្របែក ដើម្បី​ជា​ថ្នូរ​នឹង​ការ​រួចខ្លួន​។ សំណុំ​រឿងនេះ តុលាការ​បាន​ផ្តន្ទាទោស​ឯកឧត្តម សម រង្ស៊ី ២ ឆ្នាំ និង​បញ្ជា​ឲ្យ​ចាប់ខ្លួន​ឯកឧត្តម សម រង្ស៊ី កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៥ ពេលដែល​ឯកឧត្តម សម រង្ស៊ី កំពុង​នៅក្រៅ​ប្រទេស​។ បណ្តឹង​ទី ២ គឺ​បណ្តឹង​លោក គី តិច មេធាវី​របស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយសារ​ឯកឧត្តម សម រង្ស៊ី បាន​រិះគន់​របប​ដែល​កើត​ថ្ងៃទី ៧ មករា ១៩៧៩ ពោលគឺ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា បាន​ឲ្យ​តុលាការ​កាត់ទោស​ប្រហារជីវិត​សម្តេចព្រះ នរោត្តម សីហនុ ដោយ​ចោទ​ព្រះអង្គ​ជា​ជន​ក្បត់ជាតិ​។​

​បណ្តឹង​ទី ៣ មកលើ​ឯកឧត្តម សម រង្ស៊ី គឺ​បទ​សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ង្គ​ម​។ បណ្តឹង​របស់​ព្រះរាជអាជ្ញា​មកលើ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​នេះ ពាក់ព័ន្ធ​នឹង​ករណី​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដែល​បង្ហោះ​វីដេអូ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម សម រង្ស៊ី និយាយ​ពី​សន្ធិសញ្ញា​មិត្តភាព​រវាង​រដ្ឋាភិបាល​ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋាភិបាល​សង្គម​និយម​វៀតណាម ដែល​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ទឹកដី​។

​ដោយឡែក​រឿងក្តី​ក្តាំ​ថ្មី​មួយទៀត​របស់​ឯកឧត្តម សម រង្ស៊ី ដែលជា​ករណី​ទី ៤ នោះ គឺពាក់ព័ន្ធ​នឹង​ការរិះគន់​ចំនួន Likes នៅលើ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន ។ ករណីនេះ ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​ដោយ​លោក សោម សឿន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​បក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី បន្ទាប់ពី​ឯកឧត្តម សម រង្ស៊ី លើកឡើង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា សោម សឿន បាន​ប្រាប់​ឲ្យ​មន្ត្រីរាជការ​ស៊ីវិល កម្លាំងប្រដាប់អាវុធ បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ចុច Like ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន​។

​ជារួម​មក បណ្តឹង​ទាំង ៤ ខាងលើនេះ សុទ្ធសឹងតែ​តុលាការ​សម្រេច​ចោទប្រកាន់​ឯកឧត្តម សម រង្ស៊ី ជា​ផ្លូវការ​តាម​ពាក្យបណ្តឹង​ទាំងនោះ ហើយ​តុលាការ​បាន​បើកសវនាការ​ខ្លះ​រួចហើយ ដោយ​គ្មាន​វត្តមាន​ឯកឧត្តម សម រង្ស៊ី និង​តុលាការ​នឹង​បើក​ការជំនុំជម្រះ​ករណី​ដែល​នៅសល់ នៅ​ថ្ងៃ​ខាង​មុខជា​បន្តបន្ទាប់​។ ទាក់ទង​នឹង​សំណុំរឿង ឯកឧត្តម សម រង្ស៊ី ជាមួយ​សម្តេច ហេង សំរិន តុលាការ​នឹង​បើកសវនាការ​នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៦ ខាងមុខ​។ ហើយ​ករណី​ឯកឧត្តម សម រង្ស៊ី ជុំវិញ​រឿង​បរិហារកេរ្តិ៍ ដោយសារ​ចំនួន​Likes នៅលើ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន តុលាការ​នឹង​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦ ៕


Tag:
 សម រង្ស៊ី​
  ប្រព័ន្ធយុត្តិធម៌​
  ហេង សំរិន​
  ហោ ណាំហុង
© រក្សាសិទ្ធិដោយ thmeythmey.com