ជាតិ
​អ្នកនាំពាក្យ​រដ្ឋសភា ទាមទារ​ឲ្យ​តំណាងរាស្ត្រ​អូស្ត្រាលី​មាន​ដើមកំណើត​ខ្មែរ​សុំទោស​
09, Aug 2016 , 12:49 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា បានចេញ​សេចក្តីប្រកាស​មួយ ជុំវិញ​ការលើកឡើង​របស់លោក ហុង លីម តំណាងរាស្ត្រ​រដ្ឋសភា​នៃ​ប្រទេស​អូ​ស្រា្ត​លី មាន​ដើមកំណើត​ជា​ខ្មែរ ដែល​បានចាត់ទុក​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ថា​មាន​លក្ខណៈដូចជា «​តិរច្ឆាន​»​។ ស្ថាប័ន​កំពូល​មួយ​នេះ បាន​ហៅ ការលើកឡើង​របស់លោក ហុង លីម ថា​ជាការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ដល់​ប្រជាជន​ខ្មែរ​ទាំងមូល​។

 
​តាមរយៈ​សេចក្តីប្រកាស​របស់ខ្លួន អ្នកនាំពាក្យ​រដ្ឋ​សភាព​កម្ពុជា បាន​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ហើយ​ទាមទារ​ឲ្យ​លោក លោក ហុង លីម ចេញមុខ​សុំទោស​ជា​សាធារណៈ ចំពោះ​ពាក្យសម្តី​របស់ខ្លួន ដែល​អ្នកនាំពាក្យ​រដ្ឋសភា​អះអាងថា លោក ហុង លីម បាន​និយាយ​នៅ​វិទ្យុ​អាស៊ីសេរី​ថា «​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​សព្វថ្ងៃ​មាន​លក្ខណៈ​ជា​តិរច្ឆាន​»​។ 
 
​អ្នកនាំពាក្យ​រដ្ឋសភា បាន​លើកឡើងថា ទស្សនៈ​របស់លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី មាន​ដើមកំណើត​ខ្មែរ ផ្ទុយស្រឡះ​នឹង​សច្ចភាព ហើយ​មិន​ព្រម​ទទួលយក​ការពិត ដែល​ប្រទេស​កម្ពុជា ទទួលបាន​សន្តិភាព និង​រីកចម្រើន​ផ្នែក​ប្រជាធិបតេយ្យ ព្រមទាំង​មានការ​អភិវឌ្ឍ ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​។ លើសពីនេះ រដ្ឋសភា​កម្ពុជា ក៏បាន​វាយបក​ទៅវិញ​ថា លោក ហុង លីម មិន​ត្រឹមតែ មិន​ជួយ​ជ្រោមជ្រែង​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ តែ​បែរជា​បន្តុះបង្អាប់​កម្ពុជា ដែលជា​ស្រុក​ដើមកំណើត​របស់ខ្លួន​ថែមទៀត​។ 
 
​ក្រៅពី​រដ្ឋសភា មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយចំនួន ក៏​ខឹងសម្បារ​នឹង​ការវាយប្រហារ​របស់ លោក ហុង លីម បែបនេះ​។ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល បានទាមទារ​ឲ្យ​លោក ហុង លីម ចេញមុខ​សុំទោស​ជា​សាធារណៈ ដូច​អ្វីដែល​រដ្ឋសភា ទាមទារ​ដែរ​។  
 
​កាលពី​ថ្ងៃទី ៤ ខែសីហា ឆ្នាំ​២០១៦ លោក ហុង លីម បានផ្តល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី ជុំវិញ​ឃាតកម្ម​លើ​លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​។ លោក ហុង លីម មានការ​តក់ស្លុត និង​សោកស្តាយ​ជា​ពន់ពេក ចំពោះ​ការបាត់បង់​លោក កែម ឡី ដែល​លោក លើក​ត​ម្កើ​ង​ថា ជា​អ្នកស្នេហាជាតិ និង​ជា​អ្នកមានចំណេះដឹង​ខ្ពង់ខ្ពស់​មួយ​រូប​។ 
 
​តំណាងរាស្ត្រ​អូស្ត្រាលី ដែលមាន​ដើមកំណើត​ជា​ខ្មែរ​រូបនេះ មានការ​ហួសចិត្ត​យ៉ាងខ្លាំង ដោយ​លោក មិន​នឹង​ស្មានថា លោក កែម ឡី ត្រូវបាន​គេ​បាញ់សម្លាប់​យ៉ាង​សាហាវយង់ឃ្នង​ដូច្នេះ​។

ដោយសារតែ​មរណភាព​របស់​កែម ឡី លោក ហុង លីម ក៏បាន​ចាត់ទុក​កម្ពុជា​សព្វថ្ងៃ​បែបនេះ​ថា​៖« យើង​សង្ឃឹមថា ឃាតកម្ម​លើ​គាត់​ហ្នឹង (​លោក កែម ឡី​) នឹងធ្វើ​ឲ្យ​យើង​មានចិត្ត​តស៊ូ​ឡើង ពីព្រោះ​ជាតិ​យើង ស្រុក​យើង ត្រូវ​ថ្លៃថ្នូរ ត្រូវ​សម្បូរ​សប្បាយ​ជាង​នេះ មិន​ត្រូវមាន​លក្ខណៈ របៀប​ដូចជា តិរច្ឆាន​ដូច​សព្វថ្ងៃនេះ​ទេ​»៕

Tag:
 រដ្ឋសភា​
  ហុង លីម
© រក្សាសិទ្ធិដោយ thmeythmey.com