កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ឈ្នះក្តី ហើយ​បាន​សិទ្ធិ​ចូលរួម​វគ្គ Playoff Stage នៅ AFC Cup 2017
24, Aug 2016 , 10:27 am        
រូបភាព
លោក សែម សំណាង (កណ្តាល) និងលោក Andy Brouwer នាសន្និសីទសារព័ត៌មានមួយ​របស់ក្លិបកាលពីឆ្នាំមុន
លោក សែម សំណាង (កណ្តាល) និងលោក Andy Brouwer នាសន្និសីទសារព័ត៌មានមួយ​របស់ក្លិបកាលពីឆ្នាំមុន
ដោយ:
​ក្លិប​កីឡាបាល់ទាត់​ភ្នំពេញ​ក្រោ​ន​នៅ​ថ្ងៃទី​២៤ ខែសីហា នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​ការឈ្នះក្តី​ក្នុង​ការប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការដក​សិទ្ធិ​ខ្លួន​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup 2017 ។ ភ្នំពេញ​ក្រោ​ន​បាន​អះអាងថា ខ្លួន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ក្លាយជា​បេក្ខភាព​ពេញសិទ្ធិ​ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត 2017 AFC Cup វិញ​ហើយ​ក្រោយ​ការ​ឈ្នះ​ក្នុង​ការប្តឹង​ឧទ្ធរណ៍​ទៅកាន់​ស្ថាប័ន​ឯករាជ្យ​ដែលមាន​ឈ្មោះថា Court of Arbitration for Sport (CAS) រួចមក​។​

 
​កាល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បានប្រកាសថា ក្លឹប​ភ្នំពេញ​ក្រោ​ន ត្រូវបាន​ដកសិទ្ធិ​ក្នុងការ​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup 2017 បើទោះបីជា​ក្លឹប​របស់​យើង​គឺជា​ជើងឯក​លី​ក​កំពូល​នៃ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៥ ក៏ដោយ​។ 
 
​ក្រោយ​ការប្រកាស​នេះ ក្លឹប​ភ្នំពេញ​ក្រោ​ន បានធ្វើ​ការប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​របស់ AFC ទៅកាន់​ស្ថាប័ន Court of Arbitration for Sport (CAS) នៅ​ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៦​។ «​ឆ្លងកាត់​ការពិនិត្យ​ស៊ើបអង្កេត​យ៉ាង​ដិតដល់ ស្ថាប័ន CAS ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង Lausanne ប្រទេស​ស្វី​ស បានចេញ​សេចក្តីសម្រេច​មួយ​កាល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​ថ្មីៗ​នេះ ដោយបាន​ច្រានចោល​សេចក្តីសម្រេច​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ី AFC ហើយ​បាន​តម្រូវ​ឲ្យ AFC ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោ​ន​ជា​ផ្លូវការ​វិញ​ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត AFC Cup 2017»​។ នេះ​បើតាម​ការប្រកាស​របស់​ភ្នំពេញ​ក្រោ​ន​។​
 
​ភ្នំពេញ​ក្រោ​ន​បាន​អះអាងថា ពួកគេ​នឹងចូលរួម​ប្រកួត​វគ្គ Playoff Stage ដែល​អាចធ្វើ​ឡើង​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងមុខនេះ​។ លោក Andy Brouwer មន្ត្រី​ព័ត៌មាន​នៃ​ក្លិប​ជើងឯក​កំពូល​ឆ្នាំ​២០១៥ បាន​សរសេរ​បន្ថែមថា «​ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ CAS Arbitration Panel ដែល​បាន​បំពេញការងារ​យ៉ាង​សុក្រឹត​ក្នុងការ​វិនិច្ឆ័យ​ដោយ​យុត្ត​ធម៌​លើ​បណ្តឹង​នេះ ព្រមទាំង​សូម​អរគុណ​ចំពោះ​លោក​មេធាវី David Casserly និង​លោក Jose Luis Andrade ដែល​បាន​ខិតខំ​ការពារ​ក្តី​យ៉ាង​ស្វិតស្វាញ និង​ប្រកបដោយ​វិជ្ជាជីវៈ​រហូត​សម្រេចបាន​នូវ​លទ្ធផល​ដ៏​ល្អប្រសើរ​នេះ​»​។​
 
​សូមបញ្ជាក់​ផងដែរ ក្រោយ​ការបដិសេធ​សិទ្ធិ​ចូលរួម​របស់​ភ្នំពេញ​ក្រោ​ន AFC បានជ្រើសរើស​យក​ក្លិប​ណាហ្គា​វើ​ល ដែលជា​ជើងឯក​រង ចូល​លេង​ជំនួស​នៅ​វគ្គ Qualifying Stage ដោយ​ស្ថិតនៅ​ពូ​ល B ជាមួយ​ម្ចាស់ផ្ទះ Erchim របស់​ម៉ុង​ហ្គោ​លី និង Three Star Club របស់​នេ​ប៉ាល់​។​
 
​កាលពី​ថ្ងៃទី​២៣ ខែសីហា ណាហ្គា​វើ​ល បានបញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ Three Star Club ហើយ​នៅ​ថ្ងៃទី​២៥ ខែសីហា ពួកគេ​ត្រូវ​តទល់​ជាមួយ​ម្ចាស់ Erchim ។ Erchim បាន​ចាញ់ Three Star Club ២-០ ហើយ​ណាហ្គា​វើ​ល​រំពឹង​ទទួល​ជ័យជម្នះ​ជាមួយនឹង​គ្រាប់​បាល់​បញ្ចូល​ទី​មានប្រៀប​លើសពី​ពីរ​គ្រាប់​ដើម្បី​ទទួលបាន​កៅអី​ទៅកាន់​វគ្គ Preliminary Stage ដែលមាន​ការប្រកួត​ពីរ​ជុំ​។​
 
​បន្ទាប់ពី​វគ្គ Preliminary Stage នា​អំឡុង​ខែមករា ខាងមុខ គេ​ឈានដល់​វគ្គ Playoff Stage នា​ខែកុម្ភៈ ឆ្នាំ​២០១៧ ដែល​ភ្នំពេញ​ក្រោ​ន​ទទួលបាន​សិទ្ធិ​ចូលរួម ប៉ុន្តែ​គេ​មិនទាន់​ដឹងថា AFC នឹងមាន​ការរៀបចំ​រូបមន្ត​ប្រកួត​បែបណា​នោះឡើយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក Sam Schweingruber គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន ដែល​ទទួលបាន​សញ្ជាតិ​ខ្មែរក្រោម​ឈ្មោះថា សែម សំណាង បាន​បញ្ជាក់ថា ភ្នំពេញ​ក្រោ​ន​អាចមាន​សិទ្ធ​ចូលរួម​ប្រកួត AFC Cup 2017 តាមរយៈ​សេចក្តីសម្រេច​របស់​តុលា Court of Arbitration for Sport (CAS )​ដែល​ឲ្យ​ក្លិប​នេះ​ឈ្នះក្តី​លើ AFC ដែល​រារាំង​មិន​ឲ្យ​ខ្លួន​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី ហើយ​សម្រាប់​ការចូលរួម​ប្រកួត​ប្រកួត​ពានរង្វាន់ AFC Cup 2017 ភ្នំពេញ​ក្រោ​ន​មិនបាច់​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នោះទេ ដោយ​ឡើងទៅ​កាន់​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ​។ 
 
​លោក​បាន​បន្ថែមទៀតថា សម្រាប់​ក្រុម​ណាហ្គា​វើ​ល​ដែល​កំពុង​ប្រកួត​ជម្រុះ​ពានរង្វាន់ AFC Cup 2017 ក្នុង​ពូ​ល B នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​ប្រសិនបើ​ក្រុម​នេះ​អាច​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​បាន​នឹង​ឡើងទៅ​កាន់​វគ្គ​បន្ត​ដូចគ្នា មានន័យថា ក្លិប​បាល់ទាត់​កម្ពុជា​ចំនួន​ពីរ​នឹង​លេង​ក្នុង​ពានរង្វាន់ AFC Cup 2017 រដូវ​កាល​នេះ​៕
 
 
 

Tag:
 AFC Cup
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com