ជាតិ
អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ចង់​បង្កើត​នាយកដ្ឋាន​បង្ក្រាប​ល្បែងស៊ីសង​
26, Oct 2016 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានស្នើ​ក្រសួងមហាផ្ទៃ ឲ្យ​បង្កើត​នាយកដ្ឋាន​បង្ក្រាប​ល្បែងស៊ីសង ក្នុង​គោលដៅ បង្ក្រាប​បទល្មើស​ខុសច្បាប់​មួយ​នេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ តាមរយៈ​សុន្ទរកថា​មួយ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា លោក គៀត ច័ន្ទ​ថា​រិ​ទ្ធិ អ្នកនាំពាក្យ និង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​ផងដែរ​នោះ បាន​លើកយក​បញ្ហា​នេះ ប្រាប់​ទៅ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។



​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធិ បាន​សង្កេតឃើញថា អាជីវកម្ម​ល្បែង​ខុសច្បាប់​គ្រប់​ប្រភេទ កំពុង​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រាជធានី ខេត្ត​មួយចំនួន​។  ល្បែងស៊ីសង​ទាំងនោះ រួមមាន ល្បែង​អ៊ី​ន​ធឺ​ណេ​ត​២៤​ម៉ោង ឆ្នោត​កន្ទុយលេខ​ខុសច្បាប់ ល្បែង​ជល់​មាន់ ល្បែងភ្នាល់​ទឹកភ្លៀង ល្បែង​បាញ់​ត្រី និង​ល្បែងស៊ីសង ជ្រក​ក្រោម​ល្បែងក្មេងលេង ព្រមទាំង​អាជីវកម្ម​បញ្ចាំ គ្មាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​ជាដើម​។​

​អ្នកនាំពាក្យ​រូបនេះ បាន​បន្ត​លើកឡើង​ពី​ប៉ះពាល់​នៃ​បទល្មើស​ល្បែងស៊ីសង​ទាំងនេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម ព្រមទាំង​ការសិក្សា​របស់​កុមារ​ទៀតផង​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ នៅថ្ងៃនេះ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធិ ដែលជា​អគ្គ​ស្នងការរង​នគរបាលជាតិ​ផងដែរ​នោះ មើលឃើញថា ការបង្ក្រាប​បទល្មើស​ល្បែង ស៊ីសង​ខុសច្បាប់​នៅ​ពុំទាន់​មាន​ប្រសិទ្ធ​ភាពខ្លាំង​នៅឡើយ​។ ហេតុថា សកម្មភាព​ល្បែង ខុសច្បាប់​ទាំងនោះ​មាន​លក្ខណៈ​លួចលាក់​ខ្លាំង​។​

​តាំង​នាម​ឲ្យ​ស្ថាប័ន​អគ្គស្នងការ​នគរបាល​ជាតិ លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធិ បានស្នើ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចំពោះមុខ​តំណាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​រាជធានី​ខេត្ត ឲ្យ​បង្កើត​នាយកដ្ឋាន​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ដើម្បី​ការអនុវត្ត​ច្បាប់ និង​សេចក្តីណែនាំ ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ កាន់តែ​ប្រសើរឡើង​។ សេចក្តីណែនាំ​អន្តរក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច ចុះ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅនេះ​។​



​យ៉ាងណា​ជាការ​ឆ្លើយតប​នឹង​បញ្ហា​នេះ សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង គ្រាន់តែ​បាន​ជំរុញ​នគរបាល​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បង្កើន​ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​ថែមទៀត ដោយ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​។ លើសពីនេះ​ទៀត សម្តេច​បាន​ណែនាំ​មន្ត្រី​ជំនាញ​សិក្សា​ដក​ពិសោធន៍​ពី​ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ទាំងនេះ​ពី​ប្រទេស​អភិវឌ្ឍ​មួយចំនួន ដោយ​សម្តេច​លើកឡើង​ពី​ប្រទេស ចិន សិង្ហ​បុរី និង​អាមេរិក ជាដើម​។ ហើយ​សម្តេច ស ខេង អះអាង សម្តេច​នឹង​ដឹកនាំ​ការងារ​នេះ​ដោយផ្ទាល់ ចាប់ពីពេលនេះ​តទៅ​។​

​ក្រោយពី​កម្ពុជា​បង្កើត​ច្បាប់​ស្តីពី ការបង្ក្រាប​ល្បែងស៊ីសង ឆ្នាំ​១៩៩៦ មក រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​បើក​កន្លែង​ល្បែង​ស៊ី​បាន​បណ្តា​ខេត្ត​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ លើកលែងតែ​កាស៊ីណូ ណាហ្គា​វើ​ល តែប៉ុណ្ណោះ​។ តាម​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធិ គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០១៦​នេះ រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៦៨ ក្នុងនោះ ៦៥ តាម​អន​ឡាញ ធ្វើ​អាជីវកម្ម និង​បង់ពន្ធ​ស្របច្បាប់​នៅ​កម្ពុជា​៕


Tag:
 គៀត ច័ន្ទ​ថា​រិ​ទ្ធិ​
  ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com