អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក និង​កាតា​ជា​ឈ្មួញ​និង​ម៉ូយ​អាវុធ​ធំជាងគេ​ក្នុង​ទីផ្សា​សព្វាវុធ​ឆ្នាំ​២០១៥
29, Dec 2016 , 12:00 pm        
រូបភាព
 
​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ដែល​នាំមុខគេ​ក្នុង​ការលក់​សព្វាវុធ​ក្នុង​ទីផ្សា​អាវុធ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០១៥​។ អាវុធ​ដែល​អាមេរិក​លក់​មាន​ទំហំ ៤០ ពាន់​លាន​ដុល្លារ  ដែល​ស្មើនឹង​ពាក់កណ្តាល​នៃ​តម្លៃ​អាវុធ​ដែល​គេ​ជួញដូរ​ក្នុង​ទីផ្សារ​អន្តរជាតិ​សរុប​។ ចំណែក​ប្រទេស​មហាអំណាច​បារាំង ស្ថិតនៅ​លេខ​រៀង​បន្ទាប់ពី​អាមេរិក​។​


 
​ឆ្នាំ ២០១៥ អាមេរិក​នៅតែ​ជា​មហាអំណាច​ដែល​នាំ​អាវុធ​ចេញ​ច្រើនជាងគេ​លើ​ពិភពលោក​។ របាយការណ៍​ស្រាវជ្រាវ​ស្តីពី​ការផ្ទេរ​អាវុធ​របស់​ស​ភា (Congressional Research Service) បាន​បង្ហាញថា តម្លៃ​អាវុធ​ដែល​អាមេរិក​លក់​ចេញ​ឆ្នាំ ២០១៥ មាន​ទំហំ ៤០ ពាន់​លាន​ដុល្លារ ដែល​វា​ស្មើនឹង​ពាក់កណ្តាល​នៃ​តម្លៃ​អាវុធ​ដែល​នាំចេញ​សរុប​ទូទាំង​ពិភពលោក​ឯណោះ​។ 
 
​យ៉ាងណាក៏ដោយ តម្លៃ​អាវុធ​ដែល​ទិញ​លក់​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ឆ្នាំ ២០១៥ បាន​ធ្លាក់ចុះ​ដែរ ពី ៨៩ ពាន់​លាន​ដុល្លារ​មក​ត្រឹម ៨០​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ គេ​ដឹង​ច្បាស់​ថា ការធ្លាក់ចុះ​នេះ​ក៏​បណ្តាលមកពី​តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ​ខ្លាំង​ក្នុងពេល​កន្លងមក ដែល​រដ្ឋ​ផលិត​ប្រេង​មួយចំនួន​ត្រូវ​បន្ថយ​លុយ​ទិញ​អាវុធ​។  អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ​ជម្លោះ​ប្រដាប់អាវុធ​និង​ចលនា​ភេរវកម្ម​កើនឡើង មិនមាន​ការ​ថមថយ​សោះ ថ្វីបើ​ការលក់​អាវុធ​លើ​ទីផ្សារ​ពិភពលោក​ថយចុះ​ដូច្នេះ​ក្តី​។​
 
​ក្រៅពី​អាមេរិក​ស្ថិតនៅ​លំដាប់ថ្នាក់​ទី ១​ជា​រដ្ឋ​លក់​អាវុធ​ចេញ​ធំជាងគេ បារាំង​ឯណោះ​ក៏​មិន​អន់​ដែរ​។ មហា​ណា​ចមួយ​នេះ​ស្ថិតនៅ​លំដាប់ថ្នាក់​ទី​២​ដោយ​នាំចេញ​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់ ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​
 
​ចំណូល​នៃ​ការលក់​អាវុធ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់​មហាអំណាច​ទាំងពីរ​កើនឡើង​ខ្លាំង​ដែរ​បើ​ប្រៀបធៀប​ឆ្នាំ ២០១៤​។ ថវិកា​ដែល​បាន​ពី​ការលក់​អាវុធ​ដែល​អាមេរិក​រកបាន​កើនឡើង ៤​ពាន់​លាន​ដុល្លារ ខណៈដែល​ថវិកា​បារាំង​កើនឡើង​ច្រើន ៩​ពាន់​លាន​ដុល្លារ​ឯណោះ​។ 
 
​ក្រៅពី​ផ្តោតលើ​ប្រទេស​ដែល​នាំចេញ​អាវុធ​ច្រើន​លើសគេ របាយការណ៍​នេះ​ក៏​ផ្តោតលើ​អ្នកទិញ​អាវុធ​ដែរ​។ តំណែង​រដ្ឋ​ដែល​ទិញ​អាវុធ​ចូល​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៥ បាន​ទៅលើ ប្រទេស​កាតា ដោយ​រដ្ឋ​អារ៉ាប់​នេះ​ចុះ​កិច្ចព្រមព្រៀង​ទិញ​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើនជាង ១៧​ពាន់​លាន​ដុល្លារ​។ ប្រទេស​បន្ទាប់​គឺ អេ​ហ្ស៊ី​ប​។ ប្រទេស​នេះ​ចំណាយលុយ​ទិញ​អាវុធ​អស់​ប្រហែល ១២ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ ចំណែក​ចំណាត់ថ្នាក់​ទី​បី បាន​ទៅលើ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​សេដ្ឋី​ប្រេង​ដ៏​ធំ​ប្រចាំ​តំបន់​ឈូង​សមុទ្រ​៕ 
 

Tag:
 Congressional Research Service
  ទីផ្សា​សព្វាវុធ​ឆ្នាំ ២០១៥
© រក្សាសិទ្ធិដោយ thmeythmey.com