ជាតិ
ឆ្នេរ​ឯករាជ្យ​ទាក់ភ្នែក​ទេសចរ​ជាតិ និង​អន្តរជាតិ ក្រោយ​ការរៀបចំ​
29, Dec 2016 , 3:58 pm        
រូបភាព
ដោយ:
​ព្រះសីហនុ​៖ ឆ្នេរ​ឯករាជ្យ​បានក្លាយ​ជា​ឆ្នេរ​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​បន្ថែមទៀត ក្រោយ​គណៈកម្មការ​រៀប​ចំ​ឆ្នេរ​បាន​សាងសង់​លំហូរ​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ទូលាយ​ដែលមាន​ទូ​ទឹង​ផ្លូវ​ពី​ជាង ២០​ម៉ែត្រ ទៅ​៣០ ម៉ែត្រ​អមដោយ​ដើម​រុក្ខា​តាម​បណ្តោយ​កណ្តាល​ទ្រូងផ្លូវ​។ ដោយឡែក ឃ្លាត​ពី​ឆ្នេរសមុទ្រ​ពី ១០ ទៅ ៣០​ម៉ែត្រ​វិញ តាម​បណ្តោយ​ឆ្នេរ​ខ្សាច់​ភ្លឺ​ផ្លេក​សក្បុស​ដូច​កប្បាស មាន​កៅអីអង្គុយ​កម្សាន្ត កន្លែង​ញ៉ាំ​អាហារ សួនច្បារ​ក្រាល​ថ្មភ្នំ​អម​រុក្ខា​ជាតិ​បៃតង រូបចម្លាក់​រចនាប័ទ្ម​ខ្មែរ កន្លែង​ហាត់ប្រាណ និង​កន្លែង​ចំណត​យានយន្ត​មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ​។​



​តាមពិតទៅ ឆ្នេរ​ឯករាជ្យ ជា​ឆ្នេរ​មួយ​ដែល​ភ្ញៀវទេសចរ​ពេញនិយម​កម្សាន្ត ក្រៅពី​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូ​ត្រេះ ស្ថិតក្នុង​ប្រទេស​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​បំផុត​លើ​សាកលលោក​។ ឆ្នេរ​ឯករាជ្យ និង​ឆ្នេរសមុទ្រ​កម្ពុជា​ក្នុង​ខេត្ត​ទាំង ៤​ជាង ៤០០​គីឡូម៉ែត្រ​ដទៃទៀត ត្រូវបាន​ប្រសិទ្ធ​នាម​ជា ឆ្នេរសមុទ្រ​ដែល​ស្ថិតក្នុង​កម្ពុជា​តារា​រះ​នៅ​ទិសនិរតី ដែលមាន​ទីក្រុង​បៃតង ឆ្នេរ​ស្អាត សមុទ្រ​ខៀវស្រងាត់​។​

​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ​បាន​ថ្លែង​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​ថ្ងៃទី​២៤ ធ្នូ​នេះ​ថា ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ប្រមាណ ៤០​ម៉ឺន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ១,១​លាន​នាក់ ក្នុង​ឆ្នាំ ២០១៦​នេះ​។ ហើយ​ភ្ញៀវទេសចរ​អន្តរជាតិ​នឹង​កើន​ដល់​ប្រមាណ ១​លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ ២​លាន​នាក់ នៅ​ឆ្នាំ ២០២០ ។​



​ដោយឡែក​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ទាំងមូល​ក្នុង​ឆ្នាំ​២០១៦​នេះ​វិញ  លោក​ថ្លែងថា មាន​ចំនួន​ប្រមាណ ៥​លាន​នាក់ ក្នុងនោះ ភ្ញៀវ​កម្សាន្ត​តំបន់ឆ្នេរ​ខេត្ត​ទាំង ៤ មាន​ចំនួន​ប្រមាណ ៧០​ម៉ឺន​នាក់ មាន​កំណើន ១១​ភាគរយ ដែល​រួមចំណែក ១៤​ភាគរយ នៃ​ចំនួន​ទេសចរ​សរុប​។​

​ឱកាស​នេះដែរ លោក​រដ្ឋមន្ត្រី​បាន​ស្រង់​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO)  ឆ្នាំ​២០១៥ ថ្លែង​ចេញពី​ខេត្ត​ស្ថិតក្នុង​តំបន់​រដ្ឋបាល និង​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​របស់​កម្ពុជា ឲ្យ​ដឹងថា ពិភពលោក​ទាំងមូល​បានទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ ១១៨៤​លាន​នាក់ មាន​កំណើន ៤,៤ ភាគរយ ក្នុងនោះ ភ្ញៀវទេសចរ​ធ្វើដំណើរ​កម្សាន្ត​ទៅ​តំបន់​ទេសចរ​វប្បធម៌​ប្រមាណ ៤៧​ភាគរយ ឆ្នេរ​ប្រមាណ ២៨​ភាគរយ និង​តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​ផ្សេងៗ​ទៀត​មាន​ប្រមាណ ២៥​ភាគរយ​។​



​រដ្ឋមន្ត្រីក្រសួង​ទេសច​រូបនេះ ថ្លែង​តាម​ការព្យាករណ៍​ថា តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២​លាន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ៤​លាន​នាក់​នៅ​ឆ្នាំ ២០២០ ។​

​គួរ​បញ្ជាក់ថា កម្ពុជា​បាន​ក្លាយជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​បំផុត​លើ​សាកលលោក​កាលពី​ឆ្នាំ ២០១១ ចំណោម​សមាជិក​មកពី ២៤​ប្រទេស​ដែលមាន​ឆ្នេរ​ស្អាត​សរុប ៤២​ឆ្នេរ ។ លើសពីនេះ កម្ពុជា​បានក្លាយ​ជា​អនុប្រធាន​ក្លឹប ទទួលបន្ទុក​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ២​អាណត្តិ​ជាប់​គ្នា​រហូតដល់​ឆ្នាំ ២០១៩ ផងដែរ ក្រោយ​មហាសន្និបាត​ក្លឹប​បោះឆ្នោត​ជ្រើសរើស​៕








Tag:
 ថោង ខុន​
  កម្ពុជា​
  សមុទ្រ​
  ឆ្នេរ​ឯករាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com