អន្តរជាតិ
អាហ្វ្រិក​ខាងលិច​សុំ UN ប្រើ​កម្លាំង​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​ហ្កំ​ប៊ី Jammeh ពី​អំណាច​
16, Jan 2017 , 9:19 pm        
រូបភាព
​មេដឹកនាំ​អាហ្វ្រិក​និង​បារាំង​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ចាញ់ឆ្នោត​ហ្កំ​ប៊ី​ចុះ​ចេញពី​តំណែង​ដោយ​ស្ម័គ្រចិត្ត​នៅ​ថ្ងៃ ១៩ មករា​ថ្ងៃ​កំណត់​ចុងក្រោយ ដើម្បី​ឲ្យ​ប្រធានាធិបតី​ថ្មី​ស្បថ​ចូលកាន់​តំណែង​។  តែ​បណ្តា​មេដឹកនាំ​អាហ្វ្រិក​ខាងលិច​បាន​ទទូច​សុំ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បើកផ្លូវ​ឲ្យ​មានការ​ប្រើប្រាស់​កម្លាំង​ទម្លាក់​ជន​ផ្តាច់ការ​នេះ​តែម្តង បើសិនជា​ជននេះ​នៅ​រឹងរូស​។



​ក្នុង​កិច្ចប្រជុំ​កំពូល​អាហ្វ្រិក​-​បារាំង បាន​រៀបចំឡើង​នៅក្នុង​ទីក្រុង Bamako នៃ​ប្រទេស​ម៉ាលី​នៅ​សប្តាហ៍​មុន បណ្តា​មេដឹកនាំ​អាហ្វ្រិក​និង​បារាំង​បាន​ដង្ហោយ​ជាថ្មី​ទៅកាន់​ប្រធានាធិបតី​ក្រាញ​អំណាច​ហ្កំ​ប៊ី Yahya Jammeh ឲ្យ​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃ ១៩ មករា​ខាងមុខ​។  បើសិនជា​មេដឹកនាំ​ចាញ់ឆ្នោត​នេះ​មិន​ព្រម​ចុះចេញ​ដោយ​ស្ម័គ្រចិត្ត​ទេ គេ​នឹង​អាច​ប្រឈម​បញ្ហា​ផងដែរ​។​

​យោងតាម​សារព័ត៌មាន​អង់គ្លេស BBC មេដឹកនាំ​ហ្កំ​ប៊ី Jammeh​នៅតែ​បដិសេធ​ចុះ​ចេញពី​តំណែង ទោះ​ខ្លួន​ចាញ់ឆ្នោត​កាលពី​ថ្ងៃ ១​ធ្នូ​កន្លងមក​ក៏ដោយ​។ លោក​បញ្ជាក់ថា លោក​នឹង​ចុះ​ដរាបណា​តុលាការ​កំពូល​អាច​រក​ចៅក្រម​គ្រប់​មក​ជំនុំជម្រះ​បណ្តឹង​បោះឆ្នោត​នៅ​ខែឧសភា​ខាងមុខ​សិន​។

​ប៉ុន្តែ​ការបដិសេធ​នេះ​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​ពី​ប្រជាជន​ហ្កំ​ប៊ី និង​មានប្រតិកម្ម​ពី​ក្រុម​ប្រទេស​អាហ្វ្រិក​ខាងលិច អាមេរិក និង​អឺរ៉ុប​ផងដែរ​។

​បណ្តា​ក្រុម​ប្រទេស​សមាជិក​សហគមន៍​សេដ្ឋកិច្ច​អា​ហ្រិ្វ​ក​ខាងលិច​(ECOWAS) បាន​បញ្ចុះបញ្ចូល​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រេច​អនុម័ត​ឲ្យ​មានការ​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​បណ្តេញ​មេដឹកនាំ​ផ្តាច់ការ​នេះ​ចេញពី​តំណែង​ផង​ក្នុងករណី​ដែល​ជននេះ​មិន​ព្រម​ចុះចេញ​តាម​ឱសានវាទ​។

​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ខាងលិច បាន​បន្ត​ប្រើប្រាស់​វិធី​ការទូត​ដើម្បី​លួងលោម​ឲ្យ​មេដឹកនាំ​ក្រាញ​អំណាច Jammeh ចុះ​ចេញពី​តំណែង​ដោយ​ស្ម័គ្រចិត្ត​និង​ធានា​ផ្តល់​ការ​ជ្រកកោន​នយោបាយ​ដល់​លោក​ផង បើសិន​ជាមាន​បញ្ហា​ប្រឈម​។ លោក Muhammadu Buhari បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ធានា Banjul ប្រទេស​ហ្កំ​ប៊ី កាលពី​សប្តាហ៍​មុន​ដែរ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​លោក Jammeh ព្រម​លះបង់​អំណាច តែ​មេដឹកនាំ​កាន់អំណាច​២២​ឆ្នាំនេះ​នៅតែ​ទាត់ចោល​ការស្នើសុំ​នេះ​។

​ដោយឡែក បច្ចុប្បន្ន​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក Adama Barrow បាន​បន្ត​ស្នាក់នៅ​ប្រទេស​សេ​ណេ​ហ្កា​ល់ប​ណ្ណោះ​អាសន្ន​សិន​រហូតដល់​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​។  ការ​ស្នាក់នៅ​បរទេស​នេះ​គឺធ្វើឡើង​តាម​ការស្នើសុំ​ពី​បណ្តា​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ខាងលិច ហើយ​វា​ជាការ​រក្សា​សុវត្ថិភាព​មួយ​សម្រាប់​ប្រធានាធិបតី​ហ្កំ​ប៊ី​ថ្មី​។​មកដល់​ពេលបច្ចុប្បន្ន​នេះ ប្រជាជន ហ្កំ​ប៊ី​រាប់ពាន់នាក់​បាន​បន្តរ​ត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ផ្សេងទៀត​នៅជាប់​ព្រំដែន​រួចទៅហើយ ដោយសារតែ​ពួកគេ​បារម្ភ​ពី​បញ្ហា​អស្ថិរភាព​និង​អសន្តិសុខ​ដែល​អាច​កើតឡើង​ពេលដែល​លោក Jammeh មិន​ព្រម​ចុះ​ចេញពី​តំណែង​ថ្ងៃ ១៩​មករា​ខាងមុខ​។

​សូមបញ្ជាក់ លោក Jammedh ជា​មេដឹកនាំ​ផ្តាច់​ការដែល​កាន់តំណែង​អស់​ពេល ២២​ឆ្នាំ​មកហើយ​។ លោក​បាន​ចាញ់ឆ្នោត​កាលពី​ថ្ងៃ ១​ខែធ្នូ​កន្លងទៅ​។ ក្រោយ​ដឹង​លទ្ធផល លោក​បាន​ចេញមុខ​ទទួលស្គាល់​បរាជ័យ​រប​ស់​ខ្លួន​នៅតាម​វិទ្យុ​រដ្ឋ ដោយ​លោក​អះអាងថា លោក​ទទួលយក​ការសម្រេចចិត្ត​របស់​ប្រជាជន​ហ្កំ​ប៊ី​ដែល​ចង់​ឲ្យ​លោក​ចាក​ចេញពី​តំណែង​។ លោក​បញ្ជាក់ថា លោក​មិន​តវ៉ា​រឿង​លទ្ធផល​ទេ ហើយ​លោក​នឹង​ចាក​ចេញទៅ​រស់នៅ​ចម្ការ​សាង​ជីវភាព​ថ្មី​វិញ ក្រោយ​ផ្ទេរអំណាច​ខែមករា​ខាងមុខនេះ​។ ប៉ុន្តែ​មួយ​សប្តាហ៍​ក្រោយមក មេដឹកនាំ​រូបនេះ​បាន​ក្រឡាស់សម្តី​ភ្លាម​ដោយ​លុបចោល​លទ្ធផល​បោះឆ្នោត និង​ទាមទារ​បោះឆ្នោត​ជាថ្មី​៕


Tag:
 ហ្កំ​ប៊ី​
  UN
  Yahya Jammeh
  Adama Barrow
  ECOWAS
  Muhammadu Buhari
© រក្សាសិទ្ធិដោយ thmeythmey.com