កីឡាជាតិ
ជាតិ
លោក ម៉ា សេរី អ្នក​អត្ថាធិប្បាយ​កីឡា​ដ៏​ល្បី ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​
28, Jan 2017 , 6:18 pm        
រូបភាព
លោក ម៉ា សេរី ប្រធាន​ផ្នែកកីឡាទូរទស្សន៍ CTN
លោក ម៉ា សេរី ប្រធាន​ផ្នែកកីឡាទូរទស្សន៍ CTN
ដោយ: ថ្មីៗ
​លោក ម៉ា សេរី អ្នក​អត្ថាធិប្បាយ​កីឡា​ជើងចាស់ និង​បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​កីឡា​របស់​ទូរទស្សន៍ CTN កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី បន្ទាប់​ស្ថានភាព​ជំងឺ​ក្រពះ ថ្លើម ប្រមាត់​របស់លោក កាន់តែធ្ងន់ធ្ង​រ​។​



​វ័យ​៥៦​ឆ្នាំ លោក ម៉ា សេរី ត្រូវបាន​ទុកជា​គ្រូ និង​ជា​រៀមច្បង​ម្នាក់​ដែល​បាន​ជួយ​វិស័យ​កីឡា ជាពិសេស​ព័ត៌មាន​កីឡា ឲ្យ​មានការ​រីកចម្រើន​។ ក្រៅពី​សហការី​ដែល​ធ្វើការ​ជាមួយគ្នា លោក ម៉ា សេរី បាន​បណ្តុះបណ្តាល​យុវជន​ជាច្រើន​នាក់​ទាំង​ផ្ទាល់ និង​មិនផ្ទាល់​លើ​ជំនាញ​ផ្នែក​អត្ថាធិប្បាយ និង​ការសរសេរ​ព័ត៌មាន​កីឡា​។

« ខ្ញុំ​មិនដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ផ្ទា​ល់ពី​គាត់​នោះទេ ប៉ុន្តែ​ខ្ញុំ​បាន​សុំ​គាត់​ធ្វើ​គ្រូ តាំងពី​ខ្ញុំ​មិនទាន់​ប្រឡូក​ចូលក្នុង​ទូរទស្សន៍​។ ពេល​មាន​ចម្ងល់ ខ្ញុំ​សួរ​គាត់ ឬ​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក គាត់​តែងតែ​ស្វាគមន៍​ខ្ញុំ​ជានិច្ច​»​។ នេះ​ជាការ​លើកឡើង​របស់លោក សំណព្វ ផ្នែក​កីឡា​នៃ​ទូរទស្សន៍ PNN​។​

​ក្រៅពី​ជំនាញ​ផ្នែក​អត្ថាធិប្បាយ លោក ម៉ា សេរី ក៏​ជា​អ្នក​ផ្គូរ​ផ្គង​គូប្រកួត​កីឡាប្រដាល់​ទាំង​ក្នុងជំនួប​ជាតិ និង​អន្តរជាតិ ដ៏​ឆ្នើម​ម្នាក់​ផងដែរ​។ បន្ថែម​ពីនេះ លោក​បាន​បណ្តុះបណ្តាល​កូនប្រុស​បង្កើត​របស់លោក ឲ្យ​បន្តវេន​ផងដែរ ដោយ​បច្ចុប្បន្ន លោក ស៊ី​ថូ ណា​ថា​ន់ កំពុង​ក្លាយជា​អ្នក​អត្ថាធិប្បាយ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​។​


​ដំណឹង​ទាក់ទង​នឹង​ស្ថានភាព​ជំងឺ​របស់លោក ម៉ា សេរី បានធ្វើ​ឲ្យ​មិត្ត​រួម​អាជីព និង​អ្នក​ស្រឡាញ់​វិស័យ​កីឡា​មានការ​ស្រងាកចិត្ត​យ៉ាងខ្លាំង ដោយ​អ្នកខ្លះ​បាននាំគ្នា​ទៅសួរសុខទុក្ខ រួមទាំង​ចូលរួម​បរិច្ចាគ​ថវិកា​មួយចំនួន​ដើម្បី​ជួយ​សម្រាល​ការចំណាយ​គ្រួសារ​របស់លោក​។​

​នា​ល្ងាច​ថ្ងៃទី​២៨ ខែមករា នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ក៏បាន​រួមចំណែក​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ ជូន​ដល់​លោក ម៉ា សេរី​៕





សារផ្តល់កម្លាំងចិត្តដល់លោក ម៉ា សេរី៖
 

© រក្សាសិទ្ធិដោយ thmeythmey.com