COVID-19
ជាតិ
ចលនា​បរិច្ចាគ​ប្រាក់ខែ ចូលរួម​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩ ផុសផុល​ជា​លើក​ទី​២
27, Jan 2021 , 10:29 pm        
រូបភាព
សារជំរុញឲ្យពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានបិទនឹងរបងមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ (រូបពី AFP)
សារជំរុញឲ្យពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានបិទនឹងរបងមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ (រូបពី AFP)
​ផ្តើមចេញពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ នាំគ្នា​ចេញ​មុខជា​ហូរហែ ប្រកាស​ស្ម័គ្រចិត្ត​កាត់​ប្រាក់ខែ​របស់ខ្លួន បង្វែរ​ទៅ​ក្រសួងសុខាភិបាល ដើម្បី​ប្រើប្រាស់​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាស​មុនគេ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា សម្តេច សុខចិត្ត​បរិច្ចាគ​ប្រាក់ខែ​ចំនួន​៧​ខែ​ទៀត ជូនទៅ​ក្រសួងសុខាភិបាល​។

 
​អ្នកខ្លះ បរិច្ចាគ​ប្រាក់ខែ​ចំនួន​៧​ខែ ដូច​សម្តេចនាយក​រដ្ឋមន្ត្រី ដែរ ខណៈ​អ្នក​ខ្លះទៀត បរិច្ចាគ​រយៈពេល​តិចជាង​នេះ ដូចជា​ត្រឹម​៦​ខែ និង ត្រឹម​៥​ខែ ជាដើម​។ សម្រាប់​ប្រាក់ខែ​របស់​នាយករដ្ឋមន្ត្រី គឺ​ទទួលបាន​១០​លាន​រៀល ក្នុង​១​ខែ តែ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​អស់​ជិត​១​លាន​រៀល (៩១០,០០០​រៀល​) ក្នុង​១​ខែ ដូច្នេះ ប្រាក់ខែ ដែល​ជូនទៅ​ក្រសួងសុខាភិបាល នៅសល់​ជាង​៩​លាន​រៀល (៩,០៩០,០០០​រៀល​)​។ ប្រាក់ខែ​សរុប​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ក្នុង​រយៈពេល​៧​ខែ ដែល​ជូនទៅ​ក្រសួងសុខាភិបាល មាន​ចំនួន​ជាង​៦៣​លាន​រៀល (៦៣,៦៣0,០០០​រៀល​)​។​
 
​ប្រមុខ​រដ្ឋាភិបាល សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ថា ការស្ម័គ្រចិត្ត​បរិ​ច្ឆា​គ​ប្រាក់ខែ​បន្តទៀត​នេះ គឺ​ដោយសារតែ​សង្កេតឃើញ​ជំងឺ​កូ​វីដ​-១៩ នៅតែ​កើតមាន​បន្ត​នៅ​ទូទាំង​ពិភពលោក រាប់ទាំង​កម្ពុជា​ផងដែរ​។ ជាមួយគ្នានេះ មេដឹកនាំ​កម្ពុជា បាន​អរគុណ​មន្ត្រីរាជការ​និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​ចូលរួម​បរិច្ចាគ​ប្រាក់ខែ​ដែរ​។ មេដឹកនាំ​រូបនេះ ចាត់ទុក​ការបរិច្ចាគ​ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ថា​ជាការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​សាមគ្គីភាព ក្នុង​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​កម្ពុជា​។ 
 
​វា ជា​លើក​ទី​២​ហើយ ដែល​កម្ពុជា កើតមាន​ចលនា​ស្ម័គ្រចិត្ត​កាត់​ប្រាក់ខែ ដើម្បី​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ កាលពី​ចលនា​លើក​ទី​១ ក៏​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខ​ប្រកាស​មុនគេ​ដែរ នៅក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០២០ អំពី​ការ​កាត់​ប្រាក់ខែ​របស់ខ្លួន​រយៈពេល​៧​ខែ ជូនទៅ​ក្រសួងសុខាភិបាល ហើយ​ពេលនោះ ក៏ដូចជា​ពេលនេះ​ដែរ គឺ​បណ្តា​រដ្ឋមន្ត្រី មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ បាននាំគ្នា​ស្ម័គ្រចិត្ត​កាត់​ប្រាក់ខែ ជូនទៅ​ក្រសួងសុខាភិបាល​។ 
 
​ជាមួយគ្នានេះ កម្ពុជា នៅមាន​ចលនា​មួយទៀត គឺ​ចលនា​បរិ​ច្ឆា​គ​ប្រាក់ ជូន​រដ្ឋាភិបាល ដើម្បី​ប្រមូល​យកទៅ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។ បើតាម Fresh News គិត​ត្រឹម​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ រដ្ឋាភិបាល ទទួលបាន​ថវិកា​ជិត​៥៧​លាន​ដុល្លារ ពី​សប្បុរសជន សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។ ក្រៅពី​ការ​កៀរគរ​ថវិកា សម្រាប់​ចំណាយ​លើ​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រដ្ឋាភិបាល ក៏​ឆ្លៀត​ស្នើសុំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​នេះ ពី​បណ្តា​ប្រទេសមួយ​ចំនួន​ដែរ ដូចជា ចិន​និង​ឥណ្ឌា ជាដើម​។ 
 
​ប្រមុខ​រដ្ឋាភិបាល អះអាង​កន្លងមក​ថា ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣០​ម៉ឺន​ដូ​ស​ដំបូង នឹង​មកដល់​កម្ពុជា​។ លោក វ​ង្ស៉ី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ផ្តល់ព័ត៌មាន ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា​នេះ​ថា កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​២០​លាន​ដូ​ស ដោយ​ក្នុងនោះ​ជាង​១១​លាន​ដូ​ស អាចជា​ជំនួស​របស់​បរទេស​។ ចំណែក ៩​លាន​ដូ​ស​ទៀត ប្រហែល​កម្ពុជា ត្រូវ​ចំណាយ​ថវិកា​ទិញ ឬក៏​ក្នុងចំណោម​៩​លាន​ដូ​ស​នោះ អាចមាន​មួយចំនួន ជា​ជំនួយ​របស់​ប្រទេស​ជា​មិត្ត​និង​អង្គការ​អន្តរជាតិ​ណា​ផ្សេងទៀត​៕  
 

Tag:
 COVID-19
  បរិច្ចាគ​ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com