COVID-19
ជាតិ
ពលករពីថៃម្នាក់តេស្ត៤លើកទើបឃើញវិជ្ជមានកូវីដ-១៩ និងជាករណីទី៤៦១នៅកម្ពុជា
28, Jan 2021 , 7:18 am        
រូបភាព
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យកន្លែងចត្តាឡីស័ក កន្លងមក។ រូបថត រដ្ឋបាលខេត្ត
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យកន្លែងចត្តាឡីស័ក កន្លងមក។ រូបថត រដ្ឋបាលខេត្ត
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាព្រឹកនេះ បាន​ប្រកាសពីករណីវិជ្ជមានកូវីដ-១៩ ១ករណីទៀត ក្នុងចំណោមពលករមកពីថៃ និងជាអ្នកជាសះស្បើយបន្ថែម៥នាក់។



ស្ត្រីពលករអាយុ៤៦​ឆ្នាំ អាសយដ្ឋាននៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើដំណើរមកពីថៃ ហើយដល់កម្ពុជានៅថ្ងៃទី១២ ខែមករា។ លទ្ធផលសំណាកតេស្ត លើកទី៤ បង្ហាញថាគាត់វិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្នសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ ពលករ៤នាក់ដែលសម្រាកព្យាបាលនៅពេទ្យបន្ទាយមានជ័យ បានជាសះស្បើយដែលជាស្ត្រីអាយុ៣០ឆ្នាំ, ៣២ឆ្នាំ បុរសអាយុ២៧ឆ្នាំ និង​៣០​ឆ្នាំ។ រីឯករណីសះស្បើយ១ទៀត ជាស្ត្រីអាយុ៤៣ឆ្នាំ អាសយដ្ឋាននៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានធ្វើដំណើរពីសហរដ្ឋអាមេរិក។ គាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន។

បច្ចុប្បន្ន អ្នកកើតកូវីដ-១៩ នៅកម្ពុជា ឡើង​ដល់៤៦១នាក់ ក្នុងនោះ ៤២៨នាក់បានជាសះស្បើយ។ ពលករពីថៃដែលកើតកូវីដ-១៩ មាន៦៤នាក់ ដោយ​៤៥នាក់បានជាសះស្បើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com