ជាតិ
សង្គមជាតិ
សាសនា / ធម៌
ពុទ្ធឱវាទ៣ប្រការ ដែលសំខាន់បំផុត
28, Jan 2021 , 11:08 am        
រូបភាព
ពុទ្ធបរិស័ទ អញ្ជើញទៅធ្វើបុណ្យ ក្នុងវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង នៅថ្ងៃបុណ្យមាឃបូជា (រូបពីទំព័រហ្វេសប៊ុក វត្តនិគ្រោធវ័ន)
ពុទ្ធបរិស័ទ អញ្ជើញទៅធ្វើបុណ្យ ក្នុងវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង នៅថ្ងៃបុណ្យមាឃបូជា (រូបពីទំព័រហ្វេសប៊ុក វត្តនិគ្រោធវ័ន)
ដោយ: ថ្មីៗ
ថ្ងៃនេះ ជាថ្ងៃ១៥កើត ខែមាឃ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២0២១ គឺជាថ្ងៃដែលប្រទេសកម្ពុជា រួមទាំងប្រទេសដទៃ ដែលកាន់ព្រះពុទ្ធសាសនា នាំគ្នាប្រារព្ធពិធីបុណ្យមាឃបូជា។ ដើម្បីជាការចូលរួមសាទរក្នុងនាមជាពុទ្ធសាសនិក សារព័ត៌មានថ្មីៗ បានចុះផ្សាយអត្ថបទមួយ ដែលបរិយាយអំពើបុណ្យមាឃបូជា។ ពេលនេះ សារព័ត៌មានថ្មីៗ សូមលើកយកអត្ថបទមួយទៀត ស្តីពីព្រះពុទ្ធឱវាទ៣ប្រការ មកអត្ថាធិប្បាយ ជូនប្រិយមិត្តអ្នកអាន។ ពុទ្ធឱវាទ៣ប្រការនេះ គឺជាការបង្រួមនូវព្រះពុទ្ធឱវាទទាំងអស់ ដែលព្រះអង្គ បានសម្តែងអស់រយៈពេល៤៥ព្រះវស្សា។



អត្ថបទទាក់ទង


ព្រះសម្មាសម្ពុទ្ឋ ជាបុគ្គលត្រាស់ដឹងនូវសព្វញ្ញូតញ្ញាណ កាលពីជាង២៥០០ឆ្នាំមុន នៅប្រទេសឥណ្ឌា។ សព្វញ្ញូតញ្ញាណ គឺជាការសម្រេចដឹងនូវអ្វីៗគ្រប់យ៉ាងក្នុងធម្មជាតិ។ ធម៌ដែលព្រះអង្គទ្រង់សម្តែងមិនមែនជាអ្វីដែលព្រះអង្គទ្រង់បង្កើតឡើងដោយព្រះអង្គនោះទេ តែជាអ្វីដែលមានស្រាប់ក្នុងធម្មជាតិ។ ប៉ុន្តែព្រះអង្គ ជាអ្នកស្វែងរកឃើញនូវសច្ចធម៌ទាំងពួង ហើយទ្រង់ក៏សម្តែងនិងបើកបង្ហាញពីរឿងពិតទាំងនោះ ដើម្បីបានជាប្រយោជន៍ដល់សត្វលោកទាំងឡាយ។

អស់រយៈពេល៤៥ព្រះវស្សានៃការត្រាស់ដឹងរបស់ព្រះបរមគ្រូនៃយើង ព្រះអង្គទ្រង់លះបង់ព្រះកាយពលក្នុងការសម្តែងព្រះធម៌ប្រោសសត្វលោក ដោយព្រះមហាករុណា ដើម្បីឲ្យសត្វលោក បានសម្រេចនូវធម៌ រួចចាកទុក្ខក្នុងវាលវដ្តសង្សារ។ ក្រោយពីព្រះអង្គទ្រង់ចូលបរិនិព្វាន (ការរលត់សង្ខារ) ព្រះអរហន្ត (បុគ្គលសម្រេចធម៌ដោយការប្រតិបត្តិ និងការស្តាប់នូវព្រះធម៌ពីព្រះសម្មាសម្ពុទ្ឋ) និងអ្នកប្រាជ្ញទាំងឡាយ បានប្រមូលចងក្រងព្រះធម៌ទាំងនោះ ឲ្យក្លាយជាគម្ពីរ ដោយមានលក្ខណៈ ជារបៀបទៅតាមលំដាប់លំដោយ ដែលយើងហៅថាព្រះត្រៃបិដក។ ព្រះត្រៃបិដក គឺសំដៅលើ គម្ពីរគោល៣ប្រភេទ ក្នុងព្រះពុទ្ឋសាសនា រួមមាន ព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម។

ព្រះធម៌ដែលលោកអ្នកប្រាជ្ញចងក្រងទាំងនោះ បើគិតជាប្រភេទនៃគម្ពីរមាន៣គម្ពីរ គឺព្រះសូត្រ ព្រះវិន័យ និង ព្រះអភិធម្ម។ ៣គម្ពីរបើគិតជាក្បាលមាន១១០ក្បាល។ ១១០ក្បាលបើគិតជាខន្ឋ មាន៨៤០០០ព្រះធម្មខន្ឋ។ ដូច្នេះយើងឃើញថា ព្រះធម៌ដែលព្រះសាស្តានៃយើងទ្រង់សម្តែងរយៈពេល៤៥ព្រះវស្សា គឺមានរហូតដល់៨៤០០០ព្រះធម្មខន្ឋឯណោះ។

ប៉ុន្តែ បើសង្ខេបឬបង្រួញព្រះពុទ្ធោវាទទាំង៨៤០០០ព្រះធម្មខន្ធនោះ ព្រះពុទ្ធោវាទ នៅសល់តែ៣ប្រការប៉ុណ្ណោះ។ ព្រះធម៌ទាំង៣ប្រការនោះ គឺជាមូលដ្ឋានឱវាទដ៏សំខាន់ ក្រៃលែង ដែលព្រះអង្គទ្រង់អប់រំមនុស្ស ដើម្បីជាមាគ៌ាឆ្ពោះទៅកាន់សុខសុភមង្គលក្នុងជីវិតរស់នៅនាពេលបច្ចុប្បន្ន និងទៅបរលោក។ ព្រះពុទ្ឋឱវាទទាំង៣ប្រការនោះ គឺ១ ការមិនធ្វើអំពើបាបទាំងពួង ទី២ ការធ្វើអំពើកុសលទាំងពួង និង ទី៣ ការធ្វើចិត្តឲ្យស្អាតផូរផង់។

ការមិនធ្វើអំពើបាប


ការមិនធ្វើអំពើបាប គឺលោកចង់អប់រំមនុស្សទាំងឡាយ ឲ្យឈប់បន្តការប្រព្រឹត្តនូវអំពើបាបទាំងពួងដែលខ្លួនធ្លាប់មានពីអតីតកាល និងបច្ចុប្បន្ន ដែលបង្កផលប៉ះពាល់ និងការឈឺចាប់ដល់មនុស្សសត្វដទៃ និងនាំឲ្យខ្លួនឯងវិនាសអន្តរាយ។ អំពើបាបទាំងនោះ មានដូចជា ការកាប់សម្លាប់ជីវិតមនុស្សសត្វ, ការឆក់យកទ្រព្យដោយមានម្ចាស់ហួងហែង, ការប្រព្រឹត្តឆ្គាំឆ្គងលើកូនប្រពន្ឋអ្នកដទៃ, ការភូតកុហកបោកប្រាស់សាធារណជនដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន, ការជិះជាន់កេងប្រវញ្ច ជញ្ជក់ឈាមជនស្លូតត្រង់ក្រោមស្លាកនៃអំពើល្អ ។ល។ ដូច្នេះ ដើម្បីទទួលបានសុភមង្គលក្នុងគ្រួសារ និងសេចក្តីសុខក្នុងសង្គម គេត្រូវយកមាគ៌ាសន្តិភាពមកប្រតិបត្តិ ហើយដើម្បីទទួលបានសុខសន្តិភាព គឺតម្រូវឲ្យបុគ្គលគ្រប់រូបបញ្ឈប់ប្រព្រឹត្តអំពើបាបទាំងអស់ ដែលធ្លាប់មានក្នុងសន្តានរបស់ខ្លួនកន្លងមក។

ការធ្វើអំពើល្អ

ការធ្វើអំពើល្អ គឺព្រះអង្គមានព្រះបំណងឲ្យយើងគ្រប់គ្នា ចាប់ផ្តើមធ្វើអំពើល្អទាំងពួង មិនមែនឈប់ធ្វើអំពើអាក្រក់ហើយ ឈប់ធ្វើអ្វីៗ ហើយសំងំនៅស្ងៀមនោះទេ។ ការធ្វើអំពើល្អ ដូចជា ការមិនបៀតបៀនឈ្នានីសអ្នកដទៃ, ការចេះជួយសង្គ្រោះអ្នកដទៃ, ការចេះចែករំលែកសេចក្តីសុខ និងទ្រព្យសម្បត្តិដែលខ្លួនមានដល់អ្នកដទៃ, ការចូលរួមជួយដោះស្រាយបញ្ហាសាច់ញាតិ ក្រុមគ្រួសារ បងប្អូនក្នុងសហគមន៍ និង ការជួយគិតគូរដល់បញ្ហាសង្គមទាំងមូល ផងដែរ។ ការលះបង់ផលប្រយោជន៍ និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីអ្នកដទៃ គឺជាអំពើដ៏ប្រពៃមួយ ដែលព្រះជិនស្រីនៃយើង ទ្រង់កោតសរសើរ ហើយសូម្បីអ្នកប្រាជ្ញទស្សនវិទូក្នុងលោក ក៏ឲ្យតម្លៃដែរ។ លោកអ្នកប្រាជ្ញទាំងនោះតែងចាត់ទុកបុគ្គលប្រភេទនេះថា ជាអ្នកមានឧត្តមគតិខ្ពង់ខ្ពស់ ជាអ្នករស់នៅ ដែលនាំប្រយោជន៍យ៉ាងច្រើនក្រៃលែងដល់មនុស្សជាតិ។

ការធ្វើចិត្តឲ្យស្អាតផូរផង់

ការធ្វើចិត្តឲ្យស្អាតផូរផង់ គឺលោកចង់ឲ្យយើងជម្រះចិត្តឲ្យស្អាតបរិសុទ្ឋ ដោយកម្ចាត់ចោលនូវកិលេស ជាគ្រឿងសៅហ្មងទាំងឡាយឲ្យអស់ពីខន្ធសន្តានរបស់យើង។ គ្រឹះនៃកិលេសដែលធ្វើឲ្យចិត្តយើងសៅហ្មង កន្ទក់កន្ទេញនោះ គឺ លោភៈ ទោសៈ និងមោហៈ។ លោភៈ គឺសេចក្តីចង់បាននូវអ្វីៗគ្រប់យ៉ាងគ្មានព្រំដែន។ ទោសៈ គឺការក្រោធខឹងនឹងវត្ថុក្នុងលោក។ មោហៈ គឺភាពវង្វេងក្នុងលោក ដោយយល់ខុសពីការពិតចំពោះធម្មជាតិ។

ឱវាទអប់រំទាំង៣ប្រការនេះ ពិតជាសំខាន់ណាស់សម្រាប់មនុស្សលោក។ បើមនុស្សគ្រប់វណ្ណៈក្នុងសង្គម មានធម៌ទាំង៣ប្រការនេះ អំពើហិង្សាក្នុងគ្រួសារ ភាពចលាចលវឹកវរក្នុងសង្គម ស ប្រាកដជាមិនអាចកើតឡើងបានឡើយ។ បើមនុស្សមិនធ្វើអំពើបាប តែធ្វើតែអំពើល្អ ដោយចេះជួយសង្គ្រោះគ្នាទៅវិញទៅមក និងមានចិត្តស្អាតបរិសុទ្ធ នោះសុភមង្គលក្នុងគ្រួសារ សាមគ្គីភាពក្នុងសង្គម ច្បាស់ជាកើតឡើងជាក់ជាមិនខាន៕

Tag:
 ពុទ្ធសាសនា
  ឱវាទ៣ប្រការ
  មាឃបូជា
© រក្សាសិទ្ធិដោយ thmeythmey.com