COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ប្រើ​វ៉ាក់សាំង​ផលិត​នៅ​ឥណ្ឌា​
28, Jan 2021 , 2:31 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី កំពុងត្រួតពិនិត្យកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ។ រូបថត AFP
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី កំពុងត្រួតពិនិត្យកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ។ រូបថត AFP
​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២៧ ខែមករា បានចាប់ផ្ដើម​កម្មវិធី​ផ្ដល់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់ខ្លួន​ហើយ ដោយ​អាទិភាព​ត្រូវបាន​ផ្ដល់ឱ្យ​ក្រុមគ្រូពេទ្យ​ជួរមុខ​ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​។ រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ ប្រើប្រាស់​វ៉ាក់សាំង​ដែលជា​អំណោយ​របស់​រដ្ឋាភិបាល​ឥណ្ឌា​។

 
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ទីក្រុង​ពាណិជ្ជកម្ម​យ៉ាំ​ហ្គោ​ន​នៅ​ថ្ងៃទី​២៧ ខែមករា​។ ក្រុមគ្រូពេទ្យ និង​អ្នកស្ម័គ្រចិត្ត​សុខាភិបាល ជា​ក្រុម​អ្នកទទួលបាន​វ៉ាក់សាំង​ដំបូង​គេ បន្ទាប់មក​មាន​មេដឹកនាំ​ប្រទេស សមាជិកសភា អ្នកស្ម័គ្រចិត្ត និង​ប្រជាជនមាន​អាយុ​លើស​៦៥​ឆ្នាំ​។​
 
​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើ​នេះ ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដែល​ផលិត​នៅ​ឥណ្ឌា​ផ្ទាល់​។ វ៉ាក់សាំង​ទាំងនេះ ជា​អំណោយ​របស់​រដ្ឋាភិបាល​ឥណ្ឌា​សម្រាប់​ប្រទេសជិតខាង​របស់ខ្លួន​។ ក្រុង​ញូ​វ​ដេលី កំពុង​អនុវត្ត​នយោបាយ​ការទូត​វ៉ាក់សាំង​ដើម្បី​ពង្រឹង​ឥទ្ធិពល​ក្នុង​តំបន់ តាមរយៈ​ការផ្ដល់​វ៉ាក់សាំង​រាប់ម៉ឺន​ដូ​ស​ឱ្យ​ប្រទេស​នានា​ដូចជា​ម៉ា​ល់​ឌី​វ ស្រីលង្កា ប៊ូ​តង់ និង​បង់​ក្លា​ដែ​ស ដែល​សុទ្ធសឹង​ជាទី​តាំង​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​ចិន​។ 
 
​មី​យ៉ាន់​ម៉ា ទទួលបាន​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​របស់​ពិភពលោក Serum Institute ចំនួន​១,៥​លាន​ដូ​ស​កាលពី​សប្ដាហ៍​មុន​។ ទីក្រុង​ប៉េកាំង ក៏​ប្រកាស​ផ្ដល់​វ៉ាក់សាំង​បី​សែន​ដូ​ស​ឱ្យ​មី​យ៉ាន់​ម៉ា​ដែរ​។ បន្ថែម​ពីនេះ រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ ក៏​ត្រៀម​ទិញ​បន្ថែមទៀត​ពី​ប្រភព​នានា​។ ដើម្បី​បង្កើន​ទំហំ​ទឹកប្រាក់ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក៏​បើក​គណនី​ធនាគារ​ដើម្បី​ទទួល​ការបរិច្ចាគ​ពី​ប្រជាជន​ផងដែរ​។​
 
​ជា​ប្រទេស​ដែល​អាច​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ បានល្អ​នៅ​ដំណាក់កាល​ដំបូង មី​យ៉ាន់​ម៉ា បែរជា​ប្រឈមមុខ​ការឆ្លង​ដ៏​ច្រើន​ករណី​ក្នុង​មួយៗ​ថ្ងៃ​នៅ​ចុងឆ្នាំ​២០២០ ។ អាជ្ញាធរ​បានដាក់​ការសង្ស័យ​លើ​លំហូរ​ជនភៀសខ្លួន​ជាដើម​ហេតុ​នៃ​ការ​រាលដាល​យ៉ាង​រហ័ស​ក្នុងប្រទេស​។ ស្ថានភាព​ហាក់​ធូរស្រាល​នៅ​រយៈពេល​ចុងក្រោយ ដោយ​ករណី​ឆ្លង​ប្រចាំថ្ងៃ​ធ្លា​ក់មក​ត្រឹម​ក្រោម​៥០០​នាក់​ក្នុង​មួយថ្ងៃៗ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា មី​យ៉ាន់​ម៉ា មាន​ករណី​ឆ្លង​សរុប​ជិត​១៤​ម៉ឺន​នាក់ និង​ស្លាប់​ជាង​បី​ពាន់​នាក់​។ នៅ​អាស៊ាន ឥណ្ឌូណេស៊ី នៅតែ​ឈរ​លេខ​មួយ​ដដែល ជាមួយ​ករណី​ឆ្លង​ជាង​មួយ​លាន​នាក់​ទៅហើយ​ឯ​តិចជាងគេ គឺ​ឡាវ​ដែលមាន​៤៤​ករណី​៕

Tag:
 មី​យ៉ាន់​ម៉ា​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com