ជាតិ
សង្គមជាតិ
ហេតុអ្វី«ពានរង្វាន់ដឹងគុណ»ចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍?
29, Jan 2021 , 11:47 am        
រូបភាព
ដោយ:
ភ្នំពេញ៖ គម្រោង«ពានរង្វាន់ដឹងគុណ»ចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍ពីឆ្នាំ១៩៧០-២០២០ ត្រូវបានផ្តួចផ្តើម និងរៀបចំដោយក្រសួងព័ត៌មាន។ សារព័ត៌មានអនឡាញត្នោត(TNAOT) និងសារព័ត៌មានអេឡិចត្រូនិក Thmeythmey គឺជាដៃគូសហការរៀបចំ និងឧបត្ថម្ភ។ អ្នកសារព័ត៌មានចំនួន៥នាក់ក្នុងចន្លោះឆ្នាំ១៩៧០ និង២០២០ នឹងត្រូវជ្រើសរើសសម្រាប់ទទួល«ពានដឹងគុណ»នេះ។ រីឯ អ្នកសារព័ត៌មានចំនួន៧នាក់ផ្សេងទៀត ក៏នឹងទទួលបានពានកិត្តិយសក្នុងគម្រោង«ពានរង្វាន់ដឹងគុណ»នោះផងដែរ។

 

«នេះ គឺជាពានរង្វាន់ដឹងគុណពោះអ្នកសារព័ត៌មាន ពោល គឺមិនមែនពានរង្វាន់អ្នកសារព័ត៌មានឆ្នើមទេ»។ នេះ គឺជាគំនិតដើម និងជាគំនិតស្នូលនៅក្នុងការរៀបចំ«ពានរង្វាន់ដឹងគុណ»នេះ។ «ពានរង្វាន់ដឹងគុណ»នេះ ត្រូវបានរៀបចំឡើងដោយមានគោលបំណង«ថ្លែងអំណរគុណ»ជូនចំពោះបុគ្គលអ្នកសារព័ត៌មានរូបណាដែលបានចូលរួមបង្កើត លើកកម្ពស់ និងកែលម្អរវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧០រហូតមកដល់ឆ្នាំ២០២០។
អ្នកសារព័ត៌មានដែលត្រូវជ្រើសរើស គឺជាអ្នកសារព័ត៌មានជនជាតិខ្មែរដែលបម្រើការឲ្យក្រុមហ៊ុនសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា (អ្នកសារព័ត៌មានជនជាតិខ្មែរ បម្រើការឲ្យក្រុមហ៊ុនសារព័ត៌មានខ្មែរកាន់តែប្រសើរ)។ 


 
ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកទៅលើប្រវត្តិសិក្សា ការងារ បទពិសោធន៍ ស្នាដៃ និងការចូលរួមចែករំលែកចំណេះដឹងក្នុងវគ្គបណ្តុះបណ្តាល…នៅក្នុងវិស័យសារព័ត៌មាន។ ដើម្បីឲ្យការជ្រើសរើសមានតម្លាភាព, ក្រសួងព័ត៌មាន បានសម្រេចបង្កើតគណៈកម្មការវាយតម្លៃ លើការផ្ដល់«ពានរង្វាន់ដឹងគុណចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍ ចាប់ពីឆ្នាំ១៩៧០ ដល់២០១០»។

សមាសភាពគណៈកម្មការនេះ គឺមកពីស្ថាប័នព័ត៌មានផ្សេងៗគ្នានៅកម្ពុជា។ នេះបើតាមសេចក្តីចសម្រេចរបស់ក្រសួងព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី២២ មករាកន្លងមក។
សមាភាពគណៈកម្មការទាំងនោះរួមមាន៖ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានគណៈកម្មការ។ លោក គី សុខលីម ចាងហ្វាងការផ្សាយរបស់សារព័ត៌មានថ្មីៗ ជាអនុប្រធាន។ ក្រៅពីនោះ ក៏មានលោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា លោក ទៀ សូផាត និពន្ធនាយកសារព័ត៌មានត្នោត TNAOT APP និងលោក ងួន ច័ន្ទមុនី ស្ថាបនិកអង្គភាពសារព័ត៌មាន Fresh News ជាសមាជិក។
 
ក្រសួងព័ត៌មាន បានបញ្ជាក់ថា គណៈកម្មការវាយតម្លៃនេះ មានភារកិច្ចជ្រើសរើស និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ , កំណត់គោលការណ៍ លក្ខខណ្ឌសម្រាប់វាយតម្លៃ និងផ្ដល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភី ផ្អែកលើគុណវុឌ្ឍិការងារ ប្រវត្តិការងារ ការបណ្ដុះបណ្ដាល និងបំពេញការងារកន្លងមក៕ 
 
 
 

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com