កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីស្រាអែល​ត្រៀម​ចាក់​វ៉ាក់សាំង COVID-19 ឱ្យ​អត្ត​ព​លិ​ក ដើម្បី​ចូលរួម​អូឡាំពិក​ក្រុង​តូ​ក្យូ​
28, Jan 2021 , 11:29 pm        
រូបភាព
អ៊ីស្រាអែល គ្រោង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ឱ្យ​អត្ត​ព​លិ​ក​របស់ខ្លួន​ទាំងអស់​ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ​អូឡាំពិក​ក្រុង​តូ​ក្យូ នៅ​ខែឧសភា ឆ្នាំ​២០២១​។ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​២៧ ខែមករា ខណៈ​ព្រឹត្តិការណ៍​អូឡាំពិក​ដែល​ជប៉ុន​ធ្វើ​ម្ចាស់ផ្ទះ​នឹង​ដំណើរការ​នៅ​ថ្ងៃទី​២៣ ខែកក្កដា​។​



​អ្នកនាំពាក្យ IOC បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters តាមរយៈ Email ថា អ៊ីស្រាអែល​បាន​ត្រៀម​ការចាក់​វ៉ាក់សាំង​ដើម្បី​បង្ការ COVID-19 បាន​៥០​ភាគរយ​ហើយ សម្រាប់​ប្រតិភូ និង​អត្ត​ព​លិ​ក​អ៊ីស្រាអែល​ដែល​ត្រូវ​ទៅកាន់​ទីក្រុង​តូ​ក្យូ​។ ស្ថាប័ន​គ្រប់គ្រង​កីឡា​អូឡាំពិក​អន្តរជាតិ​បញ្ជាក់ទៀតថា អ្នក​ដែល​ត្រូវ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​ចាក់​វ៉ាក់សាំង​ទាំងស្រុង​នៅ​ចុងខែ​ឧសភា ឆ្នាំ​២០២១​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមករា​នេះ នៅសល់​ជិត​៦​ខែ​ទៀត​អូឡាំពិក​រដូវក្តៅ​នឹង​ដំណើរការ​ប្រកួត ប្រសិនបើ​គ្មាន​ការពន្យារ ឬក៏​ផ្អាក​ជា​លើក​ទី​២​ទេនោះ​។ អូឡាំពិក​ក្រុង​តូ​ក្យូ ឆ្នាំ​២០២០ ត្រូវបាន​ពន្យារ​រយៈពេល​១​ឆ្នាំ ពោលគឺ​ត្រូវ​ទៅធ្វើ​នៅ​ថ្ងៃទី​២៣ ខែកក្កដា រហូតដល់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១ វិញ​។​
 
​បើ​ទោះ COVID-19 នៅ​បន្ត​រាតត្បាត​ខ្លាំង​ឡើងវិញ​នៅ​ជុំវិញ​ពិភពលោក និង​ក្នុងប្រទេស​ជប៉ុន រហូត​បិទ​ព្រំដែន និង​ដាក់​ខេត្ត​ជាច្រើន​ក្នុងស្ថានភាព​អាសន្ន​ក្តី នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្គា យូ​ស៊ី​ហ៊ី​ដេ ប្តេជ្ញា​បន្ត​ត្រៀមខ្លួន​ឆ្ពោះទៅកាន់​ការរៀបចំ​អូឡាំពិក​ក្រុង​តូ​ក្យូ​នៅ​ឆ្នាំ​២០២១​ឲ្យ​ខាងតែបាន​។​
 
​ចំនួន​ករណី​ឆ្លង COVID-19 នៅ​ប្រទេស​ជប៉ុន គិត​ត្រឹម​ថ្ងៃទី​១៨ ខែមករា​នេះ កើន​ដល់​ជាង ៣៧១០០០​ករណី ក្នុងនោះ​ស្លាប់​ជាង ៥២៥០ និង​សះស្បើយ​ជាង ៣០៨១៦០​នាក់​។ ដោយឡែក​អ៊ីស្រាអែល​មាន​ករណី​ឆ្លង​លើស​ជប៉ុន ក្នុង​ចំនួន​ដល់​ទៅ​ជាង ៦២១៥៩០​នាក់ ប៉ុន្តែ​ស្លាប់​តិចជាង​ត្រឹម​ជាង ៤៦០០​នាក់ និង​ជា​ពី​ជំងឺ​ជាង ៥៤២៣៤០​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com