ជាតិ
សេដ្ឋកិច្ច
ការ​អស់​សុពល​ភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​អាមេរិក អាច​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​ដែរ​ទេ​?
29, Jan 2021 , 8:59 am        
រូបភាព
លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។
លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។
​ភ្នំពេញ​៖ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា GSP បាន​អស់​សុពលភាព ចាប់ពី​ថ្ងៃទី​៣១​ធ្នូ ឆ្នាំ​២០២០​មក ។ ដូច្នេះ​កម្ពុជា​គឺ​ត្រូវ​បង់ពន្ធ​ជូន​អាមេរិក​វិញ ពេល​នាំ​ទំនិញ​ចូល​អាមេរិក​។ សម្រាប់​អ្នកជំនាញ​សេដ្ឋកិច្ច មើលឃើញ​ខុសគ្នា ចំពោះ​បញ្ហា​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​

 
​ការ​អស់​សុពលភាព​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP (Generalized System of Preferences)​របស់​អាមេរិក​នេះ គឺ​មិនមែន​សម្រាប់តែ​កម្ពុជា​នោះទេ ពោលគឺ​ប្រទេស​និង​ដែនដី​ចំនួន​៩០​ទៀត ក៏​អស់​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ជា​បណ្តើរ​ផងដែរ​។ ដូច្នេះ រាល់​ទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា និង​ប្រទេស​ផ្សេងទៀត ទៅ​អាមេរិក គឺ​ត្រូវ​បង់ពន្ធ​។ 
 
​ជុំវិញ​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត អះអាងថា ទោះបី​បាត់​GSP ក្តី ក៏​វា​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា​ដែរ​។ ថ្លែង​ក្នុង​វេទិកាសាធារណៈ​ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ នា​ថ្ងៃទី​២៧ មករា លោក វ​ង្សី វិស្សុត មានប្រសាសន៍​ដូច្នេះ​ថា​៖ «​បើ​យើង​អត់​[​បាន​GSP​ពី​អាមេរិក​] គេ​ក៏បាន​អត់​ដែរ​។ អត់​ទាំងអស់គ្នា​ទេ​។ ដូច្នេះ គូរ​ប្រជែង​យើង​ក៏​បង់ពន្ធ​ដូរ​យើង​ដែរ​។ បើ​យើង​បង់ពន្ធ​! គេ​អត់​បង់​! អាហ្នឹង​យើង​ងាប់​សម្រាប់​ការនាំចេញ​ហ្នឹង ប៉ុន្តែ​បើ​បង់ពន្ធ​ទាំងអស់គ្នា​ទេ ខ្ញុំ​ថា​ដូចជា​មិន​អី​ប៉ុន្មាន​ទេ​»​។ 
 
​អាមេរិក បាន​ក្លាយជា​ទីផ្សារ​នាំចេញ​លំដាប់​ទី​១​របស់​កម្ពុជា ក្នុង​ទំហំ​ជាង​៦,០០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០​នៃ​វិបត្តិ​កូ​វីដ​-១៩ ។ បើតាម​លោក វ​ង្សី វិស្សុត បើទោះបី​កម្ពុជា​អស់​សពុល​ភាព​នៃ​GSP​នេះ ក៏ដោយ ប៉ុន្តែ​លទ្ធភាព​នៃ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០២១ នៅតែមាន​ដដែល ឬ​អាចមាន​ទំហំ​ធំ​ជាង​ការនាំចេញ​នៅក្នុង​ឆ្នាំ​២០២០​ទៅទៀត​។ នោះ​ក៏​ព្រោះតែ​កម្ពុជា​នៅមាន​MFN(The Most-Favored-Nations) ជាមួយ​អាមេរិក ក្នុង​អត្រា​ជាប់ពន្ធ​ទាប​បំផុត បន្ទាប់ពី​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​GSP​។ 
 
​បើតាម​ប្រសាសន៍​របស់លោក រង្សី វិស្សុត ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ដែល​កម្ពុជា​បាន​ពី​អាម​រិ​ក​កន្លងមក គឺ​បានតែ​ចំពោះ​ការនាំចេញ​កាបូប​ប៉ុណ្ណោះ  ប៉ុន្តែ​ការនាំចេញ​ទំនិញ​ផ្សេងៗ​ទៀត ដូចជា​កង់ សម្លៀកបំពាក់ និង​គ្រឿង​សង្កា​រឹម​ជាដើម​នោះ គឺ​កម្ពុជា​បាន​បង់ពន្ធ​តាម​MFN ដែលជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​អង្គការ​ពាណិជ្ជកម្ម​(WTO)​។ លោក បាន​អះអាង​ដូច្នេះ​៖«​ការនាំ​ចេញទៅ​អាមេរិក​[​ក្នុង​ឆ្នាំ​២០២១] គឺមាន​អត់​ធ្លាក់ចុះ​ទេ​! មានតែ​កើនឡើង ដោយសារ​អាមេរិក​ចាយ​លុយ​ច្រើនណាស់​រុញ​សេដ្ឋកិច្ច ហើយ​ការប្រើប្រាស់​នៅ​អាមេរិក​ក៏​ធំ​ដែរ​។ ហើយ​ការនាំចេញ​យើង​ទៅ​ទីផ្សារ​អាមេរិក​ក៏​លឿន​ដែរ​»​។  
 
​ផ្ទុយ​ពី​ការលើកឡើង​ខាងលើនេះ លោក ឆេង គីម​ឡុង នាយក​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី  យល់ឃើញថា ការ​អស់​សុពល​ភាព​នូវ​ប្រព័ន្ធ​GSP​នេះ វា​បាន​ក្លាយជា​បន្ទុក​ផ្នែក​ពន្ធគយ ក្នុង​ការនាំ​ទំនិញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក ទោះបី​កម្ពុជា​មាននូវ​MFN ក៏ដោយ​។ 


 
​ចំពោះ​មុខទំនិញ​កម្ពុជា​ដែល​នាំ​ចេញទៅ​អាមេរិក​ធ្លាប់តែ​រួច​ពន្ធគយ ប៉ុន្តែ​ចាប់​ថ្ងៃទី​១​មករា ឆ្នាំ​២០២១​តទៅ ទំនិញ​កម្ពុជា​ដែល​ធ្លាប់​រួច​ពន្ធ​ពី​អាមេរិកទាំង​នោះ បែរ​ទៅជា​ជាប់ពន្ធ​នាំ​ពន្ធ​នាំទៅ​អាមេរិក ដោយសារ​​តែការ​អស់​សុពល​ភាព​ប្រព័ន្ធ​GSP ។ បញ្ហា​នេះ វា​ធ្វើឱ្យ​ទំនិញ​កម្ពុជា អាចមាន​តម្លៃ​ឡើងថ្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​អាមេរិក និង​អាច​បាត់បង់​លទ្ធភាព​នាំចេញ​ទៅ​អាមេរិក​។ 
 
​លោក គីម​ឡុង បានបញ្ជាក់​ប្រាប់​សារព័ត៌​ថ្មីៗ នា​រសៀល​ថ្ងៃទី​២៨​មករា ដូច្នេះ​៖«​ទំនិញ​នាំ​ចេញពី​កម្ពុជា ទៅ​អាមេរិក វា​ក្លាយជា​ទំនិញ​នាំចូល​នៅក្នុង​ប្រទេស​អាមេរិក​ពី​កម្ពុជា បើ​វា​មាន តម្លៃ​ថ្លៃ​ជាង គឺ​វា​ធ្វើឱ្យ​ទំនិញ​របស់​យើង​បាត់បង់​នូវ​ភាព​ប្រកួតប្រជែង ផ្នែក​តម្លៃ​»​។ 
 
​បច្ចុប្បន្ន កម្ពុជា​បានក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កំពុង​អភិវឌ្ឍ​ទៅជា​ប្រទេស​ចំណូល​កម្រិត​មធ្យម នៅក្នុង​ឆ្នាំ​២០៣០​។ បើតាម​លោក គីម​ឡុង ការវិវត្តន៍វិជ្ជមាន ​នៃ​សេដ្ឋកិច្ចកម្ពុជា​ នឹង​អាច​បាត់បង់ លទ្ធ​​ភាព​ចរចា​ក្នុងការការទទួលបាន​ប្រព័ន្ធ​GSP ពី​អាមេរិក ក្នុង​សុពល​ភាព​រយៈពេល​៥​ឆ្នាំ បន្តទៀត  ហើយក៏​នឹង​អាច​បាត់បង់​MFN ផង​ដែរ​។  
 
​ដើម្បី​ឆ្លើយតប​នឹង​ការបាត់​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទាំងនេះ លោក ឆេង គីម​ឡុង លើកឡើងថា កម្ពុជា​ត្រូវ​ទាមទារ​យ៉ាងចាំបាច់​ក្នុងការ​ពង្រឹងសមត្ថភាព​ផលិតកម្ម​ខ្លួនឯង ហើយ​ត្រូវ​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​និង​ចំណាយ​ផ្សេងៗ​ដល់​វិនិយោគិន សហគ្រិន និង​អាជីវករ​ទាំងអស់ ក្នុងការ​ប្រកបមុខរប​រ​ធុរកិច្ច​នៅ​កម្ពុជា​។ ជាពិសេស​ត្រូវធ្វើ​យ៉ាងម៉េច​ទាញ​ថ្លៃដើម​ផលិតកម្ម​ឱ្យ​ធ្លាប់​ទាប ដើម្បីឱ្យ​អ្នកវិនិយោគ មានលទ្ធភាព​ក្នុង​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក អឺរ៉ុប និង​ទីផ្សារ​ប្រទេស​ផ្សេងៗ​ទៀត​។ បើតាម​នាយក​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច​រូបនេះ បើ​ថ្លៃដើម​ផលិតកម្ម​របស់​កម្ពុជា​ទាប ទោះបី​ជាប់​ពន្ធគយ​នាំចេញ​ក៏ដោយ ក៏​ទំនិញ​កម្ពុជា​នៅតែមាន​ភាព​ប្រកួតប្រជែង​ខ្ពស់ ដោយតម្លៃមិន​ថ្លៃ​ជាង​ទំនិញ​គេ​ឡើយ​។ 
 
​កន្លងមក GMAC បាន​អះអាងថា ផលប៉ះពាល់​ផ្ទាល់​នៃ​ការ​អស់​សពុ​ភាព GSP​របស់​អាមេរិក មក​កម្ពុជា នឹង​កើតមាន​លើ​អ្នកបញ្ជា​ទិញ​និង​អ្នក​នាំចូល ព្រោះ​ពួកគេ នឹងត្រូវ​តម្រូវឱ្យ​បង់ពន្ធ ពេល​នាំ​ទំនិញ​ចូល​អាមេរិក រហូតដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP​ត្រូវ​បានផ្តល់​សុពលភាព​ឡើងវិញ​។​
 
​ជាមួយនឹង​គ្នា​នេះ លោក អាត់ ធន់ មេ​សហជីព​មួយរូប មើលឃើញថា ការ​ផុត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP គឺ​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា ជាពិសេស ផលិតផល​និង​សម្ភារ​ធ្វើដំណើរ ដូចជា កាបូប ជាដើម​។ លោក បន្ថែមថា សម្រាប់​ការនាំ​ទំនិញ​ក្នុង​វិស័យ​កាត់ដេរ ទៅ​អាមេរិក​តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ MFN​កម្ពុជា​នឹងត្រូវ​បង់ពន្ធ​ប្រមាណ​១២​ទៅ​៣៣​ភាគរយ​។​
 
​លោក ថ្លែង​មកកាន់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​៧​មករា ឆ្នាំ​២០២១​ដូច្នេះ​ថា​៖«​ស្រុក​ខ្មែរ សម្រាប់ MFN គឺ​គិត​ពន្ធ​ពី ១២​ទៅ​៣៣​ភាគរយ លើ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​។ ចំណែក GSP កន្លងមក​គឺមាន​លក្ខណៈពិសេស​ជាង [MFN] គឺ [GSP] មាន​កម្រិត​អនុគ្រោះ​មិន​យកពន្ធ​ដល់​សូន្យ​ភាគរយ​លើ​ទំនិញ​។ 
 
​សូមជម្រាបថា MFN គឺ​សំដៅលើ​ប្រទេស​ដែល​គួរ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​បំផុត​។ MFN ជា​ប្រភេទ​នៃ​ការអនុគ្រោះ​ពន្ធ​មួយ​ផ្តល់ឱ្យ​ប្រទេស ដែល​គេ​មើលឃើញថា គួរតែ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​បំផុត​។ ប្រទេស​ទាំងនោះ គឺជា​ប្រទេស​ក្រីក្រ សេដ្ឋកិច្ច មិនមាន​សក្តានុពល​ខ្លាំងក្លា និង មានការ​រីកចម្រើន​តិចតួច​៕ 
 

Tag:
 GSP
  COVID-19
  លោក វ​ង្សី វិស្សុត
© រក្សាសិទ្ធិដោយ thmeythmey.com