COVID-19
ជាតិ
កូវីដ-១៩៖ កម្ពុជា មាន២ករណីថ្មី និងសះស្បើយ១០នាក់បន្ថែម
29, Jan 2021 , 7:15 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល បាន​ប្រកាសពីករណីវិជ្ជមានកូវីដ-១៩ ពីរករណីទៀតនៅកម្ពុជា ប៉ុន្តែស្របពេលជាមួយគ្នានេះ មាន​អ្នកជំងឺ១០នាក់បានជាសះស្បើយ។



ករណីដំបូង គឺជាស្ត្រីពលករអាយុ២៧ឆ្នាំ អាសយដ្ឋាននៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ គាត់មកពីថៃនៅថ្ងៃទី១៤ ខែមករា ហើយលទ្ធផលតេស្តលើកទី២ ឃើញវិជ្ជមានកូវីដ-១៩ ហើយ​ត្រូវដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ៃលិន។

ករណីមួយទៀត គឺជាស្ត្រីអាយុ​២០​ឆ្នាំ អាសយដ្ឋាននៅឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ គាត់ធ្វើដំណើរមកពីកូរ៉េខាងត្បូងនៅថ្ងៃទី១៥ ខែមករា ហើយលទ្ធផលតេស្តលើកទី២ គឺវិជ្ជមានកូវីដ-១៩។ គាត់ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រីឯអ្នករួមដំណើរតាមយន្តហោះ១២០នាក់ កំពុងបន្ត​ចត្តាឡីស័ក។

ក្នុងចំណោមអ្នកជាសះស្បើយ១០នាក់ មាន​៨នាក់ជាពលករមកពីថៃ ដោយ​៥នាក់ត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ២នាក់ពីមន្ទីរពេទ្យបង្អែកបន្ទាយមានជ័យ និង១នាក់ពីមន្ទីរពេទ្យបង្អែកប៉ៃលិន។ រីឯ២នាក់ទៀត មាន​ស្ត្រីជនជាតិខ្មែរអាយុ៣៦ឆ្នាំ ដែលមានពីសហរដ្ឋអាមេរិក និងស្ត្រីឥណ្ឌូណេស៊ី អាយុ៣៣​ឆ្នាំ ដែលមកពីឥណ្ឌូណេស៊ី។ ពួកគាត់ត្រូវបានអនុញ្ញាតឲ្យមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន ប៉ុន្តែស្ត្រីឥណ្ឌូណេស៊ី ត្រូវនៅបន្តមើលថែរក្សាកូនអាយុ១ឆ្នាំ ដែលតេស្តឃើញវិជ្ជមាន​ដូចគ្នាកន្លងមក។

បច្ចុប្បន្ន កម្ពុជាមាន​៤៦៣ករណី ដោយ៤៣៨ករណី បានជាសះស្បើយ។ ក្នុងនោះ ពលករមកពីថៃ​៨៥នាក់ តេស្តវិជ្ជមាន​ ហើយ៦៨នាក់បានជាសះស្បើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com