COVID-19
អន្តរជាតិ
កូ​វីដ​-១៩៖ អឺរ៉ុប ចេញ​វិធានការ​រឹតបន្តឹង​ការនាំចេញ​វ៉ាក់សាំង
30, Jan 2021 , 7:59 pm        
រូបភាព
​គណៈកម្មការ​អឺរ៉ុប នៅ​ថ្ងៃទី​២៩ ខែមករា បានដាក់​ចេញ​វិធានការ​ត្រួតពិនិត្យ​វ៉ាក់សាំង​ដែល​ផលិត​នៅតាម​រោងចក្រ​ប្រទេស​អឺរ៉ុប ស្របពេល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស AstraZeneca លើ​ការផ្គត់ផ្គង់​វ៉ាក់សាំង​។ វិធានការ​នេះ ក៏​អាច​ឈានដល់​ការ​រឹតត្បិត​លើ​ការនាំចេញ​វ៉ាក់សាំង​ទៅ​ក្រៅ​តំបន់​អឺរ៉ុប​ទៀតផង​។ អង្គការ​សុខាភិបាល​ពិភពលោក (WHO) បង្ហាញ​ក្ដីបារម្ភ​ចំពោះ​វិធានការ​បែបនេះ​។​

 
​ជម្លោះ​រវាង​ក្រុមហ៊ុន​ស៊ុយអែត​-​អង់គ្លេស AstraZeneca និង​សហភាព​អឺរ៉ុប​លើ​ការផ្គត់ផ្គង់​វ៉ាក់សាំង​ឱ្យ​ប្លុក​មួយ​នេះ កំពុង​កើន​កម្ដៅ​ខ្លាំង ខណៈ​ក្រុមហ៊ុន​មួយ​នេះ មិនទាន់​ផ្គត់ផ្គង់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្រាន់​តាម​ការព្រមព្រៀង តែ​បែរជា​បន្ត​ដឹក​វ៉ាក់សាំង​ឱ្យ​អង់គ្លេស​ទៅវិញ​។ ដើម្បី​ធានា​ឱ្យបាន​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​អឺរ៉ុប គណៈកម្មការ​អឺរ៉ុប ក៏​ដាក់ចេញ​វិធានការ​បន្ទាន់​មួយ​ដើម្បី​ត្រួតពិនិត្យ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​នេះ​ដែល​ផលិត​នៅ​អឺរ៉ុប​។​
 
​ចំណាត់ការ​បន្ទាន់​រប​ស់​អឺរ៉ុប ចូល​ធរមាន​នៅ​ថ្ងៃទី​៣០ ខែមករា ដែល​ដំណាក់កាល​ដំបូង​មាន​សុពលភាព​៦​សប្ដាហ៍ ហើយ​អាច​បន្ត​ដល់​ដំណាច់​ខែមីនា​ឯណោះ​។ ចំណាត់ការ​នេះ គ្រប​ណ្ដ​ប់​តែ​លើ​វ៉ាក់សាំង​ដែល​ស្ថិតក្រោម​កិច្ចព្រមព្រៀង​ទិញ​មុន​រវាង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​គណៈកម្មការ​អឺរ៉ុប​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​ឱសថ ត្រូវដាក់​ពាក្យសុំ​ការអនុញ្ញាត​ពី​គណៈកម្មការ​អឺរ៉ុប​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេសក្រៅ​ប្លុក​អឺរ៉ុប ហើយ​ត្រូវ​បង្ហាញ​កំណត់ត្រា​នាំចេញ​បី​ខែ​មុន​ផង​។​
 
«​យើង​បាន​ចំណាយលុយ​ឱ្យ​ប្រទេស​ក្រុមហ៊ុន​ទាំងនេះ​ដើម្បី​បង្កើន​ផលិតកម្ម ហើយ​យើង​រំពឹង​ក្រុមហ៊ុន​នេះ ដឹក​វ៉ាក់សាំង​ឱ្យ​យើង​។​» នេះ​ជាការ​លើកឡើង​របស់​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប Valdis Dombrovskis ដែល​បន្តថា វិធានការ​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ត្រូវបាន​អនុវត្ត​យ៉ាង​បន្ទាន់ សំដៅ​ធានា​តម្លាភាព និង​បង្កើត​យន្តការ​ដើម្បី​ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​អឺរ៉ុប​បញ្ជាក់ថា ក្រុមហ៊ុន​ឱសថ​ទាំងអស់ ត្រូវ​អនុវត្តតាម​ចំណាត់​នេះ មិនមែន​តែ AstraZeneca ទេ​។​
 
​ប្រទេស​អឺរ៉ុប​ដែល​មិនមែនជា​សមាជិក​សហភាព​អឺរ៉ុប​មួយចំនួន​ដូចជា​ស្វ៊ី​ស និង​ប្រទេស​តំបន់​បាល់​កង់ មិន​ស្ថិតក្រោម​វិធានការ​ថ្មី​ឡើយ​។ អង់គ្លេស​ដែល​ទើប​ចែកផ្លូវ​គ្នា​ជាមួយ​សហភាព​អឺរ៉ុប បែរជា​ស្ថិតក្រោម​ចំណាត់ការ​ទៅវិញ​។ ស្នងការ​សុខាភិបាល​អឺរ៉ុប Stella Kyriakides និយាយថា ផែនការ​ខាងលើ មិនមែន​តម្រង់​ប្រទេស​ណាមួយ​ឡើយ ហើយ​សហភាព​អឺរ៉ុប ក៏​មិនមែន​កំពុង​ប្រកួតប្រជែង​ប្រទេស​ណា​ដែរ​។​
 
​អង្គការ​សុខភាព​ពិភពលោក ចាត់ទុក​ចំណាត់ការ​របស់​អឺរ៉ុប​ជា​ផ្នែក​មួយ​នៃ​និន្នាការ​គួរឱ្យ​បារម្ភ​ដែល​អាច​ប៉ះពាល់​ការផ្គត់ផ្គង់​វ៉ាក់សាំង​សាកល​។ ជំនួយការ​នាយក WHO ទទួលបន្ទុក​ការទទួលបាន​ឱសថ និង​ផលិត​វេជ្ជសាស្ត្រ​និយាយថា Mariangela Simao លើកឡើងថា វា​មិនមែនជា​រឿង​ល្អ​ឡើយ​នៅ​ដំណាក់កាល​នេះ​ដែល​ប្រទេស​ណាមួយ ចេញ​វិធានការ​រឹតត្បិត ឬ​ដាក់​របាំង​នាំចេញ​នោះ​។​
 
​តាម​គម្រោង សហភាព​អឺរ៉ុប ចង់បាន​វ៉ាក់សាំង​២.៥​ពាន់​លាន​ដូ​ស​។ ចំនួន​នេះ​ច្រើនជាង​ចំនួន​ដែល​ពលរដ្ឋ​អឺរ៉ុប​៤៥០​លាន​នាក់ ត្រូវការ​។ ប៉ុន្តែ​ចំនួន​ទាំង​២.៥​ពាន់​លាន​ដូ​ស​នេះ ក៏មាន​ចំណែក​សម្រាប់​ប្រទេស​ក្រីក្រ​ដែល​សហភាព​អឺរ៉ុប​ទិញ និង​ផ្ដល់ឱ្យ​តាមរយៈ​យន្តការ COVAX ៕
 
 
  

Tag:
 ​អឺរ៉ុប​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com