COVID-19
ជាតិ
កម្ពុជា រកឃើញករណីឆ្លងកូវីដ១ទៀត ជាបុរសឥណ្ឌូណេស៊ី មកពីហ្វីលីពីន និងបន្តជើងហោះហើរនៅកូរ៉េខាងត្បូង
31, Jan 2021 , 7:47 am        
រូបភាព
អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មានរបស់អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា កម្ពុជា រកឃើញបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ ផ្ទុកជំងឺកូវីដ-១៩។ បើតាមសេចក្តីប្រកាសព័ត៌មាន បុរសជនជាតិឥណ្ឌូណេស៊ីនោះ ធ្វើដំណើរចេញពីឥណ្ឌូណេស៊ី និងបានបន្តជើងហោះហើរនៅកូរ៉េខាងត្បូង ហើយមកដល់កម្ពុជា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។



បុរសឥណ្ឌណេស៊ីខាងលើ មានអាយុ២៩ឆ្នាំ និងបានស្នាក់នៅក្នុងសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន គាត់ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់សិន រាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា អ្នកជិះយន្តហោះ ជាមួយបុរសជនជាតិហ្វីលីពីនោះ សរុបមាន១១៩នាក់ តែពួកគេ មិនបានឆ្លងជំងឺកូវីដ-១៩នោះទេ។ អ្នកទាំង១១៩នាក់ ត្រូវបានរៀបចំឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ 

គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា កើនដល់៤៦៥នាក់ ដោយក្នុងនោះ មាន៤៤៣នាក់ បានជាសះស្បើយវិញ និង២២នាក់ កំពុងបន្តព្យាបាល៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com