ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីអប់រំប្រាប់ឪពុកម្តាយណែនាំកូនកុំទៅកន្លែងស្ងាត់ ដើម្បីជៀសវាងករណីឆបោក
01, Feb 2021 , 1:39 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យឪពុកម្តាយណែនាំកូនឲ្យចេះប្រុងប្រយ័ត្ន ចំពោះករណីឆបោក និងគំរាមកំហែងផ្សេងៗពីជនមិនខិលខូច។ រដ្ឋមន្ត្រីក្រសួងអប់រំបែនេះ ក្រោយពីមានជនខិលខូចបន្លំដោះយកគ្រឿងអលង្ការ និងធ្វើសកម្មភាពផ្សេងៗលើកុមារ។



លោក ហង់ជួន ណារ៉ុន ប្រាប់ឲ្យអាជ្ញាធរ គ្រូបង្រៀន និងឪពុកម្តាយ អនុវត្តគោលការណ៍ «សាលារៀនមួយ តំបន់សុខក្សាន្តមួយ» ដោយពង្រឹងសន្តិសុខសង្គម និងសុវត្ថិភាពនៅតាមគ្រឹះស្ថានសិក្សា ដើម្បីជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ។

រដ្ឋមន្ត្រីអប់រំរូបនេះ ក៏បានហាមសិស្សទាំងអស់ កុំទៅទីកន្លែងស្ងាត់ ដើម្បីចៀសវាងពីករណីឆបោក និងគំរាមកំហែងផ្សេងៗពីជនមិនខិលខូច។ «បើទៅកន្លែងស្ងាត់ ក៏ត្រូវបបួលគ្នាទៅចាប់ពី២នាក់ឡើងទៅដែរ។ កុំទៅកន្លែងស្ងាត់តាមជនមិនស្គាល់មុខ។ ភ្លាមៗត្រូវរត់គេចឆ្ងាយពីជននោះ ដោយរត់ទៅរកអ្នកដទៃឲ្យជួយ។ សិស្សានុសិស្សកុំធ្វើតាមអ្វីដែលជនខិលខូចបង្គាប់។ ប្រសិនជាសិស្សានុសិស្សណាម្នាក់ ជួបករណីនេះ គួរតែប្រញាប់រាយការណ៍ទៅលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀនជាបន្ទាន់»។ នេះបើតាមក្រសួងអប់រំ។

លោករដ្ឋមន្ត្រីអប់រំ បានណែនាំដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន បង្កើត ឬធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះ លេខទូរស័ព្ទផ្តល់ព័ត៌មាន ឬបណ្តាញទំនាក់ទំនងសង្គម។ គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ បង្ការទប់ស្កាត់សកម្មភាពឆបោកពីជនទុច្ចរិត៕

Tag:
 ហង់ជួន ណារ៉ុន
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com