ជាតិ
សង្គមជាតិ
អាហារូបករណ៍អូស្ត្រាលីសម្រាប់និស្សិតកម្ពុជា ចាប់បើកទទួលពាក្យស្នើសុំហើយ
01, Feb 2021 , 7:25 pm        
រូបភាព
រូបភាពពី​ហ្វេសប៊ុក​ Australia Awards Cambodia
រូបភាពពី​ហ្វេសប៊ុក​ Australia Awards Cambodia
 ភ្នំពេញ៖ អាហារូបករណ៍អូស្ត្រាលី Australia Awards Scholarship ចាប់ផ្តើមបើកទទួលពាក្យស្នើសុំសម្រាប់ឆ្នាំសិក្សាថ្មី ២០២២ ពីថ្ងៃទី ០១ ខែកុម្ភៈរហូតដល់ខែថ្ងៃ ៣០ខែមេសា ឆ្នាំ ២០២១នេះតទៅ។

 
អាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី Australia Awards Scholarship សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនេះផ្តល់ឱកាសដល់បេក្ខជននិងបេក្ខនារីដែលកំពុងបំពេញការងារលើគ្រប់វិស័យរួមទាំងអ្នកកំពុងបម្រើការងារក្នុងវិស័យសាធារណៈ, វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ក៏ដូចជាអង្គការសង្គមស៊ីវិលផងដែរ។

ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ការសិក្សានៅអូស្ត្រាលីនេះគឺ ស្ថិតក្នុងគម្រោងអភិវឌ្ឍដ៏សំខាន់ និងយូរអង្វែងរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការចូលរួមលើកស្ទួយវិស័យអប់រំ ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាលោក ​Pablo Kang ក្នុងវីដេអូខ្លីស្តីពីការបើកទទួលពាក្យអាហារូបករណ៍ជាផ្លូវការ។
 
បើតាមឯកអគ្គរាជទូតអូស្ត្រាលី គិតចាប់ពីឆ្នាំ ១៩៩៤ មក និស្សិតកម្ពុជាជិត ៩០០នាក់ហើយដែលបានជ្រើសរើសឲ្យទៅសិក្សានៅអូស្ត្រាលីតាមរយៈអាហារូបករណ៍នេះ។  

ដើម្បីអាចដាក់ពាក្យចូលរួមបាន បេក្ខជន និងបេក្ខនាទីត្រូវបំពេញលក្ខខណ្ឌសំខាន់មួយចំនួនដូចជា ជាជនជាតិខ្មែរ, មានកម្រិតភាសាអង់គ្លេសច្បាស់លាស់, មានសញ្ញាបត្របរិញ្ញាបត្រ ក៏ដូចជាមានបទពិសោធន៍ការងារយ៉ាងតិចពីឆ្នាំ (២៤ខែ ពេញម៉ោង) ។ យុវនារី, និស្សិតដែលជាជនពិកា ក៏ដូចជាអ្នកដែលរស់នៅនិងកំពុងបំពេញការងារនៅតាមខេត្តនានាទូទាំងប្រទេសកម្ពុជាត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យចូលរួម។

បេក្ខជនបេក្ខនារីដែលមានចំណាប់អារម្មណ៍ ឬមានចម្ងល់អាចទំនាក់ទំនងស្វែងរកព័ត៌មានបន្ថែមបានតាមរយៈ៖ 
លេខទូរសព្ទ៖ +855 12 635 306 ឬ 15 391 127
គេហទំព័រ៖ www.australiaawardscambodia.org
ទំព័រ Facebook៖ https://www.facebook.com/Australia.Awards.Kh/
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com