ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! មិន​ញ៊ាំ “​អាហារ​មាន​ជាតិ​ខ្លាញ់​” សោះ ប្រយ័ត្ន​ជួបប្រទះ​បញ្ហា​សុខភាព​ទាំងនេះ​
02, Feb 2021 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​តែង​ដក​ខ្លាញ់​ចេញ​របប​អាហារ​ប្រចាំថ្ងៃ​ដោយ​គិតថា​វា​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​។ ទោះជា​យ៉ាងណា​មិនមែន​ខ្លាញ់​ទាំងអស់​សុទ្ធតែ​ផ្ដល់​ផល​នូវ​ប៉ះពាល់​នោះទេ​។ ជាក់ស្ដែង​ខ្លាញ់​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​។ ការបញ្ឈប់​មិន​ទទួលទាន​ខ្លាញ់​ល្អ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ជាច្រើន​ចំពោះ​សុខភាព​រាងកាយ​និង​ផ្លូវចិត្ត​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អាច​កើតឡើង​នៅពេល​អ្នក​បញ្ឈប់​ការទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​តែម្ដង ៖

 
១. អ្នក​អាចមាន​អារម្មណ៍​ឃ្លាន​ជាង​មុន​
 
​នៅពេល​អ្នក​បញ្ឈប់​ការ​ទទួលទាន​ខ្លាញ់ អ្នក​អាច​នឹង​កត់សម្គាល់​បាន​ថា​ហាក់ដូចជា​មិនសូវ​ឆ្អែត​សោះ​ក្រោយពេល​ទទួលទាន​អាហារ​រួច​។ នេះ​ក៏​ព្រោះតែ​ជាតិ​ខ្លាញ់​ក៏​ជា​សារធាតុចិញ្ចឹម​ចាំបាច់​ដែល​រាងកាយ​ត្រូវការ​ផងដែរ ប៉ុន្តែ​ក្នុង​កម្រិត​មធ្យម​។ ហើយ​ប្រសិនបើ​អ្នក​មិន​ទទួលទាន​ជាតិ​ខ្លាញ់​បាន​គ្រប់គ្រាន់​ទេនោះ អ្នក​ក៏​ងាយ​នឹង​ឃ្លាន​ទទួលទាន​អាហារ​ផ្សេងទៀត​ដែលមាន​កាឡូរី​ខ្ពស់​។​
 
២. ការចងចាំ​ចុះ​អន់​ខ្សោយ​
 
​ប្រសិនបើ​អ្នក​ដក​ខ្លាញ់​ចេញពី​របប​អាហារ​ទាំងស្រុង នោះ​អ្នកនឹង​ប្រឈមមុខ​ខ្ពស់​ជាមួយ​បញ្ហា​នៃ​ការចងចាំ​។ នេះ​ក៏​ព្រោះតែ​ខ្លាញ់​ល្អ​ជួយ​បង្កើន​សុខភាព​ខួរក្បាល​។ ដូច្នេះហើយ​ទើប​អ្នក​គួរ​រួមបញ្ចូល​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដូចជា​ប្រេង​អូ​លីវ គ្រាប់​ធញ្ញជាតិ និង​ត្រី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​បង្កើន​ការចងចាំ​។ ការ​ទទួលទាន​ខ្លាញ់​ល្អ​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​វង្វេងស្មារតី (dementia) ផងដែរ​។​
 
៣. ការកើនឡើង​ខ្ពស់​នូវ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​ខ្លាញ់​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​បេះដូង​។ របប​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង ព្រមទាំង​ជំងឺ​បេះដូង​ប្រភេទ​ផ្សេងទៀត​បាន​យ៉ាង​ប្រសើរ​។​
 
៤. អ្នក​អាច​នឹង​កើន​ទម្ងន់​
 
​នៅពេល​អ្នក​ប្រកាន់ខ្ជាប់​នូវ​របប​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ទាប អ្នក​ក៏​កំពុង​រារាំង​រាងកាយ​ពី​ការដុត​បំផ្លាញ់​ជាតិ​ខ្លាញ់​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ខ្លាញ់​សុខ​ភាពល្អ​ដូចជា​ជាតិ​ខ្លាញ់​ក្នុង​គ្រាប់​អាល់​ម៉ុ​ន​អាចជួយ​ធ្វើឱ្យ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​កាន់តែ​ប្រសើរឡើង​។​
 
៥. ពិបាក​នឹង​ឡើងសាច់​ដុំ​
 
​ការ​ទទួលទាន​ខ្លាញ់​ល្អ​និង​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ជួយ​ដល់​ការលូតលាស់​នៃ​សាច់ដុំ​។ ជាតិ​ខ្លាញ់​ក៏​អាច​បង្កើន​កំហាប់​នៃ​ប្រូតេអ៊ីន​ក្នុង​រាងកាយ​ដែល​នឹង​ជួយ​ឱ្យ​រាងកាយ​ឆាប់​ជាសះស្បើយ​ក្រោយពេល​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ផងដែរ​។​
 
៦. ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
 
​អាស៊ីត​ខ្លាញ់​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប់​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ ការ​ស្រូបយក​វីតាមីន​នឹងមាន​លក្ខណៈ​កាន់តែ​ប្រសើរ​នៅពេល​ទទួលទាន​ជាមួយ​អាហារ​មាន​ជាតិ​ខ្លាញ់​ល្អ​។ ប្រសិនបើ​អ្នក​ដក​ជាតិ​ខ្លាញ់​ល្អ​ពី​ក្នុង​របប​អាហារ រាងកាយ​អាច​នឹងមិន​ទទួលបាន​វីតាមីន​គ្រប់គ្រាន់​ពី​ក្នុង​អាហារ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com