ជាតិ
ក្រសួងការបរទេសផ្សព្វផ្សាយការទូតម្ហូបអាហារខ្មែរ
02, Feb 2021 , 2:41 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (រូបឆ្វេង), នំបញ្ចុកសម្លខ្មែរ និងសម្លកកូរ ដែលត្រូវបានដកស្រង់ចេញពីសៀវភៅ The Taste of ANGKOR
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (រូបឆ្វេង), នំបញ្ចុកសម្លខ្មែរ និងសម្លកកូរ ដែលត្រូវបានដកស្រង់ចេញពីសៀវភៅ The Taste of ANGKOR
ដោយ:
កាលពីកាលពីថ្ងៃទី១៨ខែមករា ក្រសួងការបរទេសកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» ក្រោមវត្តមានរបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន។ ទន្ទឹមគ្នានោះ សៀវភៅមុខម្ហូបខ្មែរ «The Taste of ANGKOR» ក៏ត្រូវបានផ្សព្វផ្សាយផងដែរ។

 
ចាប់ពីពេលនេះទៅ អ្នកការទូតកម្ពុជាត្រូវបន្ថែមប្រធានបទ«ម្ហូបខ្មែរ»នៅក្នុងកម្មវិធីនានា និងទៅក្នុងបេសកកម្មរបស់ខ្លួន លើសពីអ្វីដែលធ្លាប់ធ្វើបង្ហាញរួចមកហើយដូចជា៖ ផលិផលកសិកម្ម ទេសចរណ៍ គោលនយោបាយវិនិយោគ និងពាណិជ្ជកម្ម ជាដើម។ កេរដំណែលស្នាដៃម្ហូបខ្មែរ ឬ The Taste of ANGKOR គឺជាមេរៀនថ្មីមួយទៀតដែលអ្នកកាទូតកម្ពុជាត្រូវយល់ដឹង ដើម្បីផ្សព្វផ្សាយ លើកកម្ពស់វប្បធម៌ជាតិនៅលើឆាកអន្តរជាតិ។ រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានចាត់ទុក ការផ្សព្វផ្សាយអំពីម្ហូបខ្មែរ ទៅកាន់ពិភពលោក ថាជាផ្នែកមួយនៃអនុវត្តការទូតសេដ្ឋកិច្ច។
 
នៅក្នុងសៀវភៅបង្ហាញអំពីមុខម្ហូប និងរបៀបចម្អិន លើកដំបូង មានមុខម្ហូបចម្បង បង្អែម និងអាហារសម្រន់ ៣៨មុខ ដែលត្រូវបានសរសេរជាភាសាអង់គ្លេស។ ប្រហុកខ្ទិះ អាម៉ុកត្រី ត្រីងៀតឪឡឹក ទឹកត្រីបុក ត្រប់ឆា សម្លកកូរ ឆាខ្ញី នំផ្លែអាយ នំពពាយ ។ល។ ត្រូវបានបង្ហាញជាមួយនឹងរូបថតនៃមុខម្ហូប និងបរិមាណនៃគ្រឿងផ្សំសម្រាប់ចម្អិន។
នៅក្នុងបុព្វកឋានៃសៀវភៅមុខម្ហូប The Taste of ANGKOR លោកប្រមុខការទូតខ្មែរបានសរសេរបង្ហាញអំពីចំណងទាក់ទង ឬឬសគល់នៃម្ហូបអាហារខ្មែរ ទៅនឹងជីវភាព និងប្រពៃណីនៃបុព្វបុរសខ្មែរតាំងពីសម័យមហានគរ ឬអាណាចក្រខ្មែរដ៏រុងរឿង។ អំណោយផលពីធម្មជាតិនៃដីដ៏មានជីបានបង្កលក្ខណៈប្រសើរដល់ការដាំដុះដំណាំ បន្លៃបង្ការ ដែលត្រូវបានកែច្នៃជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារខ្មែរ។ 
 
លោកឧបនាយករដ្ឋមន្ត្រីបានសរសេរបន្ថែមយ៉ាងដូច្នេះទៀតថា៖«សៀវភៅមុខម្ហូបដ៏ស្រស់ស្អាតនេះបានបង្ហាញពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសារនៃមុខម្ហូបនីមួយៗតាមរយៈវិជ្ជានៃការធ្វើម្ហូបរបស់ខ្មែរ។ ដល់ពេលហើយសម្រាប់អ្នកដែលចូលចិត្តអាហារនៅជុំវិញពិភពលោកមកស្គាល់រសជាតិគ្មានពីរនៃម្ហូបអាហារខ្មែរ»។

 

© រក្សាសិទ្ធិដោយ thmeythmey.com