ជាតិ
សង្គមជាតិ
សម្ដេច ស ខេង៖ «បើយើងមិនស្រុះគ្នាទប់ស្កាត់ទេ គ្រឿងញៀននឹងត្រួតត្រាយើងនៅថ្ងៃណាមួយ»
02, Feb 2021 , 8:29 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ការចរាចរណ៍គ្រឿងញៀននៅកម្ពុជា កំពុងសាយភាយដល់ទីជនបទ នៅតាមបណ្តាខេត្តនានា។ សកម្មភាពលួចចរាចរណ៍គ្រឿងញៀនដល់ទីជនបទបែបនេះ បានធ្វើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង ព្រួយបារម្ភថា ថ្ងៃណាមួយគ្រឿងញៀននឹងអាចត្រួតត្រាកម្ពុជា បើអាជ្ញាធរពាក់ព័ន្ធមិនស្រុះស្រួលគ្នា ក្នុងការដោះស្រោយបញ្ហាសង្គមមួយនេះ។

 
សម្តេច ស ខេង បានបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញករណីបទល្មើសគ្រឿងញៀន យ៉ាងតិចណាស់ពី៦ទៅ១០ខេត្តក្នុងមួយថ្ងៃ។ ថ្លែងចេញពីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី២កុម្ភៈ សម្តេច ស ខេង មានប្រសាសន៍យ៉ាងខ្លីដូច្នេះ៖« រឿងនេះ បើយើងមិនស្រុះគ្នាដើម្បីធ្វើ[ទប់ស្កាត់]ទេ គ្រឿងញៀននឹងត្រួតត្រាយើងនៅថ្ងៃណាមួយ»។ 
 
ស្ថានភាពជួញដូរគ្រឿងញៀននៅកម្ពុជា នៅតែមានសភាពស្រួចស្រាវ និងរីកសាយភាយកាន់ច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ២០២០កន្លងមក កម្លាំងនគរបាលបង្ក្រាបករណីគ្រឿងញៀនបានជាង ១ម៉ឺនករណី នៅទូទាំងប្រទេស ដោយរឹបអូសគ្រឿនញៀនបានជាង៣,២តោន។ ក្នុងនោះមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន, ថ្នាំពង្វក់ស្មារតីប្រភេទអំហ្វេតាមីន, កូកាអ៊ីន, ខេតាមីន និងហេរ៉ូអ៊ីន រួមទាំងកញ្ឆា ជិត៣០០គីឡូក្រាម និងអាភៀនចំនួនជាង២៨,៧ម៉ឺនដើម ផងដែរ។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 
 
 
 

Tag:
 គ្រឿងញៀន
  សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com