ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋមន្រ្តីយុត្តិធម៌ បង្កើតគណៈកម្មការ ដំឡើងឋានន្តរសក្តិដល់មន្រ្តីតុលាការ
03, Feb 2021 , 8:59 pm        
រូបភាព
លោក កើត រិទ្ធ (ឆ្វេងដៃ) និង លោក ជិន ម៉ាលីន ស្ថិតក្នុងពិធីបុណ្យឯករាជ្យជាតិ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីទំព័រហ្វេសប៊ុករបស់លោក ជិន ម៉ាលីន
លោក កើត រិទ្ធ (ឆ្វេងដៃ) និង លោក ជិន ម៉ាលីន ស្ថិតក្នុងពិធីបុណ្យឯករាជ្យជាតិ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបពីទំព័រហ្វេសប៊ុករបស់លោក ជិន ម៉ាលីន
ដោយ:
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញប្រកាសមួយ ស្តីពីការបង្កើតគណៈកម្មការដំឡើងឋានន្តរសក្តិឬថ្នាក់ ជូនមន្រ្តីរាជការស៊ីវិល តាមសាលាជម្រះក្តីគ្រប់ថ្នាក់ សម្រាប់ឆ្នាំ២០២១។ លោក  ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ត្រូវបានតែងតាំងជាប្រធានគណៈកម្មការនេះ។


លោក ជិន ម៉ាលីន ដែលមានតំណែងជាអនុប្រធាននិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងនោះ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទ៣ ខែកុម្ភ ឆ្នាំ២០២១ ថា គណៈកម្មការ ដែលោកធ្វើជាប្រធាននេះ គឺពិនិត្យពីការរៀបចំដំឡើងឋានន្តរសក្តិឬថ្នាក់ជូនតែមន្រ្តីផ្នែករដ្ឋបាលប៉ុណ្ណោះ ដោយមិនមានវិសាលភាពលើមន្រ្តីវិជ្ជាជីវៈឡើយ។ 
 
បើតាមលោក ជិន ម៉ាលីន ក្នុងតុលាការនីមួយៗ មានមន្រ្តី២ប្រភេទ គឺមន្រ្តីវិជ្ជាជីវៈ សំដៅលើព្រះរាជអាជ្ញានិងចៅក្រម ជាដើម ហើយមន្រ្តីរដ្ឋបាល សំដៅលើមន្រ្តីរាជការ ដែលធ្វើកិច្ចការផ្នែករដ្ឋបាល។ លោក បន្តថា ចៅក្រមនិងព្រះរាជអាជ្ញា ស្ថិតក្រោមការមើលខុសត្រូវរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយមន្រ្តីផ្នែករដ្ឋបាល ស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងយុត្តិធម៌។ 
 
លោក មានប្រសាសន៍ថា ការបង្កើតគណៈកម្មការ ដើម្បីពិនិត្យពីការដំឡើងឋានន្តរសក្តិឬថ្នាក់ជូនមន្រ្តីរាជការតាមតុលាការនេះ គឺជារឿងសំខាន់សម្រាប់ពួកគេ ដ្បិតឋានន្តរសក្តិឬមុខតំណែង គឺជាផលប្រយោជន៍របស់ពួកគេ ដែលពួកគេ ខិតខំបំពេញការងារ។ លោក បញ្ជាក់ថា៖«ការរៀបចំឡើងឋានន្តរសក្តិ គឺជាផលប្រយោជន៍ធំរបស់ពួកគាត់»។
 
តាមរយៈប្រកាស ចេញនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចែងពីភារកិច្ចសំខាន់ៗ៤ចំណុច សម្រាប់គណៈកម្មការខាងលើអនុវត្ត។ 
 
ទី១ ពិនិត្យពីការដំឡើងឋានន្តរសក្តិឬថ្នាក់ តាមវេនអតីតភាពនិងវេនជ្រើសរើសឲ្យបានត្រឹមត្រូវ ហើយរៀបចំស្នើទៅក្រសួងមុខងារសាធារណៈ។ 
ទី២ ពិនិត្យសម្រេចសុំដំឡើងថ្នាក់ សម្រាប់ករណីពិសេស ចំពោះមន្រ្តីរាជការ ដែលដល់អាយុចូលនិវត្ត។ 
ទី៣ ពិនិត្យសម្រេចការស្នើសុំដំឡើងឋានន្តរសក្តិឬថ្នាក់ ជូនមន្រ្តីរាជការតាមកម្រិតនៃការបណ្តុះបណ្តាល ដូចបានកំណត់ក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌរបស់ខ្លួន និងមន្រ្តីរាជការ ដែលបានបញ្ចប់វគ្គវិក្រឹត្យការនៅសាលាភូមិន្ទរដ្ឋបាល។ 
ទី៤ រៀបចំស្នើសុំដំឡើងឋានន្តរសក្តិឬថ្នាក់ប្រចាំឆ្នាំ តាមវេនអតីតភាពនិងវេនជ្រើសរើស ជូនទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីធ្វើសេចក្តីសម្រេច។ 
 
លោក ជិន ម៉ាលីន អះអាងថា គណៈកម្មការនេះ តែងតែត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំ។ លោក បន្ថែមថា ឆ្នាំក្រោយៗទៀត ក្រសួងយុត្តិធម៌ នឹងបង្កើតគណៈកម្មការនេះសាជាថ្មី ដើម្បីរៀបចំដំឡើងឋានន្តរសក្តិឬថ្នាក់ ជូនមន្រ្តីរាជការតាមតុលាការ ព្រោះពួកគេ ត្រូវឡើងឋានន្តរសក្តិឬថ្នាក់ជារៀលរាល់ឆ្នាំ និងមានមន្រ្តីថ្មី ប្រឡងជាប់ចូលបម្រើការងារតាមតុលាការជារៀងរាល់ឆ្នាំផងដែរ៕  
 
 

Tag:
 ជិន ម៉ាលីន
  មន្រ្តីតុលាការ
  ឋានន្តរសក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com