ជាតិ
សេដ្ឋកិច្ច
កម្ពុជា រំពឹង​កើន​ពាណិជ្ជកម្ម​២៥​ភាគរយ ជាមួយ​កូរ៉េ តាមរយៈ​FTA
04, Feb 2021 , 10:30 am        
រូបភាព
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ចប់រការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយលោកស្រី YOO Myung-hee រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២កុម្ភៈ។ រូបថត៖ ក្រសួងពាណិជ្ជកម្ម
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ចប់រការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយលោកស្រី YOO Myung-hee រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២កុម្ភៈ។ រូបថត៖ ក្រសួងពាណិជ្ជកម្ម
​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ បានបញ្ចប់​ការចរចា​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(CKFTA) នា​ព្រឹក​ថ្ងៃទី​៣ កុម្ភៈ ។ តាមរយៈ​កិច្ច​ព្រម​ពៀង​FTA​នេះ នឹងធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​កូរ៉េ កើន​ដល់ ២៥​ភាគរយ​។ នេះ​បើតាម​ការរំពឹង​របស់​លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​។​

 
​លោក ស៊ា​ង ថៃ បាន​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​កូរ៉េខាងត្បូង មាន​កំណើន​ពី​១៥-១៦​ភាគរយ ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២០ ដែល​ពិភពលោក​ជួប​នូវ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩  បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ពីរ ធ្លាក់ចុះ​ចំនួន​១៧​ភាគរយ​។ តែ​យ៉ាងណា​លោក ស៊ា​ង ថៃ រំពឹងថា ទំហំ​ពាណិជ្ជកម្ម​ភាគី​ទាំងពីរ នឹង​កើនឡើង​២៥​ភាគរយ​វិញ តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។​
 
«​ប៉ុន្តែ នៅ​ថ្ងៃមុខ​ពេលដែល​យើង​មាន​កិច្ច​ព្រម​ពៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​[​កូរ៉េខាងត្បូង​] យើង​រំពឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ នឹង​អាច​កើន​ដល់​២០​ទៅ​២៥​ភាគរយ ទៅតាម​រយៈពេល​ដើមឆ្នាំ​របស់​វា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ា​ង ថៃ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​បន្ថែមថា  ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​អាច​កើនឡើង​លើសពីនេះ លុះត្រាតែ​ភាគី​ទាំងសងខាង ខិតខំ​អនុវត្ត​លើ​អ្វីដែល​បាន​ព្រម​ពៀង​គ្នា​។ 
 
​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ បានបញ្ចប់​ការចរចា​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(CKFTA) នា​ព្រឹក​ថ្ងៃទី​៣​កុម្ភៈ ដែល​ដឹកនាំ​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជាមួយ​លោកស្រី YOO Myung-hee រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​សាធារណរដ្ឋ​កូរ៉េ​។ ប្រទេស​ទាំងពីរ គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ នៅ​កណ្តាល​ឆ្នាំ​២០២១​។​
 
​តាមរយៈ​កិច្ច​ព្រម​ពៀង​CKFTA​នេះ នឹង​លើកកម្ពស់​ការនាំចេញរ​បស់​កម្ពុជា​ទៅ​កូរ៉េ​បន្ថែមទៀត លើ​មុខទំនិញ​ដែល​ធ្លាប់​នាំចេញ​កន្លងមក​។ ក្នុងនោះ​រួមមាន​៖ សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍​អេឡិចត្រូនិក កៅស៊ូ ជាពិសេស​គឺ​ផលិតផល​កសិកម្ម​។ ចំណែក​ប្រទេស​កូរ៉េ អាច​បង្កើន​លទ្ធភាព នាំចូល​យានយន្ត គ្រឿ​អេ​ឡិច​ត្រូ​និ​ច សម្ភារៈ​អគ្គិសនី ភេសជ្ជៈ ឱសថ និង​ផលិត​ប្លា​ស្ទិ​ក មក​កម្ពុជា ផងដែរ​។ 
​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ  បានបញ្ជាក់​ដូច្នេះ​៖«​ទំនិញ​ដែល​គេ​នាំមក​យើង ហើយ​ទំនិញ​ដែល​យើង​នាំទៅ​គេ គឺមាន​លក្ខណៈ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ហើយ​យើង​នឹង​ខិតខំ​ជំរុញ​ការនាំចេញ​ទំនិញ​ដែល​កែច្នៃ​ពី​ផលិតផល​កសិកម្ម​»​។ 
 
​កាលពី​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​សម្រេច​បានជា​ង​៨៨៥​លាន​ដុល្លារ​អាមេរិក ពោលគឺ​មានការ​ថយចុះ​ជិត ១៨​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩ មាន​ទំហំ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​លោក ស៊ា​ង ថៃ ៕ 
 

Tag:
 FTA
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com